Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប ឈរ​ជាមួយគ្នា​ប្រឆាំងនឹង​ការគំរាម​កំហែង​របស់​រុស្ស៊ី


រូបឯកសារ៖ លោក​ប្រធានាធិបតី Joe Biden ចូលរួម​ក្នុង​សន្និសីទ​​​សន្តិសុខ​ទីក្រុង Munich ដែល​ធ្វើឡើង​តាមអនឡាញ​ពី​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ លោក​ប្រធានាធិបតី Joe Biden ចូលរួម​ក្នុង​សន្និសីទ​​​សន្តិសុខ​ទីក្រុង Munich ដែល​ធ្វើឡើង​តាមអនឡាញ​ពី​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ចាប់​តាំង​ពី​សហភាព​សូវៀត​ បានបែក​ខ្ញែកក្នុង​ឆ្នាំ១៩៩១​មក សហរដ្ឋ​អាមេរិក​និង​ប្រទេស​រុស្ស៊ី បាន​ធ្វើការ​ជា​មួយ​គ្នាក្នុង​វិស័យមួយ​ចំនួន​ដូចជា​ការ​រុករកក្នុង​អវកាស និង​ការ​ត្រួតត្រាសព្វាវុធ​ជា​ដើម។ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ប្រទេស​ទាំង​ពីរ​បាន​ពន្យា​ពេល​៥​ឆ្នាំដល់​សន្ធិសញ្ញា START ថ្មី​ ដែលកម្រិត​ឲ្យអាចផ្ទៀង​ផ្ទាត់​បានលើអាវុធនុយក្លេអ៊ែរ​អន្តរទ្វីប​ទាំង​អស់​របស់​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី។ តែ​យ៉ាង​ណា​ក៏​ដោយ ក៏​ទំនាក់ទំនងធ្វើ​ការងារ​ជា​មួយ​រុស្ស៊ីមិនមែន​មាន​ន័យ​ថា ​សហរដ្ឋអាមេរិក​ ​ធ្វើ​ជា​មើល​មិន​ឃើញ​គ្រោះ​ថ្នាក់ ​ដែល​រុស្ស៊ី​ធ្វើឱ្យមាន​ដល់សហរដ្ឋ​អាមេរិក​ និង​ពួក​សម្ព័ន្ធមិត្ត​របស់​អាមេរិកាំង​នោះ​ទេ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​ក្រុង Munich ឆ្នាំ២០២១ តាម​វីដេអូ​កាលពី​ថ្ងៃទី១៩​ ខែ​កុម្ភៈ លោក​ប្រធានាធិបតី​ Biden បានមានប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​និង​អឺរ៉ុបត្រូវ​តែឈរ​ឡើង ហើយ​ទប់ទល់​នឹង​ការ​គំរាមកំហែងពី​ប្រទេស​រុស្ស៊ី។ លោកប្រធានាធិបតី​ Biden មាន​ប្រសាសន៍​ថា៖ «អាជ្ញាធរ​វិមានក្រឹមឡាំង វាយ​ប្រហារ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើងនិង​ប្រើប្រាស់អំពើពុក​រលួយ​ជា​អាវុធដើម្បីប្រឹងប្រែង​ធ្វើឱ្យអន្តរាយ​ដល់​ប្រព័ន្ធ​អភិបាល​កិច្ច​របស់​យើង។ ពួក​មេដឹកនាំ​រុស្ស៊ី ចង់​ឱ្យ​ប្រជារាស្ត្រ​យល់​ថា ​ប្រព័ន្ធ​របស់​យើងពុក​រលួយ​ជាង ឬ​ពុក​រលួយដូច​ប្រព័ន្ធរុស្ស៊ីដែរ។ ក៏​ប៉ុន្តែ​ពិភពលោក​ដោយ​មាន​រួម​បញ្ចូលទាំង​ជនជាតិ​រុស្ស៊ី គឺ​ពលរដ្ឋ​រុស្ស៊ីផ្ទាល់​តែ​ម្តង​ដឹង​ថា​ នេះ​មិនមែន​ជា​ការ​ពិត​ទេ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Biden បានមាន​ប្រសាសន៍​ថា ប្រធានាធិបតីរុស្ស៊ី លោក Putin «ស្វះ​ស្វែង​ធ្វើឱ្យ​ខ្សោយ​ដល់គម្រោងការណ៍​អឺរ៉ុបនិង​សម្ព័ន្ធភាព​អង្គការ​អូតង់​របស់​យើង»។ លោក Biden បាន​មាន​ប្រសាសន៍​ថា៖ «ព្រោះ​ហេតុ​នេះ​ហើយបានជាការ​ងើបឈរ​ដើម្បី​អធិបតេយ្យភាពនិងបូរណភាពដែនដី​នៃប្រទេសអ៊ុយក្រែន​ នៅតែជា​កង្វល់​ធំ​មួយសម្រាប់អឺរ៉ុបនិងសហរដ្ឋ​អាមេរិក។ ព្រោះ​ហេតុ​នេះ​ហើយបានជា​ការ​ដោះស្រាយការ​មិន​ប្រយ័ត្ន​ប្រយែង​និង​ការ​លួច​ចូល​ក្នុងប្រព័ន្ធកំព្យូទ័រ​ដោយ​រុស្ស៊ីនៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និង​នៅ​ទូទាំង​អឺរ៉ុបនិង​ពិភពលោក មាន​សារៈសំខាន់​ក្នុង​ការការពារ​សន្តិសុខរួមរបស់​យើង»។

