Accessibility links

Breaking News

បទ​វិចារណកថា៖ សហរដ្ឋ​អាមេរិក ​ប្ដេជ្ញា​ចិត្ត​ចំពោះ​អធិបតេយ្យភាព​អ៊ុយក្រែន


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ស្តាំ) និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ថតរូប​រួមគ្នា​នៅពេល​ជួបប្រជុំ​នៅ​ទីក្រុងកៀវ នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។
រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ស្តាំ) និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ថតរូប​រួមគ្នា​នៅពេល​ជួបប្រជុំ​នៅ​ទីក្រុងកៀវ នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​មួយ​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បាន​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​នៅ​ក្នុង​រដ្ឋធានី​កៀវ ដើម្បី​បញ្ជាក់​ឡើង​វិញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ឯករាជ្យភាព បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy លោក​រដ្ឋមន្ត្រី Blinken បាន​ថ្លែង​ថា៖

«សហរដ្ឋ​អាមេរិក​ មាន​មោទនភាព​នៅ​ក្នុង​ការ​គាំទ្រ​អ្នក ដើម្បី​ធានា​នូវ​អនាគត​មួយ​ដ៏​រុងរឿង​និង​ប្រកប​ដោយ​ប្រជាធិបតេយ្យ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​អស់​នៃ​ប្រទេស​នេះ»។

ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken កាលពី​ដើម​ខែ​ឧសភា​នេះ ​បាន​ធ្វើ​ឡើង បន្ទាប់ពី​រដ្ឋាភិបាល​រុស្ស៊ី​បាន​បង្កើន​ការ​ពង្រាយ​កងទ័ព​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន ចាប់​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ប៉ុនប៉ង​ភ្ជាប់​តំបន់ Crimea កាលពី​ឆ្នាំ ២០១៤ មក។

នៅ​ក្នុង​រយៈពេល ៧ ឆ្នាំ​កន្លង​មក​នេះ ជម្លោះ​រវាង​រុស្ស៊ី​ និង​អ៊ុយក្រែន​បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​អ៊ុយក្រែន​ជាង ១៣.០០០ នាក់​ស្លាប់។ ការ​ស្លាប់​នេះ ​ក៏​មាន​រួម​បញ្ចូល​នូវ​ការ​ស្លាប់​ដែល​បណ្ដាល​មកពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី​និង​កង​កម្លាំង​ទាហាន​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ផងដែរ។

ទោះបីជា​ទាហាន​រុស្ស៊ី​មួយ​ចំនួន​ បាន​ដក​ចេញ​ពី​ព្រំដែន​កាលពី​ពេល​ថ្មីៗ​នេះ​ក៏ដោយ ក៏​ឧបករណ៍​យោធា​ធុន​ធ្ងន់​និង​កង​កម្លាំង​រុស្ស៊ី​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន​នៅតែ​មាន​វត្តមាន​នៅ​ទីនោះ​ដដែល។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា៖ «យើង​កំពុង​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​ដិតដល់​បំផុត»។

លោក Blinken បាន​បញ្ជាក់​ថា លោក​នឹង​លោក​ប្រធានាធិបតី Zelenskiy បាន​ពិភាក្សា​អំពី​ការ​គាំទ្រ​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជូន ហើយ​នឹង​បន្ត​ផ្ដល់​ជូន ដើម្បី​ពង្រឹង​សន្តិសុខ​និង​ការ​ការពារ​របស់​ប្រទេស​អ៊ុយក្រែន។

លោក Blinken បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក «បាន​ពិចារណា​យ៉ាង​សកម្ម​លើ​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​របស់​យើង និង​ជំនួយ​ផ្នែក​សន្តិសុខ​សម្រាប់​ប្រទេស​អ៊ុយក្រែន»។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បន្ថែម​ទៅ​នឹង​ការ​គំរាមកំហែង​ពី​ខាង​ក្រៅ​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​រុស្ស៊ី ប្រទេស​អ៊ុយក្រែន​ក៏​ប្រឈម​ផងដែរ​នឹង​ការ​គំរាមកំហែង​ពី​ខាង​ក្នុង ដែល​នោះ​គឺ​អំពើ​ពុករលួយ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​តាម​ទូរទស្សន៍ លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា អំពើ​ពុករលួយ «ស៊ី​រូង» លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​អ៊ុយក្រែន។ លោក​បាន​ថ្កោលទោស «ក្រុម​មនុស្ស​មួយ​ក្ដាប់​តូច​ដែល​មាន​ប្រាក់​និង​អំណាច ដែល​កំពុង​បង្កើន​ប្រយោជន៍​ផ្ទាល់​ខ្លួន ជាជាង​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​អ៊ុយក្រែន»។

លោក Blinken បាន​សរសើរ​មន្ត្រី​រដ្ឋាភិបាល​អ៊ុយក្រែន​សម្រាប់​វិធានការ​ផ្លូវ​ច្បាប់​សំខាន់ៗ​មួយ​ចំនួន ដែល​ពួកគេ​បាន​ធ្វើ​នៅ​ក្នុង​ការ​អនុម័ត​លើ​របៀបវារៈ​កំណែ​ទម្រង់ ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ឃើញ​ថា ដំណើរ​វិវឌ្ឍ​ទៅ​មុខ​បន្ថែម​ទៀត​ចាំបាច់​ត្រូវ​ធ្វើ​នៅ​ក្នុង​ផ្នែក​អភិបាលកិច្ច​សាជីវកម្ម កំណែ​ទម្រង់​តុលាការ និង​នៅ​ក្នុង​ការ​ធានា​យ៉ាង​ណា​ឲ្យ​មាន​ក្រុមប្រឹក្សា​ប្រឆាំង​អំពើ​ពុករលួយ​មួយ​ដែល​មាន​ឯករាជ្យ​ភាព​ពិត​ប្រាកដ។

លោក​បាន​និយាយ​ថា ជំហាន​ទាំង​នេះ​គឺ​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា រដ្ឋាភិបាល​ធ្វើ​អ្វីៗ​គឺ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ។

លោក​រដ្ឋមន្ត្រី Blinken បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​អំពើ​ពុករលួយ និង​សកម្មភាព​របស់​រុស្ស៊ី​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេស​អ៊ុយក្រែន​សម្រាប់​ហេតុផល​ដូច​គ្នា ដែល​នោះ​គឺ​ថា ទាំង​អំពើ​ពុករលួយ​និង​ទាំង​សកម្មភាព​របស់​រុស្ស៊ី​នេះ «បាន​ដក​ហូត​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​អ៊ុយក្រែន ដែល​ជា​សិទ្ធិ​ស្រប​ច្បាប់​របស់​ពួកគេ នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ដោយ​ខ្លួន​ឯង...ដើម្បី​រៀបចំ​អនាគត​ប្រទេស​របស់​ពួកគេ»។

លោក​រដ្ឋមន្ត្រី Blinken បាន​សង្កត់ធ្ងន់​ថា សហរដ្ឋ​អាមេរិក​ផ្ដល់​តម្លៃ​យ៉ាង​ជ្រាលជ្រៅ​លើ​មិត្តភាព​និង​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន នៅ​ក្នុង​ការ​ធានា​យ៉ាង​ណា​ឲ្យ​មាន​អនាគត​ប្រកប​ដោយ​ប្រជាធិបតេយ្យ​សម្រាប់​ប្រជាពលរដ្ឋ​អ៊ុយក្រែន និង​ទន្ទឹង​រង់ចាំ​គាំទ្រ​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ​នេះ​នៅ​ពេល​អនាគត៕

XS
SM
MD
LG