Accessibility links

Breaking News

បទវិចារណកថា៖ ជីវិត​ថ្មី​សម្រាប់​សន្ធិសញ្ញា START ថ្មី


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Barack Obama និង​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev ចាប់រលាក់ដៃគ្នា​នៅពេល​ពួកអស់លោក​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​យុទ្ធសាស្ត្រថ្មី។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Barack Obama និង​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev ចាប់រលាក់ដៃគ្នា​នៅពេល​ពួកអស់លោក​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​យុទ្ធសាស្ត្រថ្មី។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្នុង​ចំណោម​ចំណាត់ការ​ដំ​បូង​ៗរបស់លោកនៅ​ពេលលោកចូល​កាន់​តំណែង លោក​ប្រធានាធិបតី Joe Biden ​បានស្នើឲ្យបន្តសន្ធិសញ្ញា​ START ថ្មី ប្រាំ​ឆ្នាំ​ទៀត។ សន្ធិសញ្ញា​នេះ​ ​ជាកិច្ច​ព្រមព្រៀងត្រួតត្រា​អាវុធ​នុយក្លេអ៊ែរ​ដែល​នៅ​សេសសល់រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​រុស្ស៊ី។​ សន្ធិសញ្ញា​នេះ មានកំណត់​ផុតអាយុកាលនៅ​ថ្ងៃ​ទី​៥​ ខែកុម្ភៈ។

នៅ​ក្នុងការ​និយាយ​គ្នា​តាម​ទូរស័ព្ទ​លើក​ទី​មួយ​របស់​អស់លោក លោក​ប្រធានាធិបតី Biden និង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ពិភាក្សា​គ្នា​អំពី​ចំណង់​របស់ប្រទេស​ទាំងពីរ​ក្នុង​ការបន្ត​អាយុ​កាល​សន្ធិសញ្ញា​ START ថ្មី។ សេតវិមានបាននិយាយនៅ​ក្នុង​ឯកសារ​ផ្លូវ​ការ​សង្ខេប​ចំណុច​សំខាន់ៗកាល​ពី​ថ្ងៃ​ទី២៦ ខែ​មករានៃ​ការ​សន្ទនា​គ្នា​នោះ​ថា​ លោក Biden និង​លោក Putin បានយល់ស្រប​គ្នា​ឱ្យ​ក្រុម​របស់អស់លោក«ធ្វើការ​ជា​បន្ទាន់ដើម្បី​បន្ត​អាយុកាលកិច្ច​ព្រមព្រៀង​នេះ​ឱ្យ​បានមុន​ថ្ងៃទី​៥​កុម្ភៈ»។

នៅ​ថ្ងៃបន្ទាប់​ពីប្រធានាធិបតីទាំង​ពីរ​នាក់​នេះ​និយាយ​គ្នា សភា​ទាំង​ពីរ​នៃប្រទេស​រុស្ស៊ី​ បានបោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ដើម្បី​បន្ត​អាយុកាលសន្ធិសញ្ញា​នេះ ប្រាំ​ឆ្នាំត​ទៅ​ទៀត។
សន្ធិសញ្ញា​ START ថ្មី​នេះ ​ត្រូវបាន​ចុះហត្ថលេខា​កាលពីឆ្នាំ២០១០​ ដោយលោកប្រធានាធិបតី Barack Obama និងលោក​ប្រធានាធិបតីរុស្ស៊ី Dmitry Medvedev។ សន្ធិសញ្ញា​នេះ កម្រិត​ឱ្យ​ប្រទេស​នីមួយៗដាក់ពង្រាយ​ក្បាលកាំជ្រួច​មីសស៊ីលផ្ទុក​អាវុធ​នុយក្លេអ៊ែរ​ចំនួន​១៥៥០​គ្រឿង មីសស៊ីល​និង​យន្តហោះទម្លាក់​គ្រាប់បែក​៧០០គ្រឿងនិងប្រដាប់​បាញ់បង្ហោះ ICBM និង​ SLBM ​ទាំងអស់​៨០០​គ្រឿង​។ សន្ធិសញ្ញានេះ ​ក៏​អនុញ្ញាត​ឱ្យ​មានអធិការកិច្ច​ទូលំទូលាយនៅនឹងកន្លែងដើម្បី​ផ្ទៀងផ្ទាត់​ការ​គោរពតាម​។​

អ្នក​ស្រី​ Jens Psaki អ្នក​នាំពាក្យ​សេតវិមាន បាន​កត់សម្គាល់នៅ​ក្នុងសន្និសីទ​កាសែតមួយ​ទៅ​កាន់ពួក​អ្នក​សារព័ត៌មាន​ថា ​«សន្ធិសញ្ញា​ START ថ្មី​ ជា​សន្ធិសញ្ញានៅ​សល់តែ​មួយ​គត់​ដើម្បីកម្រិត​កម្លាំង​នុយក្លេអ៊ែររុស្ស៊ី​ ហើយ​ជា​ទីពឹងមួយ​នៃស្ថិរភាពយុទ្ធសាស្ត្ររវាង​ប្រទេស​យើង​ទាំង​ពីរ»។

