Accessibility links

Breaking News

បទវិចារណកថា៖ ប្រទេស​រុស្ស៊ី បង្ក្រាប​សេរីភាព​សាសនា


លោក​ Aleksandr Ivshin នៃ​និកាយ Jehovah’s Witnesses ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវបាន​តុលាការ​រុស្សី​​មួយ​ ​កាត់ទោស​លោក​​ឱ្យ​​ជាប់ពន្ធនាគារ​៧ឆ្នាំ​កន្លះ ​​​ដោយ​សារ​​ការ​ប្រតិបត្តិ​​សាសនា​របស់លោក។
លោក​ Aleksandr Ivshin នៃ​និកាយ Jehovah’s Witnesses ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវបាន​តុលាការ​រុស្សី​​មួយ​ ​កាត់ទោស​លោក​​ឱ្យ​​ជាប់ពន្ធនាគារ​៧ឆ្នាំ​កន្លះ ​​​ដោយ​សារ​​ការ​ប្រតិបត្តិ​​សាសនា​របស់លោក។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រទេស​រុស្ស៊ី នៅ​តែ​បន្តការ​បង្ក្រាប​របស់​ខ្លួន​លើ​សេរីភាព​សាសនា ជា​ពិសេស​បាន​យក​ជា​ទី​ដៅ​នូវ​និកាយ​សាសនា​ និង​អង្គការរបស់​ពួក​ជន​ជាតិ​ភាគតិច។ និកាយ Jehovah’s Witnesses បាន​ក្លាយ​ជាទីដៅ​នៃ​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ដោយ​អាជ្ញាធរ។

កាល​ពី​ពេល​ថ្មីៗ​នេះ តុលាការ​រុស្ស៊ីមួយ​ បាន​កាត់ទោស​លោក​ Aleksandr Ivshin នៃ​និកាយ Jehovah’s Witnesses ឱ្យជាប់ពន្ធនាគារ​៧ឆ្នាំ​កន្លះ ​ដោយ​សារការ​ប្រតិបត្តិសាសនា​របស់លោក។ នេះ​ ជាការ​កាត់ទោស​ធ្ងន់​បំផុត​ចាប់​តាំង​ពីតុលាការកំពូល​រុស្ស៊ី បាន​សម្រេចកាល​ពីឆ្នាំ២០១៧ ​ហាមប្រាមសកម្មភាពរបស់​និកាយ​ Jehovah’s Witnesses និងបាន​ចាត់ទុក​សកម្មភាពទាំង​នេះថា ​ជាអំពើឧក្រិដ្ឋ​ដោយ​បាន​ហៅ​ក្រុម​សាសនា​នេះ​ថា ​ជា«ពួក​ជ្រុល​និយម»។ អ្វី​ដែល​ហៅ​ថា អាកប្បកិរិយា​ជ្រុល​និយមរបស់​លោក Ivshin មានរួម​បញ្ចូលការចាត់ចែងការ​សិក្សា​គម្ពីរ Bible តាម​អនឡាញ​ជា​មួយសមាជិក​ឯ​ទៀតៗរបស់ក្រុម​នេះ។

កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ប៉ូលិសក្នុង​ក្រុងម៉ូស្គូនិង​តំបន់ជិត​ខាង​ទី​នោះ​ បាន​ឆែកឆេរ​ផ្ទះ​១៥ខ្នងនៃសមាជិកនិកាយ Jehovah’s Witnesses ហើយបានឃាត់ខ្លួនសមាជិក​មួយ​ចំនួនរបស់និកាយ​នេះ ដើម្បី​សាកសួរចម្លើយ។ សមាជិក​បី​នាក់នៅតែជាប់​ឃុំឃាំង​នៅ​ឡើយ។ នៅ​ថ្ងៃ​តែមួយនោះ​ដែរ តុលាការ​មួយ​ក្នុង​តំបន់ Kursk បានបដិសេធ​មិន​ព្រម​ដោះលែង​សមាជិកសញ្ជាតិ​ដាណាម៉ាក​ម្នាក់នៃ​និកាយ Jehovah’s Witnesses ដែលបានជាប់ពន្ធនាគារ៦ឆ្នាំ​មក​ហើយ​ ចាប់តាំង​ពី​ឆ្នាំ២០១៧​មក។

