Accessibility links

Breaking News

បទ​វិចារណកថា៖ ការ​បំពុល​លោក Navalny ត្រូវតែ​ស៊ើបអង្កេត


រូបឯកសារ៖ លោក Navalny មេដឹកនាំបក្សប្រឆាំង ថ្លែងក្នុងការដើរហែក្បួនមួយដើម្បីទាមទាររដ្ឋាភិបាលរុស្ស៊ីឲ្យដោះលែងបាតុករដែលត្រូវបានឃុំខ្លួន នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
រូបឯកសារ៖ លោក Navalny មេដឹកនាំបក្សប្រឆាំង ថ្លែងក្នុងការដើរហែក្បួនមួយដើម្បីទាមទាររដ្ឋាភិបាលរុស្ស៊ីឲ្យដោះលែងបាតុករដែលត្រូវបានឃុំខ្លួន នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

តទៅនេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

វាជាដំណឹងល្អមួយដែលលោក Alexei Navalny មេដឹកនាំគណបក្សប្រឆាំងនៃប្រទេសរុស្ស៊ី បានដឹងខ្លួនឡើងវិញពីការដាក់ថ្នាំសណ្ដំរបស់ពេទ្យ ហើយអាចស្តាប់ឮសំឡេងបាន។ នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិតរបស់លោកនៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

ទោះជា​យ៉ាងណា​ក៏ដោយ សេចក្តី​ថ្លែងការណ៍​មួយ​ពី​មន្ទីរពេទ្យ Charite បាន​រំឮក​ថា «មិន​ទាន់​ដល់​ពេលវេលា​ដែល​អាច​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​យូរ​អង្វែង​ ដែល​អាច​កើត​មាន​ឡើង​ដោយសារ​ការណ៍​ដែល​ត្រូវ​គេ​បំពុល​ធ្ងន់ធ្ងរ​នេះ​ទេ» ។

លោក Navalny ត្រូវបាន​គេ​ដឹក​តាម​យន្តហោះ​ពី​ប្រទេស​រុស្ស៊ី​ទៅកាន់​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ បន្ទាប់​ពី​លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​ពេល​ជិះ​យន្តហោះ​ពី​តំបន់ Siberia ទៅកាន់​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃ​ទី ២០ ខែ​សីហា និង​ក្រោយពី​វេជ្ជបណ្ឌិត​រុស្ស៊ី​ធ្វើ​តាម​សំណើ​របស់​ក្រុម​គ្រួសារ​លោក ដោយ​អនុញ្ញាត​ឲ្យ​បញ្ជូន​លោក​ទៅកាន់​ប្រទេស​អាល្លឺម៉ង់។

វេជ្ជបណ្ឌិត​អាល្លឺម៉ង់​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​ បាន​សន្និដ្ឋាន​ថា លោក Navalny ដែល​ជា​អ្នក​រិះគន់​ខ្លាំងក្លា​លើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ត្រូវបាន​គេ​ដាក់​ថ្នាំ​បំពុល​ដែល​ស្ថិត​ក្នុង​ប្រភេទ ថ្នាំ​ពុល Novichok ដែល​ជា​អាវុធ​គីមី​ផលិត​ដោយ​ប្រទេស​រុស្ស៊ី។

បន្ទាប់ពី​អ្នក​ជំនាញ​សុខាភិបាល​អាល្លឺម៉ង់​បាន​ប្រកាស​អំពី​ការ​រកឃើញ​របស់​ពួកគេ​មក លោក John Sullivan ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី បាន​អំពាវនាវ​ឲ្យ​មាន «ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ដ៏​ទូលំទូលាយ​និង​មាន​តម្លាភាព​មួយ​ដោយ​អាជ្ញាធរ​រុស្ស៊ី ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​សកម្មភាព​នេះ ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់»។

