តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
វិធានការសំខាន់មួយក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសអ៊ុយក្រែន និងកន្លែងឯទៀតៗ គឺកម្ចាត់អំពើពុករលួយ។ លោកស្រី Samantha Power ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ USAID បានព្រមាននៅក្នុងសុន្ទរកថាមួយកាលពីពេលថ្មីៗនេះ នៅក្នុងសន្និសិទ Democracy in Action: Zero Corruption Conference ថា «ពួកតួអង្គអាក្រក់ដូចជាប្រទេសរុស្ស៊ី និងប្រទេសចិនជាដើម យកពួកអប្បជនមានអំណាចខ្លាំងជាសម្ព័ន្ធមិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងពួកអ្នកកែទម្រង់ដើម្បីកែបំភ្លៃច្បាប់ និងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យររលួយពីខាងក្នុង»។ សមិទ្ធិផលល្អៗដែលត្រូវធ្វើឱ្យមានកាលពីបី បួនឆ្នាំកន្លងទៅនេះ កំពុងមានការគំរាមកំហែង។ ការបណ្តាក់ទុនសាធារណៈព្រមទាំងការចូលរួមជ្រៅក្នុងទីផ្សារនិងប្រព័ន្ធអឺរ៉ុប ក៏កំពុងត្រូវធ្វើឱ្យចុះខ្សោយដែរ។
កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Biden បានចេញអនុស្សរណៈប្រធានាធិបតីមួយបញ្ជាក់ថា អំពើពុករលួយជាអាទិភាពខាងសន្តិសុខជាតិចម្បងមួយ។ អនុស្សរណៈនេះទទួលស្គាល់ថា អំពើពុករលួយធ្វើឱ្យសង្គមគាំងដំណើរ លួចប្រាក់កាសរបស់ពលរដ្ឋដែលបង់ពន្ធដារ ធ្វើឲ្យបាត់បង់ការទុកចិត្តលើស្ថាប័នគ្រប់គ្រងប្រទេស និងធ្វើឱ្យអន់ថយដល់វិនិយោគច្រើនទសវត្សរ៍មកហើយរបស់ពិភពលោកដើម្បីធ្វើឱ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរជាងមុន។
លោកស្រី Samantha Power បានមានប្រសាសន៍ថា «ព្រោះហេតុនេះហើយបានជាការប្រឆាំងនឹងអំពើពុករលួយជាគោលដៅស្នូលនៃកាងាររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ USAID ក្នុងប្រទេសអ៊ុយក្រែន»។ កម្មវិធីបច្ចុប្បន្នមានការប្រើវិស័យឌីជីថល (digital) ក្នុងសេវាសាធារណៈ ជំរុញកំណែទម្រង់ស្ថាប័ន ដាក់ប្រភពធនធានរដ្ឋាភិបាលក្នុងដៃមន្ត្រីមូលដ្ឋានដែលយល់ដឹងច្បាស់លាស់អំពីការគ្រប់គ្រងធនធាននេះឱ្យមានភាពស្មើគ្នា ឬគាំទ្រសង្គមស៊ីវិល និងអង្គការអ្នកកែទម្រង់បណ្តាញផ្សាយព័ត៌មានដូចជាមជ្ឈមណ្ឌលសកម្មភាពប្រឆាំងអំពើពុករលួយជាដើម។
ទៅថ្ងៃអនាគតទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ USAID នឹងបង្កើតក្រុមការងារពិសេសមួយខាងការប្រឆាំងនឹងអំពើពុករលួយដើម្បីបង្កើន ពង្រឹង និងរួមបញ្ចូលការងារប្រឆាំងអំពើពុករលួយនៅក្នុងទីភ្នាក់ងារនេះទាំងមូល ដោយទាញយកចំណះដឹងរបស់ពួកអ្នកជំនាញក្នុង និងក្រៅប្រទេសដើម្បីប្រឆាំងនឹងអំពើពុករលួយក្នុងប្រទេសអ៊ុយក្រែន និងប្រទេសផ្សេងទៀត។
ក្រុមការងារពិសេសមួយខាងការប្រឆាំងនឹងអំពើពុករលួយនេះ នឹងពិនិត្យសើរើកម្មវិធីបច្ចុប្បន្នរបស់ USAID ដើម្បីឱ្យដឹងថា តើជំនួយបរទេសអាចត្រូវប្រើបែបណាដើម្បីកាត់បន្ថយនិងបញ្ចៀសកុំឱ្យមានអំពើពុករលួយ។ ក្រុមការងារពិសេសនេះ ក៏នឹងធ្វើឱ្យមានរបៀបដោះស្រាយប្រឆាំងនឹងអំពើពុករលួយក្នុងផ្នែកចាត់ចែងកម្មវិធីនិងបង្កើតឱ្យមានយន្តការឆ្លើយតបរហ័សមួយដើម្បីក្តាប់ឱកាសសម្រាប់ការធ្វើកំណែទម្រង់ប្រជាធិបតេយ្យ និងការប្រឆាំងនឹងអំពើពុករលួយ។
ថវិកាចាយវាយថ្មីរបស់លោកប្រធានាធិបតី Buden បានកំណត់ប្រាក់៥០លានដុល្លារសម្រាប់កិច្ចប្រឹងប្រែងឆ្លើយតបរហ័សនេះ។ សហរដ្ឋអាមេរិក នឹងពង្រីកការប្តេជ្ញាទាំងនេះ និងលើកទឹកចិត្តប្រទេសឯទៀតៗឱ្យធ្វើការប្តេជ្ញារបស់ពួកគេផ្ទាល់នៅក្នុងសន្និសិទកំពូលសម្រាប់លទ្ធិប្រជាធិបតេយ្យក្នុងពេលខាងមុខនេះនៅក្រោមអធិបតីភាពលោកប្រធានាធិបតី Biden ដែលនឹងស្វះស្វែងរកការប្តេជ្ញាដែលជំរុញលទ្ធិប្រជាធិបតេយ្យ ប្រយុទ្ធនឹងអំពើពុករលួយ និងការពារសិទ្ធិមនុស្ស។
លោកស្រី Samantha Power បានមានប្រសាសន៍ថា «ខ្ញុំចង់ឱ្យលោកអ្នកទាំងអស់នៅក្នុងវេទិកានេះដឹងថា សហរដ្ឋអាមេរិកឈរជាមួយអស់លោកអ្នកនៅពេលលោកអ្នកធ្វើការយ៉ាងក្លាហានដើម្បីកសាងពិភពលោកមួយដែលមានភាពទៀងត្រង់ យុត្តិធ៌មនិងលក្ខណៈប្រជាធិបតេយ្យច្រើនជាមុន»៕