Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ថ្កោលទោស​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​រុស្ស៊ី​លើ​សិទ្ធិ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី


រូបឯកសារ៖ ប៉ូលិស ចាប់ឃុំខ្លួន​បុរស​ម្នាក់​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​ការដាក់​ពន្ធនាគារ​នៃ​មេដឹកនាំ​ប្រឆាំង​លោក Alexei Navalny នៅ​ក្រុង Khabarovsk នៅ​ភាគខាងកើត​នៃ​ទីក្រុង​មូស្គូ​នៃ​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ ប៉ូលិស ចាប់ឃុំខ្លួន​បុរស​ម្នាក់​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​ការដាក់​ពន្ធនាគារ​នៃ​មេដឹកនាំ​ប្រឆាំង​លោក Alexei Navalny នៅ​ក្រុង Khabarovsk នៅ​ភាគខាងកើត​នៃ​ទីក្រុង​មូស្គូ​នៃ​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។

តទៅ​នេះ​ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​

ពលរដ្ឋ​រុស្ស៊ីរាប់​ម៉ឺននាក់​ក្នុង​ទីក្រុង​ជាង​ ១២០ រាប់​តាំង​ពីក្រុង​ Saint Petersburg និង​ទីក្រុង​មូស្គូ​នៅ​ភាគ​ខាងលិចប្រទេស រហូត​ដល់​ក្រុង​ Irkutsk និង​ក្រុង Yuzhno-Sakhalinsk នៅ​ភាគ​ខាង​កើតប្រទេស បាន​ចេញ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី កាលពី​ថ្ងៃ​ទី២៣ ខែ​មករា ដើម្បី​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​លោក Alexei Navalny មេដឹកនាំ​ក្រុម​ប្រឆាំង​ និង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​លោក Navalny។

លោក Navalny ដែល​ជា​មេធាវី​និង​ជា​សកម្មជន​ប្រឆាំង​អំពើ​ពុក​រលួយ​រុស្ស៊ី​មួយ​រូប ត្រូវ​បាន​ចាប់​ឃុំឃាំង​កាលពី​ថ្ងៃទី១៧ ខែ​មករា នៅ​ឯ​អាកាសយានដ្ឋាន Sheremetevo នៅ​ពេល​លោក​បាន​ត្រឡប់មក​កាន់​ប្រទេស​រុស្ស៊ី​វិញ​ពី​ប្រទេស​អាល្លឺម៉ង់ ដែលនៅទីនោះ​លោក​បាន​ជា​សះស្បើយ​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​រូប​លោក​ដោយ​ការ​ប្រើ​សារធាតុ​ពល​បំផ្លាញ​សរសៃ​ប្រសាទ។​

ការ​ចាប់​ខ្លួន​នេះ​ ដែល​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​ក្នុង​ប្រទេសរុស្ស៊ី​ដោយ​អ្នក​កាសែត​ឯករាជ្យ បាន​បណ្តាល​ឱ្យ​មាន​បាតុកម្ម​ធំៗ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន ក្នុង​អំឡុង​ពេល​កាន់​តំណែង​របស់​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin។

អ្នក​ស្រី Rebecca Ross អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំក្រុងមូស្គូ​ បាន​បង្ហោះ​សារ​តាម​បណ្តាញ​ Twitter ថា៖ ​«សហរដ្ឋ​អាមេរិក​គាំទ្រ​សិទ្ធិ​របស់​មនុស្ស​គ្រប់​រូប​ ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​ និង​សេរីភាព​បញ្ចេញមតិ។ ចំណាត់ការ​របស់​អាជ្ញាធរ​រុស្ស៊ី ​កំពុង​តែ​គាប​សង្កត់​សិទ្ធិ​ពលរដ្ឋ​ទាំង​នោះ»។

