Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក ខ្វាយខ្វល់​រឿង​កាត់ទោស​លោក Navalny


ក្នុងរូបភាពដែលដកស្រង់​ចេញពី​វីដេអូ​ដែល​ផ្តល់ដោយ​តុលាការ​សង្កាត់ Babuskinsky បង្ហាញពី​មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី​លោក Aleksey Navalny ក្នុង​ពេល​សវនាការ​លើ​ការចោទប្រកាន់​លោក​ពី​បទបរិហារកេរ្តិ៍ នៅ​តុលាការ​សង្កាត់ Babuskinsky ក្នុង​ទីក្រុង​មូស្គូ កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងរូបភាពដែលដកស្រង់​ចេញពី​វីដេអូ​ដែល​ផ្តល់ដោយ​តុលាការ​សង្កាត់ Babuskinsky បង្ហាញពី​មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី​លោក Aleksey Navalny ក្នុង​ពេល​សវនាការ​លើ​ការចោទប្រកាន់​លោក​ពី​បទបរិហារកេរ្តិ៍ នៅ​តុលាការ​សង្កាត់ Babuskinsky ក្នុង​ទីក្រុង​មូស្គូ កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​មាន​ការ​ខ្វាយខ្វល់​យ៉ាង​ខ្លាំង​អំពី​ការ​សម្រេច​របស់​អាជ្ញាធរ​រុស្ស៊ី​នៅ​ក្នុង​ការ​កាត់ទោស​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក Aleksey Navalny ឲ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំ ៨ ខែ ដោយ​ជំនួស​ការ​ព្យួរ​ទោស​លោក​ មក​ជា​ការ​ជាប់​ពន្ធនាគារ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ដូច​ពលរដ្ឋ​រុស្ស៊ី​គ្រប់​រូប​ដែរ លោក Navalny មាន​សិទ្ធិ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​រុស្ស៊ី។

ជាង​នេះ​ទៀត ប្រទេស​រុស្ស៊ី​មាន​កាតព្វកិច្ច​អន្តរជាតិ​នៅ​ក្នុង​ការ​គោរព​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ និង​សិទ្ធិ​នៅ​ក្នុង​ការ​មាន​សេរីភាព​បញ្ចេញ​មតិ និង​ការ​ជួបជុំ​ដោយ​សន្តិវិធី។

ក្នុង​អំឡុងពេល​សវនាការ​មុន​ពេល​កាត់ទោស​លោក លោក Navalny បាន​លើក​ឡើង​ថា ទោះបីជា​អាជ្ញាធរ​អាច​ឃុំឃាំង​លោក​ក៏​ដោយ ក៏ «[ពលរដ្ឋ​រុស្ស៊ី] រាប់​សែន​នាក់ មិន​អាច​ត្រូវ​បាន​គេ​ឃុំឃាំង​នោះ​ឡើយ។ ពលរដ្ឋ​កាន់តែ​ច្រើន​ នឹង​ដឹង​អំពី​រឿង​នេះ។ ហើយ​នៅ​ពេល​ដែល​ពួកគេ​ដឹង​អំពី​រឿង​នេះ ហើយ​ពេល​នោះ​ប្រាកដ​ជា​មក​ដល់ នោះ​រឿង​ទាំង​អស់​នេះ​នឹង​បរាជ័យ ដោយសារតែ​អ្នក​មិន​អាច​ឃុំ​ឃាំង​មនុស្ស​ពេញ​មួយ​ប្រទេស​បាន​នោះ​ទេ»។

ពលរដ្ឋ​រុស្ស៊ី​រាប់​ម៉ឺន​នាក់​នៅ​តាម​ទីក្រុង និង​ក្រុង​ជាង ១២០ បាន​ចេញ​មក​តវ៉ា​ដោយ​សន្តិវិធី​ក្នុង​ពេល​កន្លង​មក ដើម្បី​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក Navalny និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​រូប​លោក។

លោក​រដ្ឋមន្ត្រី Blinken បាន​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ដោះលែង​ជា​បន្ទាន់​និង​គ្មាន​លក្ខខណ្ឌ​នូវ​លោក Navalny និង​ពលរដ្ឋ​រុស្ស៊ី​រាប់​រយ​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ឃុំ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ដោយសារតែ​ពួកគេ​បាន​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ដែល​ក្នុង​នោះ​មាន​ទាំង​សិទ្ធិ​បញ្ចេញ​មតិ​និង​សិទ្ធិ​ជួបជុំ​ដោយ​សន្តិវិធី​ផងដែរ។

តុលាការ​សិទ្ធិ​មនុស្ស​អឺរ៉ុប​បាន​សន្និដ្ឋាន​ថា ការ​ផ្តន្ទាទោស​លោក Navalny កាលពី​ឆ្នាំ ២០១៤ ដែល​ជា​មូលដ្ឋាន​សម្រាប់​ការ​កាត់ទោស​ថ្មី​នេះ គឺ «ខុស​ច្បាប់ និង​ធ្វើ​តាម​ទំនើង​ចិត្ត» និង «មាន​ចរិត​នយោបាយ»។

នីតិវិធី​បច្ចុប្បន្ន​ប្រឆាំង​នឹង​លោក Navalny ដែល​បាន​ចាប់ផ្ដើម​ឡើង​ដោយ​ការ​ឃុំ​ខ្លួន​លោក​កាលពី​ថ្ងៃ​ទី ១៧ ខែ​មករា គឺជា​ការ​បន្ត​នូវ​កិច្ច​ប្រឹងប្រែង​ដើម្បី​បំពាន​លើ​សិទ្ធិ​របស់​លោក Navalny និង​គាប​សង្កត់​លើ​ពហុភាព​នយោបាយ ដូច​ដែល​តុលាការ​សិទ្ធិ​មនុស្ស​អឺរ៉ុប​បាន​រក​ឃើញ​ពី​មុន​ដូច្នេះ​ដែរ។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា៖ «ទោះបីជា​យើង​ធ្វើ​ការ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​ដើម្បី​ជំរុញ​ទៅ​មុខ​នូវ​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​យើង​នឹង​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​យើង ដើម្បី​ឲ្យ​រុស្ស៊ី​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​បរាជ័យ​នៅ​ក្នុង​ការ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​របស់​ខ្លួន»៕

XS
SM
MD
LG