Accessibility links

Breaking News

បទវិចារណកថា៖ បុណ្យ​ណូអែល​ឆ្នាំ​២០២០


រូបឯកសារ៖ ដើមណូអែល​នៅ​មជ្ឈមណ្ឌល Rockefeller ក្នុង​សង្កាត់ Manhattan នៅ​ទីក្រុងញូវយ៉ក។
រូបឯកសារ៖ ដើមណូអែល​នៅ​មជ្ឈមណ្ឌល Rockefeller ក្នុង​សង្កាត់ Manhattan នៅ​ទីក្រុងញូវយ៉ក។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ និង​ស្ថាប័ន​អាមេរិកាំង

ថ្ងៃ​ទី​២៥ ខែ​ធ្នូ ជា​ថ្ងៃ​ពិសិដ្ឋ​បំផុត​មួយ​នៃ​គ្រិស្តសាសនា។ ទិវា​នេះ ជា​ការ​រំឭក​ដល់​កំណើត​កាលពី​ប្រមាណ ​២០០០ ​ឆ្នាំ​មុន​នៃ​ព្រះយេស៊ូ គ្រិស្ត ដែល​ព្រះ​អង្គ​ត្រូវ​បាន​គ្រិស្តសាសនិក​នានា​ គោរព​បូជា​ថា​ជា​ តំណាង​ជា​មនុស្ស​នៃ​ព្រះ​ជាម្ចាស់ ព្រះ​សង្គ្រោះ និង​ព្រះ​ពន្លឺ​នៃ​ពិភពលោក។ ឪពុក​ម្តាយ​របស់​ព្រះអង្គ គឺ Mary និង Joseph ជា​ជន​ក្រីក្រ ហើយ​រឿង​ប្រពៃណី​បាន​និទាន​ថា ព្រះ​យេស៊ូ​បាន​ប្រសូត្រ​នៅ​ឯ​ក្រោល​សត្វ​ដ៏​ត្រជាក់​មួយ ក្នុង​យប់​មួយ​នៃ​រដូវ​រងារ។

តាំង​ពី​បូរាណ​យូរ​អង្វែង​មក​ហើយ មនុស្ស​ម្នា​ដែល​រស់​នៅ​តំបន់​អឌ្ឍគោល​ខាង​ជើង តែង​បាន​អបអរ​បាតុភូតសុលស្ទីស​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺថ្ងៃ​កាន់​តែខ្លី ត្រូវ​ជំនួស​វិញ​ដោយ​ទិវា​ដែល​កាន់​តែ​វែង​វិញ ដែល​តំណាង​ឱ្យដំណើរការ​កកើត​ជា​ថ្មី​នៃ​ធម្មជាតិ។ មនុស្ស​នៅ​បុរាណកាល​ជុំវិញ​ពិភពលោក បាន​ស្វាគមន៍​ការ​បញ្ចប់​ទៅ​នៃ​ឆ្នាំ​ចាស់ និង​ការ​លេច​ឡើង​ជា​ថ្មី​នៃ​ព្រះអាទិត្យ ដោយ​ប្រារព្ធ​ពិធី​និង​ទំនៀមទម្លាប់​ដ៏​ល្អិតល្អន់។ ទំនៀមទម្លាប់​ខ្លះ នៅ​មាន​បង្កប់​ក្នុង​ពិធីបុណ្យ​សព្វ​ថ្ងៃ រួម​ទាំង​ប្រពៃណី​ដែល​ផ្តោត​ទៅ​លើ​ពន្លឺ។

ការ​អបអរ​ថ្ងៃ​ប្រសូត្រ​របស់​ព្រះ​យេស៊ូ​នៅ​ជិត​ពេល​បាតុភូត​សុលស្ទីស​នេះ ជា​ការ​ចូលរួម​ជាមួយ​ប្រពៃណី​បូរាណ​ទាំង​នេះ​ដែល​ធ្វើ​នៅ​ពាក់កណ្តាល​រដូវ​រងារ ហើយ​ដែល​នៅ​តែ​ត្រូវ​បាន​គេ​ប្រារព្ធ​តាម​សហគមន៍​នានា​ជុំវិញ​ពិភពលោក។​

