តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកនិងក្រុមរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 គឺកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប«រួបរួមគ្នាក្នុងការថ្កោលទោសការចាប់ខ្លួន និងការឃុំឃាំងទាក់ទិននឹងនយោបាយ»នៃមេដឹកនាំប្រឆាំងរុស្ស៊ីល្បីឈ្មោះ គឺលោក Alexey Navalny។ ក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេស G7 បានអំពាវនាវឱ្យមានការដោះលែងលោក Navalny «ជាបន្ទាន់និងគ្មានលក្ខខ័ណ្ឌ» ដែលលោកត្រូវបានចាប់ខ្លួនមិនយូរប៉ុន្មានបន្ទាប់ពីលោកបានវិលត្រឡប់មកកាន់ប្រទេសរុស្ស៊ីវិញពីប្រទេសអាល្លឺម៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ក្រុមប្រទេស G7 ក៏សម្តែងកង្វល់ខ្លាំងដល់«ការចាប់ខ្លួនក្រុមបាតុករនិងពួកអ្នកកាសែតដោយសន្តិវិធីរាប់ពាន់នាក់ និងអំពាវនាវដល់អាជ្ញាធររុស្ស៊ីឱ្យគោរពតាមកាតព្វកិច្ចជាតិនិងអន្តរជាតិរបស់ខ្លួនហើយដោះលែងពួកជនដែលត្រូវបានចាប់ឃុំឃាំងតាមតែអំពើចិត្តដោយសារពួកគេបានប្រើសិទ្ធិបស់ពួកគេក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធីកាលពីថ្ងៃទី២៣មករា»។
សេចក្តីថ្លែងការណ៍របស់ប្រទេស G7 បានចែងថា «ការបង្ក្រាបដោយហិង្សារបស់កងកម្លាំងប៉ូលិសលើសិទ្ធិបុគ្គលក្នុងការសម្តែងមតិពួកគេ ជាការមិនអាចទទួលយកបានទេ។ ព្រឹត្តិការណ៍ទាំងនេះ បញ្ជាក់ឱ្យឃើញលំនាំអវិជ្ជមានដែលមានតទៅទៀតនៃការចុះថយឱកាសសម្រាប់ក្រុមប្រឆាំង សង្គមស៊ីវិល ពួកអ្នកការពារសិទ្ធិមនុស្ស និងសំឡេងឯករាជ្យក្នុងប្រទេសរុស្ស៊ី»។ លោក Navalny ហៀបត្រូវសម្លាប់កាលពីខែសីហាឆ្នាំ២០២០ នៅក្នុងការប៉ុនប៉ងធ្វើឃាតដោយប្រើសារធាតុបំផ្លាញសរសៃប្រសាទ Novichok ដែលជាអាវុធគីមីមួយត្រូវបានអភិវឌ្ឍដោយសហភាពសូវៀត។ ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 សូមបញ្ជាក់ជាថ្មីទៀតថា «ការប្រើប្រាស់អាវុធគីមីណាមួយ ជាការមិនអាចទទួលយកបានទេ ហើយជាការផ្ទុយនឹងបទដ្ឋានអន្តរជាតិប្រឆាំងនឹងអាវុធបែបនេះ។ ជាថ្មីទៀត យើង...អំពាវនាវដល់អាជ្ញាធររុស្ស៊ីឱ្យស៊ើបអង្កេតនិងពន្យល់អំពីការប្រើអាវុធគីមីក្នុងដែនដីខ្លួនដោយបំពេញតាមកាតព្វកិច្ចរបស់រុស្ស៊ីតាមរយៈអនុសញ្ញាស្តីពីអាវុធគីមី»។
ការប្រើអាវុធគីមីប្រឆាំងអ្នកនយោបាយប្រឆាំងម្នាក់ និងការឃុំឃាំងលោក Navalny កាលពីពេលថ្មីៗនេះធ្វើឱ្យអន្តរាយថែមទៀតដល់លទ្ធិប្រជាធិបតេយ្ស សំឡេងឯករាជ្យ និងពហុភាពខាងនយោបាយក្នុងប្រទេសរុស្ស៊ី។ ប្រទេស G7 អំពាវនាវអាជ្ញាធររុស្ស៊ីឱ្យបំពេញតាមកាតព្វកិច្ចខ្លួនតាមរយៈកិច្ចព្រមព្រៀងអន្តរជាតិអំពីសិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយនិងធានារ៉ាប់រងដល់សិទ្ធិមានចែងក្នុងកិច្ចព្រមព្រៀងនេះ ដោយមានរួមបញ្ចូលសេរីភាពខាងការនិយាយស្តីបញ្ចេញមតិដល់ពួកបុគ្គលទាំងអស់នៅក្នុងដែនដី និងយុត្តាធិការរបស់ខ្លួន។
សហរដ្ឋអាមេរិកនិងដៃគូរបស់ខ្លួនក្នុងបណ្តាប្រទេស G7 នៅតែ«ប្តេជ្ញាយ៉ាងខ្លាំងក្លាដល់កិច្ចព្រមព្រៀងស្តីពីអាវុធគីមី និងដល់ការគាំទ្ររបស់យើងចំពោះលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្សក្នុងប្រទេសរុស្ស៊ីព្រមទាំងបង្កើនកិច្ចទ្រទ្រង់របស់យើងដល់សង្គមស៊ីវិលរុស្ស៊ីផងដែរ»៕