នេះ​ជា​ផ្នែក​នៃគំរូមួយ​នៃ​ការ​បង្ក្រាបដែល​បាន​កើនខ្លាំង​ឡើងៗ​ ​កាល​ពីប៉ុន្មានឆ្នាំថ្មីៗ​នេះ។ បើ​តាម​គណៈកម្មការ​សហរដ្ឋ​អាមេរិកស្តី​ពី​សេរីភាព​សាសនា​អន្តរជាតិ​ថា កាល​ពី​ឆ្នាំ២០១៩ រដ្ឋាភិបាលរុស្ស៊ីបាន «បន្តយក​ធ្វើ​ជា​ទី​ដៅ​នូវពួក​ជន​ភាគតិចខាងសាសនា «មិន​តាមប្រពៃណី» ដោយ​ឱ្យ​បង់ប្រាក់​ពិន័យ ការ​ចាប់​ឃុំឃាំង និងការចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌដោយ​យក​លេស​ថា​ ប្រយុទ្ធប្រឆាំង​នឹងភាព​និយម​ជ្រុល។ ច្បាប់​រុស្ស៊ីចាត់ទុក«ភាព​ជ្រុល​និយម» ជាបទ​ឧក្រិដ្ឋដោយ​មិន​បានផ្តល់​និយមន័យឱ្យ​បាន​គ្រប់គ្រាន់អំពីពាក្យនេះ​ឡើយ ​ដែលអាច​ឱ្យ​រដ្ឋ​ធ្វើការ​ចោទប្រកាន់អំពី​សកម្មភាព​សាសនា​អហិង្សា។

បើ​តាម​ការរាយការណ៍​នៅក្នុង​កាសែតនិងដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខាងសិទ្ធិមនុស្ស​បានឲ្យដឹង​ថា ​ស្ថានភាព​រឹត​តែ​អាក្រក់​ជាង​មុន​កាល​ពី​ឆ្នាំ​ទៅ​មិញ។ គេ​បាន​រាយការណ៍​ថា​ ពួក​ប៉ូលិស​រុស្ស៊ី បាន​ឆ្មក់ចូលលុកលុយ​ក្នុង​ផ្ទះឯកជន​១ពាន់ ២រយ ៩៦​ខ្នង បានរៀប​ចំ​បណ្តឹង​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំងសមាជិក៤៣៥​នាក់​នៃ​និកាយ Jehovah’s Witnesses សមាជិក​៤២នាក់​នៃ​និកាយ​សាសនា​នេះ ​កំពុង​ជាប់ឃុំឃាំងក្នុងគុក​ ហើយ​២៧​នាក់​ទៀតជាប់ឃុំឃាំងនៅ​ក្នុង​ផ្ទះ។ ទ្រព្យ​សម្បត្តិ​របស់ព្រះវិហារ​នៃ​និកាយ​សាសនា​នេះ​ ត្រូវ​បាន​រឹបអូស ហើយសមាជិក​ចន្លោះ​ពី៥ពាន់​ ទៅ១ម៉ឺនាក់​នៃ​និកាយសាសនា​នេះ​ ​បានរត់​គេច​ខ្លួន​ទៅ​ប្រទេសក្រៅ ​ចាប់តាំង​ពី​ឆ្នាំ២០១៧​មកដែលជា​លទ្ធផល​នៃ​ការធ្វើ​ទុក្ខ​បុក​ម្នេញ​នេះ។

លោក Ned Price អ្នក​នាំពាក្យ​នៃក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «សហរដ្ឋ​អាមេរិក​ ថ្កោលទោសយ៉ាងខ្លាំងដល់​ការ​បង្ក្រាបដោយ​អាជ្ញាធរ​រុស្ស៊ី​ដែល​នៅ​មានធ្វើ​ត​ទៅ​ទៀតទៅលើនិកាយ​ Jehovah’s Witnesses និង​ពួក​ជន​ភាគ​តិចខាង​សាសនា​ឯ​ទៀតៗ។ សហរដ្ឋ​អាមេរិក​បញ្ជាក់ថា ​ដោយជា​បញ្ហាសិទ្ធិ​មនុស្សមនុស្ស​គ្រប់​គ្នា មានសិទ្ធិមាន ​ឬ​គ្មាន​ជំនឿ​សាសនាតាម​សម្បជញ្ញៈ​របស់​ពួក​គេ»៕

XS
SM
MD
LG