ដំបូង​ឡើយ ប៉ូលិសរុស្ស៊ី​បាន​ឆ្លើយ​តប​នឹង​ក្រុម​បាតុករ​ដោយ​ភាព​ស្ងាត់​ស្ងៀម​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុម​បា​តុករកាន់​តែ​មាន​ចំនួន​ច្រើន​ជាង​មុន​ ហើយ​ពួកគេ​បាន​ប្រកែក​មិន​ព្រម​បំបែក​ការ​ប្រមូល​ផ្តុំ​គ្នា នោះ​ប៉ូលិស​កុបកម្មដែល​ប្រដាប់​ដោយអាវុធ​បាន​ចាប់​ផ្តើម​បង្ក្រាប​ក្រុមបាតុករ​ ដោយ​ទាញ​បាតុករ​ម្តង​ម្នាក់​ចេញ​ពី​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​ពួកគេ ដោយ​មិន​រើស​មុខ​ ហើយ​បាន​ចាប់​អូសទាញ​បាតុករ​ចេញ​ពី​កន្លែង​ធ្វើ​បាតុកម្ម។​ នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​ មនុស្ស​ជាង​ ៣ពាន់ ៧​រយ​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន។​

លោក Ned Price អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិក​ បាន​និយាយ​ថា៖ «កិច្ចខិតខំ​ប្រឹងប្រែង​នានា​ដើម្បី​បង្ក្រាប​សិទ្ធិ​ពលរដ្ឋ​រុស្ស៊ី​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី​និង​សេរីភាព​បញ្ចេញ​មតិ​ ការ​ចាប់​ខ្លួន​លោក​ Alexei Navalny មេដឹកនាំ​បក្ស​ប្រឆាំង​ និងការ​បង្ក្រាប​បាតុកម្ម​ដែល​កើត​ឡើង​ក្រោយ​ការ​ចាប់​ខ្លួន​លោក Navalny គឺជា​ការ​បង្ហាញ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​អំពី​ការ​រឹតត្បិត​បន្ថែម​ទៀត​លើ​សិទ្ធិ​ពលរដ្ឋ​និង​សេរីភាព​ជា​មូលដ្ឋាន»។

អ្នកនាំ​ពាក្យ Price បាន​បន្ត​ថា៖ «សិទ្ធិ​ពលរដ្ឋ​រុស្ស៊ី​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី​និង​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធ៌ម​ ត្រូវបាន​ចែង​មិនមែន​តែ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេសរុស្ស៊ី​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវបាន​ចែងផង​ដែរ​នៅ​ក្នុង​ការប្តេជ្ញា​របស់​រុស្ស៊ី​ដល់​អង្គការ OSCE តាមរយៈ​សេចក្តី​ប្រកា​សជា​សាកលស្តី​អំពី​សិទ្ធិមនុស្ស​និង​នៅ​ក្នុង​កាតព្វកិច្ច​របស់​រុស្ស៊ី តាម​រយៈ​កិច្ចព្រម​ព្រៀង​អន្តរជាតិ​ស្តី​អំពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ»។

លោក Price បាន​បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក​អំពាវនាវ​ដល់​អាជ្ញាធរ​រុស្ស៊ីឱ្យ​ដោះលែង​ក្រុម​បាតុករ​ដែល​ត្រូវ​បានចាប់​ខ្លួន​ ដោយសារតែ​ការ​ប្រើ​សិទ្ធិ​សកល​របស់​ពួក​គេ​ និង​ឱ្យ​ដោះលែង​លោក​ Alexei Navalny ​ជា​បន្ទាន់។​ យើង​ស្នើ​ឲ្យ​ប្រទេស​រុស្ស៊ី​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ពេញលេញ​ជាមួយ​ការ​ស៊ើប​អង្កេត​របស់​សហគមន៍​អន្តរជាតិ​អំពី​ការ​បំពុល​លោក Alexei Navalny និង​ផ្តល់​ការ​បកស្រាយ​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន អំពី​ការ​ប្រើ​អាវុធ​គីមី​ក្នុង​ដែន​ដី​ខ្លួន»។

លោក​ Price បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​ធ្វើការ​សហការ​ជាមួយ​ប្រទេស​ជា​សម្ព័ន្ធមិត្តនិង​ដៃ​គូ​របស់​យើង ដើម្បី​ការពារ​សិទ្ធិ​មនុស្ស ទាំង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​និង​ទាំង​នៅ​គ្រប់​ទីកន្លែង​ណា​ដែល​សិទ្ធិទាំង​នេះ​កំពុង​ស្ថិតនៅ​ក្រោម​ការ​គំរាម​កំហែង»៕

XS
SM
MD
LG