អ្នកស្រី Kayleigh McEnamy អ្នក​នាំពាក្យ​សេតវិមាន បាន​បញ្ជាក់​ថា ការ​ដាក់​ថ្នាំ​បំពុល​លើ​លោក Navalny នេះ​គឺ​ជា «ការណ៍​ដែល​ត្រូវ​មាន​ទោស​ទាំងស្រុង»។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «ប្រទេស​រុស្ស៊ី​ធ្លាប់​បាន​ប្រើ​សារធាតុ​គីមី​ដែល​ធ្វើ​ឲ្យ​ខូច​សសៃ​ប្រសាទ​នេះ​ពី​មុន ហើយ​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន និង​សហគមន៍​អន្តរជាតិ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដែល​ប្រព្រឹត្តិ​រឿង​នេះ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន នៅ​ពេល​ណា​ដែល​មាន​ភស្តុតាង និង​ដើម្បី​ដាក់​កំហិត​ផ្នែក​ថវិកា​លើ​សកម្មភាព​អាក្រក់​របស់​ពួកគេ។ ប្រជា​ពលរដ្ឋ​រុស្ស៊ី​មាន​សិទ្ធិ​សម្តែង​ទស្សនៈ​របស់​ខ្លួន​ដោយ​សន្តិវិធី និង​ដោយ​គ្មាន​ការ​ភ័យខ្លាច​ថា ​មាន​ការ​សងសឹក​តាម​រូបភាព​ណា​មួយ ជាពិសេស​តាម​ការ​ប្រើ​សារធាតុ​គីមី​បំពុល»។

ដោយ​សង្កត់ធ្ងន់​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​មាន​ការឆ្លើយ​តប​រួម អគ្គ​លេខាធិការ​អង្គការ​អូតង់​ លោក Jens Stoltenberg បាន​និយាយ​ថា សម្ព័ន្ធមិត្ត​អូតង់ «បាន​រួម​គ្នា​ធ្វើ​ការ​ថ្កោលទោស» ការ​វាយប្រហារ​ដ៏ «រន្ធត់» លើ​លោក Navalny ហើយ​បាន​ជំរុញ​ប្រទេស​រុស្ស៊ី​ឲ្យ​ចូលរួម​នៅ​ក្នុង​ការ​ស៊ើបអង្កេត​អន្តរជាតិ​ដែល​មិន​លំអៀង​លើ​ហេតុការណ៍​នៃ​ការ​ប៉ុនប៉ង​ធ្វើឃាត​នេះ និង​ស្វែងរក​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ។

រដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ជាងគេ​ទាំង ៧ ដែល​ហៅ​កាត់​ថា G7 បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ ​ដោយ​អំពាវនាវ​ផង​ដែរ​ដល់​ប្រទេស​រុស្ស៊ី «ឲ្យ​ផ្ដល់​ជាបន្ទាន់​និង​ពេញលេញ​នូវ​តម្លាភាព​ទាក់ទិន​នឹង​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ ដោយ​ការ​ដាក់​ថ្នាំ​បំពុល​ដ៏​គួរឲ្យ​ស្អប់ខ្ពើម​នេះ និង​ឲ្យ​ប្រទេស​រុស្ស៊ី​ចងចាំ​ការ​សន្យា​របស់​ខ្លួន​នៅ​ក្រោម​សន្ធិសញ្ញា​អាវុធ​គីមី ដើម្បី​នាំ​ជន​ដៃ​ដល់​ឲ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់»។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ប្រទេស G7 នេះ បាន​បញ្ជាក់​ទៀត​ថា៖ «ការវាយ​ប្រហារ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង [រុស្ស៊ី] លោក Navalny នេះ គឺ​ជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​មួយ​ទៀត​លើ​លទ្ធិ​ប្រជាធិបតេយ្យ និង​របប​ពហុបក្ស​ក្នុង​ប្រទេស​រុស្ស៊ី។ យើង​នឹង​បន្ត​ឃ្លាំមើល​យ៉ាង​ដិតដល់​ថា​តើ​ប្រទេស​រុស្ស៊ី​ធ្វើ​ការ​ឆ្លើយតប​តាម​របៀប​ណា​ចំពោះ​ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ​ដែល​ចង់​ឲ្យ​មាន​ការ​បកស្រាយ​អំពី​រឿង​ដាក់​ថ្នាំ​បំពុល​ដ៏គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​លើ​លោក Navalny»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​គាំទ្រ​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ប្រទេស G7 នេះ ដោយ​បាន​និយាយ​ថា៖ «ការវាយ​ប្រហារ​នេះ​បាន​រំលោភ​ច្បាប់​អន្តរជាតិ​ដែល​ហាម​ឃាត់​ការ​ប្រើ​អាវុធ​គីមី​បែប​នេះ»៕

XS
SM
MD
LG