Accessibility links

Breaking News

បទវិចារណកថា៖ ការរំលោភ​បន្ថែម​ទៀត​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន


រូបឯកសារ៖ យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​ហោះ​លើ​ស្ពាន​ដែល​តភ្ជាប់​ពី​ដីគោក​រុស្ស៊ី​ទៅនឹង​ឧបទ្វីប​ Crimea ក្រោយពី​នាវា​កងទ័ព​ជើងទឹក​អ៊ុយក្រែន​ចំនួន ៣ គ្រឿង​ត្រូវបាន​បញ្ឈប់​ដោយ​រុស្ស៊ី​មិនឲ្យ​ចូល​សមុទ្រ Azov តាម​ច្រក​សមុទ្រ Kerch ក្នុង​សមុទ្រ​ខ្មៅ​នៅ​តំបន់ Crimea។
រូបឯកសារ៖ យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​ហោះ​លើ​ស្ពាន​ដែល​តភ្ជាប់​ពី​ដីគោក​រុស្ស៊ី​ទៅនឹង​ឧបទ្វីប​ Crimea ក្រោយពី​នាវា​កងទ័ព​ជើងទឹក​អ៊ុយក្រែន​ចំនួន ៣ គ្រឿង​ត្រូវបាន​បញ្ឈប់​ដោយ​រុស្ស៊ី​មិនឲ្យ​ចូល​សមុទ្រ Azov តាម​ច្រក​សមុទ្រ Kerch ក្នុង​សមុទ្រ​ខ្មៅ​នៅ​តំបន់ Crimea។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រទេស​រុស្ស៊ី​ បាន​ប្រកាស​គម្រោង​នៅ​ក្នុង​ការ​រារាំង​នាវា​ទាហាន​ជើង​ទឹក​បរទេស​ និង​នាវា​រដ្ឋ​នៅ​ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​សមុទ្រ​ខ្មៅ​រយៈពេល ៦ ខែ ដោយសារតែ​ខ្លួន​ធ្វើ​សមយុទ្ធ​យោធា។ ផ្នែក​ទាំង​នោះ​ គឺ​នៅ​ជុំវិញ​តំបន់ Crimea និង​ជា​ផ្នែក​ដែល​រារាំង​ដល់​ការ​ធ្វើ​នាវាចរណ៍​កាត់​តាម​ច្រក​សមុទ្រ Kerch។

សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​ក្នុង​អង្គការ​អូតង់ (NATO) និង​នៅ​ក្នុង​សហភាព​អឺរ៉ុប​បាន​យល់ស្រប​ថា គម្រោង​របស់​រុស្ស៊ី​នេះ​ មាន​លក្ខណៈ​បង្ក​ហេតុ​និង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា សហរដ្ឋ​អាមេរិក​ចាត់ទុក​វិធានការ​របស់​រុស្ស៊ី​នេះ​ថា​មាន​លក្ខណៈ​គួរ​ឲ្យ «ព្រួយ​បារម្ភ​ខ្លាំង»។

លោក Price បាន​លើកឡើង​ដូច្នេះ​ថា៖ «ប្រទេស​រុស្ស៊ី​មាន​ប្រវត្តិ​ចាត់​វិធានការ​គឃ្លើន​ប្រឆាំង​នឹង​នាវា​អ៊ុយក្រែន​និង​មាន​ប្រវត្តិ​បង្អាក់​ដល់​ការ​ធ្វើ​ចរាចរណ៍​ចូល​កំពង់ផែ​នានា​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​សមុទ្រ Azov ដែល​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អ៊ុយក្រែន»។

