តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
របាយការណ៍សិទ្ធិមនុស្សថ្មីបំផុតរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថាប្រទេសរុស្ស៊ីមានប្រព័ន្ធនយោបាយបែបផ្តាច់ការខ្លាំងដែលនៅក្នុងនោះមានការរំលោភសិទ្ធិមនុស្សច្រើនក្នុងឆ្នាំ២០២០ ដែលជាញឹកញយកើតឡើងដោយគ្មានការដាក់ទោសពៃរ៍កម្រិតខ្ពស់។
មានសេចក្តីរាយការណ៍មួយចំនួនបានឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ី ឬពួកភ្នាក់ងាររដ្ឋាភិបាលរុស្ស៊ីបានប្រព្រឹត្ត ឬបានប៉ុនប៉ងប្រព្រឹត្តឃាតកម្មដោយចេតនា និងមិនត្រឹមត្រូវតាមច្បាប់។ លោក Aleksey Navalny សកម្មជនបក្សប្រឆាំងដ៏ល្បីល្បាញមួយរូប និងជាអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ត្រូវបានបំពុលកាលពីខែសីហា ឆ្នាំ២០២០ ដោយសារធាតុបំផ្លាញសរសៃប្រសាទក្នុងប្រភេទក្រុម “Novichok"។
ក៏មានរបាយការណ៍គួរឱ្យជឿជាក់បានដែរថា អាជ្ញាធររុស្ស៊ីបានឃុំឃាំងពួកអ្នកទោសនយោបាយព្រមទាំងបានឃាត់ខ្លួន និងចោទប្រកាន់ក្រុមបុគ្គលដើម្បីហេតុផលនយោបាយផងដែរ។ មានការរាយការណ៍ថា ក្រុមអ្នកទោសនយោបាយ ត្រូវបានឃុំឃាំងក្នុងស្ថានភាពយ៉ាងឃោរឃៅជួនកាលត្រូវឃុំឃាំងតែឯកឯង ឬត្រូវដាក់ទណ្ឌកម្មឱ្យឋិតនៅក្នុងមន្ទីរព្យាបាលមនុស្សវិកលចរិតថែមទៀតផង។
គិតត្រឹមខែធ្នូ ឆ្នាំ២០២០ បញ្ជីរបស់អង្គការ Memorial មានឈ្មោះអ្នកទោសនយោបាយរុស្ស៊ីចំនួន ៣៥៨ នាក់។ ទោះជាយ៉ាងណាក៏ដោយ ក៏អង្គការ Memorial បានប៉ាន់ប្រមាណថាចំនួនពិតប្រាកដនៃក្រុមអ្នកទោសនយោបាយក្នុងប្រទេសរុស្ស៊ី អាចមានពីពីរដងទៅបីដងច្រើនជាងចំនួននេះ។
រដ្ឋាភិបាលរុស្ស៊ីក៏បានរំលោភយ៉ាងធ្ងន់ធ្ងរនៅខាងក្រៅដែនដីរបស់ខ្លួនផងដែរដោយមានរួមបញ្ចូលការរំលោភក្នុងឧបទ្វីបគ្រីមៀ (Crimea) ប្រឆាំងក្រុមជនអំបូរ Tatar និងក្រុមជនភាគតិចខាងសាសនា និងខាងពូជសាសន៍ផងដែរ។ អាជ្ញាធររុស្ស៊ី ក៏បានធ្វើការចាប់ខ្លួនមនុស្សទាក់ទិននឹងនយោបាយឃុំឃាំង និងកាត់ទោសក្រុមពលរដ្ឋអ៊ុយក្រែនពីតំបន់គ្រីមៀ ហើយមនុស្សជាច្រើននាក់បាននិយាយថា ពួកគេត្រូវបានធ្វើទារុណកម្ម។ នៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន រដ្ឋាភិបាលរុស្ស៊ីនៅតែបន្តផ្តល់អាវុធហ្វឹកហ្វឺន ដឹកនាំនិងរួមប្រយុទ្ធជាមួយកងកម្លាំងដែលដឹកនាំដោយរុស្ស៊ី។ ពួកអ្នកអង្កេតការណ៍គួរឱ្យជឿទុកចិត្តបានអះអាងថា មានជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ និងត្រូវរបួសដោយសារកងកម្លាំងដឹកនាំដោយរុស្ស៊ីក្នុងតំបន់ Donbas នៃប្រទេសអ៊ុយក្រែន។
អាជ្ញាធររុស្ស៊ីបានគ្រប់គ្រងតឹងរ៉ឹងលើបណ្តាញផ្សព្វផ្សាយព័ត៌មាន។ បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពីសិទ្ធិមនុស្សការរឹតត្បិតពីរដ្ឋាភិបាលនិងការរឹតត្បិតខ្លួនឯងក្នុងកម្មវិធីទូរទស្សន៍និងបណ្តាញព័ត៌មានបោះពុម្ពមានធ្វើច្រើន ជាពិសេសទៅលើទស្សនៈរិះគន់រដ្ឋាភិបាល ឬគោលនយោបាយរបស់រដ្ឋាភិបាល។ បរាជ័យរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេត ឬយកទៅកាត់ទោសពួកជនធ្វើការវាយប្រហារលើពួកអ្នកការពារសិទ្ធិមនុស្ស និងក្រុមបាតុករដោយសន្តិវិធីបានបង្ក្រាបថែមទៀតលើសេរីភាពនៃការជួបជុំគ្នា។
អាជ្ញាធររុស្ស៊ី នៅតែបន្តប្រើប្រាស់ខុសនិយមន័យនូវភាពជ្រុលនិយមដើម្បីបង្ក្រាបសេរីភាពខាងការចូលរួម និងសេរីភាពខាងសាសនា ឬខាងជំនឿ។ កាលពីឆ្នាំ២០១៧ តុលាការកំពូលបានចាត់ទុកសកម្មភាពរបស់សមាជិកក្រុម Jehovah’s Witnesses ថា ជាឧក្រិដ្ឋកម្ម ដោយបានហាមប្រាមសកម្មភាពទាំងអស់នៃអង្គភាពច្បាប់របស់ក្រុម Jehovah’s Witnesses នេះនៅទូទាំងប្រទេស និងហាមប្រាមការគោរពសាសនារបស់ពួកគេផងដែរ។ ពួកសមាជិកនៃសាសនានេះបានក្លាយជាគោលដៅនៃការចាប់ដាក់ពន្ធនាគារឃុំឃាំង ឃុំឃាំងក្នុងផ្ទះ ឬត្រូវស៊ើបអង្កេតពីបទព្រហ្មទណ្ឌដោយសារបានចូលរួមក្នុង«អង្គការជ្រុលនិយមមួយត្រូវហាមប្រាម»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា នៅពេលប្រទេសទាំងឡាយ ដោយមានរួមបញ្ចូលទាំងប្រទេសរុស្ស៊ីផងដែរ «ស្វះស្វែងបំផ្លាញ» សិទ្ធិជាមូលដ្ឋាន «យើងនឹងងើបឈរហើយនិយាយខ្លាំងៗអំពីបញ្ហានេះ»៕