Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​បំពេញ​តាម​តម្រូវការ​ស្បៀង​អាហារ​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច


រូបឯកសារ៖ ជនភៀសខ្លួន​អង្គុយ​នៅ​មាត់ទ្វារ​ផ្ទះ​របស់​ពួកគេ​នៅឯ​ជំរំ​ជនភៀស​ខ្លួន Minawao នៅ​ភាគខាងជើង​ប្រទេស​កាមេរូន។
រូបឯកសារ៖ ជនភៀសខ្លួន​អង្គុយ​នៅ​មាត់ទ្វារ​ផ្ទះ​របស់​ពួកគេ​នៅឯ​ជំរំ​ជនភៀស​ខ្លួន Minawao នៅ​ភាគខាងជើង​ប្រទេស​កាមេរូន។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) នឹង​ផ្ដល់​ជំនួយ​មនុស្សធម៌​ជាង ៣១១ លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ចំនួន ៣ លាន ៨ សែន​នាក់​ដែល​ខ្វះខាត​ស្បៀង​អាហារ​នៅ​ក្នុង​តំបន់​សាហែល (Sahel) និង​តំបន់ Lake Chad Basin នៅ​ទ្វីប​អាហ្វ្រិក។

ការ​រួម​ចំណែក​របស់​ទីភ្នាក់ងារ USAID នៅ​ពេល​នេះ​មាន​ដូចជា​អង្ករ ធញ្ញជាតិ ប្រេង​បន្លែ និង​អាហារ​ដែល​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ បន្ថែម​ពី​លើ​បណ្ណ​ម្ហូប​អាហារ​និង​សាច់ប្រាក់​សម្រាប់​ការ​ទិញ​ម្ហូប​អាហារ​នានា​នៅ​តាម​ផ្សារ​ក្នុង​ស្រុក។

ថវិកា​នេះ​ក៏​ផ្ដល់​ផង​ដែរ​នូវ​ការ​គាំទ្រ​ផ្នែក​ផ្លូវ​ចិត្ត​សម្រាប់​សហគមន៍​នានា​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​សង្គ្រាម ក៏​ដូចជា​ផ្ដល់​ជម្រក​គ្រា​អាសន្ន ទឹក​បរិភោគ និង​ជំនួយ​ផ្នែក​អនាម័យ។

ការ​ផ្ដល់​ជំនួយ​បន្ថែម​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដ៏​សំខាន់​មួយ ស្របពេល​ដែល​សហរដ្ឋ​អាមេរិក​ប៉ាន់​ប្រមាណ​ថា មនុស្ស​ជាង ៣៥ លាន​នាក់​នឹង​ប្រឈម​នឹង​កង្វះ​ស្បៀង​អាហារ​នៅ​ក្នុង​អំឡុង​ពេល​រដូវ​ខ្វះខាត​ខាង​មុខ​ដែល​នឹង​ចូល​មក​ដល់​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច។ រដូវ​ខ្វះខាត​នេះ​គឺជា​ដំណាក់កាល​នៅ​ចន្លោះ​រដូវ​ដាំដុះ​និង​រដូវ​ច្រូតកាត់​ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​សីហា នៅ​ពេល​ដែល​ជា​ទូទៅ​សហគមន៍​កសិកម្ម​នានា​អស់​ស្បៀង​អាហារ។

នៅ​ក្នុង​តំបន់​សាហែល ស្ថានការណ៍​គឺ​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ឡើង​ដោយសារតែ​ការ​ប្រមូល​ផល​បាន​តិចតួច និង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ដែល​នៅ​បន្ត​ធ្វើ​ឱ្យ​ហិនហោច​ដល់​ស្ដុក​ស្បៀង​អាហារ​និង​ធនធាន​ផ្សេងៗ​របស់​គ្រួសារ​នីមួយៗ។ ករណី​នេះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាង ២០ លាន​នាក់​ត្រូវការ​ជំនួយ​ស្បៀង​អាហារ។

តំបន់ Lake Chad Basin គឺ​ជា​តំបន់​មួយ​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច​ដែល​គ្រប​ដណ្ដប់​ប្រទេស​កាមេរូន ឆាដ នីហ្សេ និង​នីហ្សេរីយ៉ា។ នៅ​ក្នុង​រយៈពេល ១២ ឆ្នាំ​ចុងក្រោយ​នេះ អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ភេរវកម្ម​ឥស្លាម​បូកូហារ៉ាំ (Boko Haram) និង​ក្រុម​ភេរវកម្ម​អាយស៊ីស​អាហ្វ្រិក​ខាង​លិច (ISIS-West Africa) បាន​ធ្វើ​ឱ្យ​មនុស្ស ១១ លាន ១ សែន​នាក់​ត្រូវការ​ជំនួយ​មនុស្សធម៌​ខ្លាំងក្លា​បំផុត។ មនុស្ស​ជិត ៣ លាន​នាក់​បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន ហើយ​កង្វះ​ទីជម្រក​គ្រប់គ្រាន់ កង្វះ​ទឹក​ស្អាត និង​កង្វះ​អនាម័យ​ជា​មូលដ្ឋាន ក៏​ដូចជា​អសន្តិសុខ​ស្បៀង​អាហារ​ធ្ងន់ធ្ងរ​ផងដែរ​គឺ​មាន​នៅ​ទូទាំង​តំបន់ Lake Chad Basin។

សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​ជាង ៩៤៤ លាន​ដុល្លារ​ទៅ​ឱ្យ​តំបន់ Lake Chad Basin និង​តំបន់​សាហែល​តាំង​ពី​ខែ​តុលា ឆ្នាំ ២០២០ មក។

ដើម្បី​បង្ហាញ​អំពី​ការ​តាំងចិត្ត​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden នៅ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​និង​ការ​ចូលរួម​ជាមួយ​នឹង​ទ្វីប​អាហ្វ្រិក ទីភ្នាក់ងារ USAID បាន​ចូលរួម​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សម្ព័ន្ធភាព​សាហែល (Sahel Alliance) ជា​លើក​ដំបូង​បង្អស់​ក្នុង​នាម​ជា​សមាជិក​ពេញ​សិទ្ធិ។

ឋានៈ​ជា​សមាជិក​ពេញ​សិទ្ធិ​នេះ​នឹង​ផ្ដល់​ឱកាស​ថ្មី​ដល់​ទីភ្នាក់ងារ USAID នៅ​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​នឹង​ម្ចាស់​ជំនួយ វិស័យ​ឯកជន និង​រដ្ឋាភិបាល​ម្ចាស់​ផ្ទះ ដើម្បី​ជួយ​ពង្រឹង​កិច្ច​ប្រឹងប្រែង​អភិវឌ្ឍន៍​និង​កិច្ច​ប្រឹងប្រែង​កែ​ទម្រង់​នៅ​ក្នុង​តំបន់​សាហែល។

សហរដ្ឋ​អាមេរិក​នឹង​បន្ត​ស្វែងរក​មធ្យោបាយ​នានា​ដើម្បី​ដោះស្រាយ​តម្រូវការ​កើនឡើង​ផ្នែក​មនុស្សធម៌​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច៕

XS
SM
MD
LG