តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រទេសនីហ្សេប្រឈមនឹងបញ្ហាច្រើន មានរួមអំពើជ្រុលនិយមឃោរឃៅ និងវិបត្តិធាតុអាកាស។ រដ្ឋមន្ត្រីការបរទេសស.រ.អ.លោក Antony Blinken បានកត់សម្គាល់ថា «ក្នុងករណីនីមួយៗ ប្រទេសនីហ្សេបានផ្តល់អាទិភាពដល់បរិយាបន ការទាក់ទងក្នុងសហគមន៍ ដំណោះស្រាយជាក់ស្តែង»។ នៅក្នុងឱកាសដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់លោក លោកបានបន្ថែមថា៖
«ស.រ.អ.ប្តេជ្ញាដល់ភាពដៃគូជិតស្និទ្ធដែលយើងបានពង្រឹងជាមួយគ្នាហើយធ្វើឱ្យភាពដៃគូនេះរឹតតែជិតស្និទ្ធថែមទៀត»។
លោករដ្ឋមន្ត្រី Blinken បានប្រកាសអំពីជំនួយមនុស្សធម៌ថ្មីជិត១៥០លានដុល្លារដើម្បីជួយបំពេញសេចក្តីត្រូវការក្នុងតំបន់ខាងលិចនិងផ្នែកកណ្តាលនៃទ្វីបអាហ្វ្រិកនិងតំបន់ Sahel (សាហែល) ដែលមានឡើងដោយសារអស្ថិរភាពក្នុងតំបន់។
លោក Blinken បានមានប្រសាសន៍ថា៖ «ជំនួយនេះនឹងគាំទ្រដល់ការផ្តល់ទីជម្រក ការថែទាំសុខភាពចាំបាច់ ការផ្តល់ស្បៀងអាហារគ្រាមានអាសន្ន ការផ្តល់ទឹកមានសុវត្ថិភាពសម្រាប់បរិភោគ សេវាអនាម័យ និងគាំទ្រដែរដល់ក្រុមជនភៀសខ្លួននិងក្រុមជនស្វះស្វែងរកការជ្រកកោនដែលអាចរងគ្រោះដោយងាយនៅក្នុងប្រទេសនីហ្សេ»។
ស.រ.អ.ក៏គាំទ្រដែរដល់ការវិនិយោគក្នុងផ្នែកសន្តិសុខរយៈពេលយូរនៃប្រទេសនីហ្សេ ដែលមានរួមការជួយធ្វើឱ្យការពង្រឹងច្បាប់របស់ប្រទេសនីហ្សេមានប្រសិទ្ធភាពជាងមុនក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការពង្រឹងសន្តិសុខព្រំដែន ការពង្រឹងសមត្ថភាពប្រឆាំងនឹងគ្រឿងញៀន ការបង្ក្រាបការជួញដូរគ្រឿងញៀននិងភាពជ្រុលនិយមហិង្សា។
លោករដ្ឋមន្ត្រី Blinken ក៏បានពិភាក្សាដែរអំពីវិធីដោះស្រាយវិបត្តិស្បៀងអាហារសាកល។
លោកបាននិយាយថា៖
«យើងបានគាំទ្រដល់អន្តរាគមន៍ជាបន្ទាន់ដើម្បីជួយក្រុមជនដែលប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។ តាំងពីមានការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែនមក យើងបានផ្តល់ជំនួយបន្ថែមចំនួន ១៣,៥ ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀងនៅទូទាំងពិភពលោក តែភាគច្រើននៃជំនួយនេះបានទៅដល់ទ្វីបអាហ្វ្រិក។ រហូតមកដល់ពេលនេះ យើងជាប្រទេសផ្តល់ជំនួយច្រើនជាងគេដល់កម្មវិធីស្បៀងអាហារពិភពលោកនិងយន្តការអន្តរជាតិឯទៀតៗដែលបានជួយដោះស្រាយបញ្ហាអសន្តិសុខស្បៀង»។
លោករដ្ឋមន្ត្រី Blinken បានថ្លែងថា ស.រ.អ. ក៏គាំទ្រដែរដល់ការផ្តើមគំនិតដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីសមុទ្រខ្មៅ Black Sea Grain Initiative ដែលដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅកាន់ប្រទេសនានានៅទូទាំងអាហ្វ្រិក។ លោកបានពោលថា៖
«ស្រូវសាឡីជាង៤លានតោនត្រូវបានដឹកជញ្ជូនដោយផ្ទាល់ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ដែលជាលទ្ធផលនៃការផ្តើមគំនិតនេះ។ ចំនួននេះស្មើនឹងនំប៉័ង៨ពាន់លានដើម។ ដូច្នេះ មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ហើយជាពិសេសនៅក្នុងទ្វីបអាហ្វ្រិក ពឹងពាក់លើការផ្តើមគំនិតនេះដើម្បីជួយដោះស្រាយបញ្ហាអសន្តិសុខស្បៀង។ ជាចាំបាច់ដែលការផ្តើមគំនិតនេះត្រូវមានតទៅទៀត ហើយជាការចាំបាច់ដែលរុស្ស៊ីត្រូវអនុញ្ញាតឱ្យការផ្តើមគំនិតមានធ្វើតទៅទៀតដែរ»។
ហួសពីជំនួយគ្រាមានអាសន្ន ស.រ.អ.ក៏បណ្តាក់ទុនក្នុងរយៈពេលយូរក្នុងការផលិតស្បៀងអាហារនៅអាហ្វ្រិកនិងធ្វើឱ្យការផលិតនេះមានភាពធន់ផងដែរ ពីព្រោះគោលដៅខ្ពស់បំផុត គឺធ្វើឱ្យក្រុមប្រទេសនៅអាហ្វ្រិកអាចផលិតស្បៀងដោយខ្លួនឯងបាន។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា មានវិធីច្រើនទៀតដែលយើងអាចធ្វើការជាមួយគ្នាបានដើម្បីពង្រឹងភាពដៃគូនេះ។ លោកបាននិយាយថា «ប្រទេសនីហ្សេជាគំរូពិតប្រាកដមួយនៅពេលមានឧបសគ្គធំៗ គឺជាគំរូមួយនៃភាពធន់ គំរូមួយនៃលទ្ធិប្រជាធិបតេយ្យ គំរូមួយនៃកិច្ចសហប្រតិបត្តិការ»៕