តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិ និងស្ថាប័នអាមេរិកាំង
នៅថ្ងៃទី ២០ ខែមករា លោក Joseph Robinette Biden Jr. នឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិក។ នៅពេលចូលកាន់តំណែងហើយ លោកនឹងមានអាយុ ៧៨ឆ្នាំ និង៦១ថ្ងៃ ហើយជាប្រធានាធិបតីចាស់ជាងគេបំផុតមកទល់នឹងពេលបច្ចុប្បន្ន។ អនុប្រធានាធិបតីរបស់លោកគឺអតីតសមាជិកព្រឹទ្ធសភា អ្នកស្រី Kamala Harris នឹងក្លាយជាស្ត្រីដំបូង និងជនជាតិអាមេរិកាំងដើមកំណើតអាហ្រិ្វកនិងអាស៊ីខាងត្បូងដំបូង ដែលកាន់តំណែងអនុប្រធានាធិបតី។
ការពិត ពិធីសច្ចាប្រណិធានចូលកាន់តំណែងរបស់ប្រធានាធិបតីទី៤៦ នឹងមិនមានសភាពធម្មតាទេ។ តាមទំនៀមទម្លាប់ដែលបានកំណត់ ប្រធានាធិបតីជាប់ឆ្នោតលោក Biden និងអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Harris នឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែងរបស់ពួកគេនៅផ្នែកខាងលិចនៃវិមានសភាសហរដ្ឋអាមេរិក ដែលបែរទៅទីធ្លាដែលមានស្មៅដ៏ធំល្វឹងល្វើយនៃសួនឧទ្យានជាតិ (National Mall)។ ដូចដែលបានកើតឡើងតាំងពីឆ្នាំ១៩៨១ កន្លែងអង្គុយសម្រាប់ភ្ញៀវកិត្តិយសនិងសមាជិកសភា នឹងត្រូវរៀបចំឡើងនៅលើជណ្តើរនិងផ្ទៃរាបស្មើនៅទីនោះ។ ប៉ុន្តែកាលមុន សំបុត្រចូលរួមក្នុងពិធី ២០០.០០០ សន្លឹក ឬច្រើនជាងនេះ ត្រូវបានគេផ្តល់ទៅឱ្យសមាជិកព្រឹទ្ធសភានិងរដ្ឋសភា ដើម្បីចែកចាយឲ្យទៅពលរដ្ឋដែលពួកគេតំណាង។ ក៏ប៉ុន្តែនៅឆ្នំានេះ ដោយសារតែការរឹតត្បិតនៃជំងឺកូវីដ១៩ សមាជិកសភាម្នាក់ៗនឹងទទួលបានតែសំបុត្រអញ្ជើញបន្ថែមតែមួយសន្លឹកប៉ុណ្ណោះ។ មិនមានមនុស្សលើសពី ៣.០០០នាក់ទេ ដែលនឹងត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់បរិវេណវិមានសភា។
កាលពីអតីតកាល ប្រជាជនអាចដល់ទៅ ១,៨លាននាក់ បានមកមើលនិងអបអរសាទរពិធីទទួលស្គាល់ថ្នាក់ដឹកនាំថ្មីនៅលើទីធ្លាឧទ្យានជាតិ។ ប៉ុន្តែឆ្នាំនេះ ពួកគេមិនអាចធ្វើដូច្នេះបានទេ។ នៅពេលដែលពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងចប់ ពិធីអបអរសាទរ ៨០ភាគរយទៀត នឹងត្រូវបានចាក់ផ្សាយបន្តផ្ទាល់តាមទូរទស្សន៍និងអ៊ីនធឺណិត ហើយមិនមានការចូលរួមដោយផ្ទាល់ពីសំណាក់ហ្វូងមនុស្សទូទៅចំនួនជាងមួយលាននាក់នោះទេ។ កម្មវិធីអបអរទាំងនោះរួមបញ្ចូលការដើរក្បួនដង្ហែចូលកាន់តំណែង និងពិធីត្រួតពល ដែលជាប្រពៃណីតំណាងឱ្យការផ្ទេរអំណាចដោយសន្តិវិធី ដែលក្នុងនោះប្រធានាធិបតីថ្មីទៅត្រួតពិនិត្យយោធាឯកសណ្ឋានមួយក្រុម។ នេះគឺជាការបំពេញកាតព្វកិច្ចចម្បងរបស់ប្រធានាធិបតី ដើម្បីការពារប្រជាជនសហរដ្ឋអាមេរិកឱ្យមានសុវត្ថិភាព ឲ្យរួចផុតពីការគំរាមកំហែងក្រៅស្រុក ឧក្រិដ្ឋជនក្នុងស្រុក ឬជំងឺរាតត្បាតកូវីដ១៩។
ក្នុងការធ្វើសច្ចាប្រណិធាននេះ លោកប្រធានាធិបតីបញ្ជាក់ពីភាពស្មោះត្រង់របស់លោកចំពោះរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ ទោះជាលោកមានអារម្មណ៍ផ្ទាល់ខ្លួន ភាពស្មោះត្រង់ចំពោះគណបក្ស ឬជំនឿសាសនា បែបណាក៏ដោយ ក៏លោក ឬ អ្នកស្រី ត្រូវតែគោរពតាមបទប្បញ្ញត្តិនៃច្បាប់មូលដ្ឋានទាំងនេះ។ នៅពេលធ្វើសច្ចាប្រណិធានចូលកាន់តំណែងហើយ លោកឬអ្នកស្រីគឺប្រធានាធិបតីនៃជនជាតិអាមេរិកាំងនៅគ្រប់ទីកន្លែងទាំងអស់ មិនថាពួកគេបានបោះឆ្នោតឱ្យនរណា និងមិនថាពួកគេគាំទ្រគោលនយោបាយរបស់លោកឬអ្នកស្រីនោះទេ។ ចាប់ពីការចូលកាន់តំណែងទៅ លោកប្រធានាធិបតីគោរពបាវចនាជាតិគឺ «E Pluribus Unum» ដែលមានន័យថា «ប្រទេសជាតិតែមួយ»៕