លោក​ប្រធានាធិបតី​ Biden មាន​ប្រសាសន៍​ទៀត​ថា នេះមិនមែនជាការ​ធ្វើឱ្យពួក​ប្រទេស​លោក​ខាង​កើតឈ្លោះ​ជា​មួយពួក​បស្ចឹម​ប្រទេស​ទេ ​ហើយ​ក៏មិន​មែន​ជា​បំណង​មួយដើម្បី​បង្កើតជម្លោះឡើយ។ លោក​ប្រធានាធិបតី​ Biden បានមាន​ប្រសាសន៍​ថា៖

«យើងចង់​ឱ្យ​មានអនាគត​មួយ​ដែលប្រទេស​ជាតិ​ទាំង​អស់អាចសម្រច​ដោយ​សេរី​នូវ​មាគ៌ារបស់ផង​ខ្លួនផ្ទាល់​ដោយ​គ្មានការ​គំរាមកំហែង​នៃ​អំពើ​ហិង្សា ឬ​ការ​បង្ខិតបង្ខំ។ យើង​មិន​អាចនិងមិន​ត្រូវ​វិលត្រឡប់ទៅ​កាន់ការ​ប្រឆាំង​គ្នា និង​ប្លុក​មិន​អាច​បត់​បែន​បាន​នៃសម័យ​សង្ក្រាម​ត្រជាក់​ទេ។ ការប្រកួត​ប្រជែង​មិនត្រូវ​រារាំងកិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​នានាដែល​មាន​ផល​ប៉ះពាល់ដល់​យើង​ទាំង​អស់គ្នា​ទេ»។

លោក​ប្រធានាធិបតី​ Biden បានមានប្រសាសន៍​ទៀត​ថា៖ «យើង​ត្រូវ​តែ​ឈរដើម្បីគុណតម្លៃ​ប្រជាធិបតេយ្យ​ រុញ​ច្រាន​ថយក្រោយ​ប្រឆាំង​នឹងពួក​ជន​ទាំង​ឡាយ​ណា​ដែលមាន​ភាពផ្តាច់​មុខខាង​ការ​បង្ក្រាប​ និងធ្វើការ​បង្ក្រាបឱ្យ​ទៅ​ជា​ការ​ធម្មតា»៕

XS
SM
MD
LG