នៅ​ប្រមាណ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ជនជាតិ​ចិន និង​ជនជាតិ​នៅ​អាស៊ី​បូព៌ា​មួយ​ចំនួន​ទៀត​ប្រារព្ធ​ពិធី តុងជឺ (Dōngzhì) ដែល​ជា​ពេលវេលា​មួយ​សម្រាប់​ក្រុមគ្រួសារ​ជួបជុំ​គ្នា និង​ចងចាំ​ឆ្នាំ​ដែល​ទើប​បាន​កន្លង​ផុត​ទៅ ក៏​ដូច​ជា​អបអរ​ការមក​ដល់​នៃ​រដូវ​រងារ និង​ការ​ត្រឡប់​វិញ​នៃ​ពន្លឺ​ថ្ងៃ។ ពិធី​បុណ្យ​បុរាណ Yalda ជា​ពិធី​បុណ្យ​អបអរ​សុលស្ទីស​រដូវ​រងារ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ខណៈ​ដែល​ជនជាតិ​ជប៉ុនប្រារព្ធ​ពិធី Toji ដែល​ជា​ប្រពៃណី​មួយ​ផ្តោត​លើ​ការចាប់​ផ្តើមឆ្នាំ​ថ្មី​ដោយ​សុខភាព​ល្អ និង​សំណាង​ល្អ។

ពិធី​បុណ្យ​ទាំង​នេះ​ខុសៗ​គ្នា ប៉ុន្តែ​នៅ​គ្រប់​ទី​កន្លែង ស្មារតី​នៃ​ភាព​រីករាយ​និង​សុទិដ្ឋិនិយមមាន​ជា​ចម្បង។

សម្រាប់​គ្រិស្តសាសនិក អ្វី​ដែល​ត្រូវ​បាន​បន្ទរ​អស់​រាប់​សតវត្សរ៍មក​ហើយ​នោះ គឺ​ការ​ប្រកាស​ដោយ​ទេវតា ក្នុង​ថ្ងៃ​ណូអែល​ទី​១​នោះ អំពី​ការ​ប្រសូត្រ​និង​ក្តី​សង្ឃឹម​ដែល​មក​ជាមួយ គឺ «សន្តិភាព​លើ​ភព​ផែនដី សុឆន្ទៈ​ចំពោះ​មនុស្ស»។

លោក​ប្រធានាធិបតី​ Donald Trump បាន​ថ្លែង​ថា៖ «ជា​រៀងរាល់​ឆ្នាំ​នៅ​រដូវ​បុណ្យ​ណូអែល យើង​បាន​ដឹង​ថា ស្មារតី​ពិតប្រាកដ​នៃ​បុណ្យ​ណូអែល​មិន​មែន​អ្វី​ដែល​យើង​មាន​នោះទេ ប៉ុន្តែ​អំពី​យើង​ម្នាក់ៗ ដែល​យើង​ម្នាក់ៗ​ជា​បុត្រាបុត្រី​នៃ​ព្រះ​ជា​ម្ចាស់។ នេះ​ជា​ប្រភព​ពិត​ប្រាកដ​នៃ​សេចក្តី​រីករាយ​នៅអំឡុង​ពេលចុង​ឆ្នាំ​នេះ។ នេះ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​រាល់​បុណ្យ​ណូអែល​មាន​ភាព​សំបូរ​សប្បាយ»។

លោក​ប្រធានាធិបតីបន្ត​ថា៖ «យើង​បួងសួង​ឱ្យ​ប្រទេស​យើង​ជា​កន្លែង​ដែល​កុមារ​គ្រប់​រូប​មាន​គេហដ្ឋាន​មួយ​ដែល​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ មាន​សហគមន៍​មួយ​ដែល​សម្បូរ​ដោយ​ក្តី​សង្ឃឹម និង​មានប្រទេស​ជាតិ​មួយ​ដែល​សមប្រកប​ដោយ​ជំនឿ»៕

XS
SM
MD
LG