អ្នក​នាំ​ពាក្យ​អង្គការ​អូតង់​អ្នកស្រី Oana Lungescu បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «យោធូបនីយកម្ម​ជា​បន្ត​របស់​ប្រទេស​រុស្ស៊ី​លើ​តំបន់ Crimea សមុទ្រ​ខ្មៅ និង​សមុទ្រ Azov គឺជា​ការ​គំរាមកំហែង​បន្ថែម​ទៀត​ដល់​ឯករាជ្យ​ភាព​របស់​ប្រទេស​អ៊ុយក្រែន និង​បំផ្លាញ​ដល់​ស្ថិរភាព​នៃ​តំបន់​ធំធេង​ជាង​នេះ។ យើង​អំពាវនាវ​ដល់​ប្រទេស​រុស្ស៊ី​ឲ្យ​ធានា​ឲ្យ​មាន​ការ​ចូល​ដោយ​សេរី​នៅ​ក្នុង​កំពង់ផែ​នានា​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​សមុទ្រ Azov និង​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍»។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា គម្រោង​របស់​រុស្ស៊ី​បាន​បង្ក​ឲ្យ​មាន «ការ​ព្រួយ​បារម្ភ​ខ្លាំង» និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​នាវាចរណ៍​ដោយ​សេរី​ស្រប​តាម​ច្បាប់​អន្តរជាតិ។

វិធានការ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ដាក់​កំហិត​ការ​ធ្វើ​នាវាចរណ៍​នៅ​តាម​ផ្នែក​មួយ​ចំនួន​នៃ​សមុទ្រ​ខ្មៅ​រហូត​ដល់​ខែ​តុលា​ខាង​មុខ​នេះ ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​រុស្ស៊ី​បាន​បង្កើន​ចំនួន​កងទ័ព​ជា​ច្រើន​នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយក្រែន​តាំងពី​ចាប់ផ្ដើម​ជម្លោះ​ជាមួយ​នឹង​អ៊ុយក្រែន​កាលពី​ឆ្នាំ ២០១៤ មក។

ជម្លោះ​នេះ ដែល​បាន​ចាប់ផ្ដើម​នៅ​ពេល​ដែល​រុស្ស៊ី​បាន​ដណ្ដើម​កាន់កាប់​តំបន់ Crimea និង​បាន​ឈ្លានពាន​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង ១៤.០០០ នាក់​ស្លាប់​បាត់បង់​ជីវិត។

ជម្លោះ​នេះ​នៅ​បន្ត នៅ​ពេល​ដែល​យោធា​អ៊ុយក្រែន​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​ប្រឆាំង​នឹង​កង​កម្លាំង​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី ដែល​បាន​លុកលុយ​នៅ​ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី​តាំងពី​ឆ្នាំ ២០១៤ មក។

លោក Price បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​បញ្ជាក់​ឡើង​វិញ​នូវ​ការ​គាំទ្រ​គ្មាន​ងាករេ​របស់​ខ្លួន​ចំពោះ​អធិបតេយ្យភាព​និង​បូរណភាព​ដែនដី​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​រង្វង់​ព្រំដែន​របស់​ខ្លួន​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ ដែល​លាត​សន្ធឹង​រហូត​ដល់​ដែន​ទឹក​របស់​ខ្លួន​ផងដែរ។ សហរដ្ឋ​អាមេរិក​មិន និង​មិន​ដែល​ទទួលស្គាល់​ការ​ភ្ជាប់​របស់​រុស្ស៊ី​យក​តំបន់ Crimea នោះ​ទេ»។

លោក Price បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​សរសើរ​ប្រទេស​អ៊ុយក្រែន​សម្រាប់​ការ​អត់ធ្មត់​ជា​បន្ត​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រឈម​ជាមួយ​នឹង​ការ​បង្ក​ហេតុ​របស់​រុស្ស៊ី និង​អំពាវនាវ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ការ​យាយី​លើ​នាវា​នានា​នៅ​ក្នុង​តំបន់ និង​ដក​ចេញ​នូវ​កង​កម្លាំង​របស់​ខ្លួន​ដែល​បាន​បង្កើន​កន្លង​មក​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន​និង​ក្នុង​តំបន់ Crimea»៕

XS
SM
MD
LG