លោក John Kerby អ្នកនាំ​ពាក្យ​ក្រសួងការពារ​ប្រទេសសហរដ្ឋ​អាមេរិក​ បាននិយាយ​ថា​ ការ​គោរពសន្ធិសញ្ញា​ START ថ្មី​ ដោយ​ប្រទេស​រុស្ស៊ី«បាន​បម្រើ​ផល​ប្រយោជន៍​សន្តិសុខ​ជាតិ​របស់យើង​ ហើយ​ប្រជាពលរដ្ឋ​អាមេរិកាំង មាន​សុវត្ថិភាព​ជាងមុន​ជា​មួយ​សន្ធិសញ្ញា​ START ថ្មី ​ដែល​នៅដូចដើម​ដដែល និង​មានការ​បន្ត​អាយុកាលថែមទៀត​ផង»។

លោក John Kerby បានថ្លែង​បន្ថែម​ថា «ការ​បន្ត​អាយុ​កាលការកម្រិត​របស់សន្ធិសញ្ញា​នេះ​លើកន្លែង​ស្តុក​ទុកអាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្ររហូត​ដល់​ឆ្នាំ២០២៦ អនុញ្ញាតឱ្យ​ប្រទេស​យើងទាំង​ពីរ ​ស្វែងរករបៀបថ្មីៗ​សម្រាប់ផ្ទៀងផ្ទាត់​ការ​ត្រួតត្រាអាវុធ​ដែល​អាចកាត់បន្ថយ​ហានិភ័យ​ដល់ប្រជារាស្ត្រ​អាមេរិកាំង»។

ក៏ប៉ុន្តែ ​សហរដ្ឋ​អាមេរិក​នៅ​តែ​យល់​យ៉ាង​ច្បាស់​ចំពោះ​ការ​ប្រឈម​ជាមួយ​ប្រទេស​រុស្ស៊ី និង​អំពី​លទ្ធភាព​នៃ​ការ​មាន​ការត្រួតត្រាអាវុធ​នៅ​ក្នុង​ឃ្លាំងអាវុធ​នុយក្លេអ៊ែរចិន​ដែលកើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ នៅ​ក្នុង​ការ​និយាយ​គ្នា​តាម​ទូរស័ព្ទ​ជា​មួយលោក​ប្រធានាធិបតី Putin ក្រៅ​ពី​ពិភាក្សា​គ្នា​អំពីការបន្ត​អាយុកាលសន្ធិសញ្ញា​ START ថ្មី លោក​ប្រធានាធិបតី Biden ក៏​បានលើក​ឡើង​ដែរអំពីសកម្មភាពរបស់​រុស្ស៊ីដែល​នាំ​ឱ្យមាន​អស្ថិរភាពដោយ​មានរួមបញ្ចូល​ការគំរាម​កំហែង​របស់​រុស្ស៊ី​ដល់អធិបតេយ្យ​ភាព​នៃប្រទេស​អ៊ុយក្រែន ការ​វាយ​ប្រហារ​តាម​អនឡាញ​លើ​ software​ របស់​ក្រុមហ៊ុន​ SolarWinds ដែលនាំ​ឱ្យ​ខូច​ខាត​ដល់​ក្រុម​ហ៊ុន​ និង​ទីភា្នក់ងារ​សហរដ្ឋ​អាមេរិក ការ​ជ្រៀត​ជ្រែកក្នុង​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​កាល​ពីឆ្នាំ២០២០ របាយការណ៍​អំពី​រុស្ស៊ីផ្តល់រង្វាន់ដល់​ការ​សម្លាប់​ទាហាន​អាមេរិក ក្នុងប្រទេស Afghanistan និងការ​បំពុលអ្នក​ប្រឆាំង​រុស្ស៊ី គឺ​លោក​ Aleksey Navalny។

លោក​ប្រធានាធិបតី​ Biden បាន​មានប្រសាសន៍ប្រាប់ពួក​អ្នក​កាសែត​ថា «ខ្ញុំ​យល់​ថា យើង​ទាំង​ពីរ​ អាច​ធ្វើការ​ជា​មួយ​គ្នា​ដើម្បី​បំរើ​អត្ថប្រយោជន៍​របស់​ប្រទេស​យើង​ទៅវិញ​ទៅ​មក​ជា​មួយ​កិច្ចព្រមព្រៀង​ START ថ្មី ហើយ​ខ្ញុំ​បាននិយាយ​យ៉ាង​ច្បាស់លាស់ប្រាប់​រុស្ស៊ីថា យើង​ខ្វល់ខ្វាយ​ខ្លាំង​ណាស់​អំពី​អាកប្បកិរិយា​របស់​ពួក​គេ»៕

XS
SM
MD
LG