Accessibility links

Breaking News

បទវិចារណកថា៖ រុស្ស៊ី ត្រូវតែ​បន្ថយ​ភាពតានតឹង​ជាមួយ​អ៊ុយក្រែន


នៅក្នុងរូប​ពី​សេវាកម្ម​សារព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​នេះ បង្ហាញ​ពី​រថពាសដែក​របស់​យោធា​រុស្ស៊ី បាន​ចូលចត​នៅ​លើ​នាវា​ចម្បាំង​ បន្ទាប់ពី​សមយុទ្ធ​នៅ​តំបន់ Crimea កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ភាព​តានតឹង​បាន​កើនឡើង​នៅ​តាម​បណ្ដោយ​ព្រំដែន​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន នៅ​ពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​បញ្ជូន​ទាហាន​ប្រយុទ្ធ​រាប់​ពាន់​នាក់​ទៅ​កាន់​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ។ នេះ​គឺជា​ការ​ប្រមូល​ផ្ដុំ​ទាហាន​រុស្ស៊ី​ច្រើន​បំផុត តាំង​ពី​ពេល​ដែល​រុស្ស៊ី​បាន​កាន់កាប់​តំបន់ Crimea កាលពី​ឆ្នាំ ២០១៤ មក។

បើ​យោង​តាម​រដ្ឋាភិបាល​អ៊ុយក្រែន មនុស្ស​រហូត​ដល់ ១៤.០០០ នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ជម្លោះ​ដែល​អូស​បន្លាយ​អស់​រយៈពេល ៧ ឆ្នាំ​កន្លង​មក​នេះ។

កាលពី​ថ្ងៃ​ទី ២២ ខែ​មេសា រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​ប្រកាស​ថា ទាហាន​ទាំង​នោះ ​នឹង​ត្រូវ​ដក​ចេញ​វិញ​នៅ​ខែ​ឧសភា ប៉ុន្តែ​គិត​មក​ទល់​នឹង​ពេល​រាយការណ៍​នេះ ចំនួន​ទាហាន​ដ៏​ច្រើន​បំផុត​របស់​រុស្ស៊ី​តាំងពី​ឆ្នាំ ២០១៤ នេះ នៅតែ​មាន​វត្តមាន​នៅ​ក្នុង​តំបន់​នោះ​ដដែល។

នៅ​ក្នុង​ជំនួប​កាលពី​ពេល​ថ្មីៗ​នេះ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​ជា​ថ្មី​ថា សហរដ្ឋ​អាមេរិក «មាន​ជំហរ​រឹងមាំ​គាំទ្រ​អធិបតេយ្យភាព​និង​បូរណភាព​ដែនដី​របស់​ប្រទេស​អ៊ុយក្រែន»។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា ករណី​នេះ «គឺ​សំខាន់​ជា​ពិសេស​នៅ​ចំ​ពេល​ដែល​យើង​ឃើញ​រុស្ស៊ី​ធ្វើ​សកម្មភាព​បង្ក​ហេតុ​ខ្លាំងក្លា​ពាក់ព័ន្ធ​នឹង​អ៊ុយក្រែន»។

អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​អំពាវនាវ​ឲ្យ​ប្រទេស​រុស្ស៊ី «បញ្ឈប់​ការ​បង្កើន​កម្លាំង​យោធា​នេះ​នៅ​ក្នុង​និង​ជុំវិញ​ប្រទេស​អ៊ុយក្រែន បញ្ឈប់​ការ​បង្ក​ហេតុ និង​បន្ធូរបន្ថយ​ភាព​តានតឹង​ជា​បន្ទាន់»។

លោក​រដ្ឋមន្ត្រី Blinken បាន​កត់​សម្គាល់​ថា អង្គការ​អូតង់​កំពុង​ពិភាក្សា​អំពី​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់។

លោក Blinken បាន​បញ្ជាក់​អះអាង​ថា ប្រទេស​អ៊ុយក្រែន​បាន​ឈាន​ជំហាន​ដ៏ «សំខាន់​បំផុត» នៅ​ក្នុង​ការ «ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​ខ្លួន​ដើម្បី​ជំរុញ​នីតិរដ្ឋ ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​សំខាន់ៗ ដែល​ទាំង​អស់​នេះ​មាន​សារៈសំខាន់​សម្រាប់​អនាគត​របស់​អង្គការ​អូតង់ និង​អនាគត​របស់​ប្រទេស​អ៊ុយក្រែន និង​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​របស់​អ៊ុយក្រែន​នៅ​ក្នុង​ស្ថាប័ន​អឺរ៉ុប​អាត្លង់ទិក​នានា»។

នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មីៗ​នេះ​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បញ្ជាក់​អះអាង​អំពី «ការ​តាំងចិត្ត​មិន​ងាករេ» របស់​លោក «ចំពោះ​អធិបតេយ្យភាព​និង​បូរណភាព​ដែនដី​របស់​ប្រទេស​អ៊ុយក្រែន»។

លោក​ប្រធានាធិបតី Biden ក៏​បាន «លើកឡើង​ផងដែរ​អំពី​ការ​ព្រួយបារម្ភ​ទាក់ទិន​នឹង​ការ​បង្កើន​ចំនួន​ទាហាន​រុស្ស៊ី​ភ្លាមៗ​នេះ​នៅ​ក្នុង​តំបន់ Crimea និង​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន និង​បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​បន្ធូរបន្ថយ​ភាព​តានតឹង»។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន។

លោក​ប្រធានាធិបតី Biden បាន​បន្ត​បញ្ជាក់​ឡើង​វិញ​អំពី​គោល​បំណង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​កសាង​ទំនាក់ទំនង​ស្ថិតស្ថេរ​និង​អាច​រំពឹងទុក​បាន​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី ស្រប​តាម​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក និង​បាន​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​នៅ​ក្នុង​ប្រទេស​ទី ៣ នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នានា​ដែល​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​កំពុង​ប្រឈម៕

XS
SM
MD
LG