បទវិចារណកថា៖ សារៈសំខាន់​នៃ​ទឹក​សម្រាប់​សេចក្តី​ព្រាង​ច្បាប់​ពិភពលោក

ឯកសារ៖ ពិធី​សម្ពោធ​បើក​ដំណើរការ​ម៉ាស៊ីន​បូមទឹក​ដែល​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ នៅ​ខែកក្កដា ឆ្នាំ២០១២។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ឆ្នាំ​នេះ គឺជា​ខួប​ទី១០​នៃ​ច្បាប់​ Senator Paul Simon Water សម្រាប់​ពិភពលោក ដែល​ច្បាប់​នេះ​ត្រូវបាន​គេ​ដាក់​ឈ្មោះ​តាម​អ្នកនយោបាយ​អាមេរិកាំង​មួយ​រូប​ដែល​បាន​មើល​ឃើញ​វិបត្តិ​ទឹក​ជា​សាកល និង​យល់​ពី​ភាពស្មុគស្មាញ​នៃ​វិបត្តិ​នេះ។ លោក​បាន​ដឹកនាំ​ការជំរុញ​មួយ​នៅក្នុង​សភា​សហរដ្ឋ​អាមេរិក ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ទឹក​និង​ការមាន​អនាម័យ​សម្រាប់​សហគមន៍​ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​ជុំវិញ​ពិភពលោក។

ប្រធាន​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) អ្នកស្រី Samantha Power បាន​និយាយ​ថា៖ ដោយ​រំឭក​ដល់​ដំណើរ​ទស្សនកិច្ច​ដែល​លោក​បាន​ធ្វើ​ទៅ​កាន់​សមុទ្រ Aral ដែល​នឹង​រីងហួត​ទឹក​អស់​លោក​សមាជិក​ព្រឹទ្ធសភា Simon មាន​ការភ័យខ្លាច​ចំពោះ​ការមក​ដល់​នៃ​«ព្យុះ​ដែល​គ្មាន​ទឹក‍»រួម​ជាមួយនឹង​ការកើនឡើង​នៃ​ជំងឺនិង​ការផ្លាស់​ទីលំនៅ អស្ថិរភាព​ដែល​កំពុង​កើនឡើង​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស។

ទោះបីជា​លោក​សមាជិក​ព្រឹទ្ធសភា Simon មិន​បាន​នៅរស់​ដើម្បី​មើលឃើញ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ទទួល​បាន​ផ្លែផ្កា​ក៏ដោយ ក៏​នៅ​ឆ្នាំ២០០៥ សេចក្តី​ព្រាងច្បាប់ Paul Simon Water for the Poor Act ត្រូវបាន​អនុម័ត​ជា​ច្បាប់។ គោលបំណងរបស់​ច្បាប់​នេះ​គឺ​ដើម្បី​«ធ្វើឱ្យ​មាន​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត និង​ការមាន​អនាម័យ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​វា​ជា​គោលបំណង​នៃ​គោលនយោបាយ​ជាក់លាក់​នៃ​កម្មវិធី​ជំនួយ​បរទេស​របស់​សហរដ្ឋ​អាមេរិក‍»។

ប្រាំបួន​ឆ្នាំ​ក្រោយមក តាមរយៈ​ការអនុម័ត​ច្បាប់​ទឹក​សម្រាប់​ពិភពលោក​នេះ ច្បាប់​នេះ ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​រួមបញ្ចូល​កម្មវិធី​ទឹក ការមាន​អនាម័យ និង​ការរក្សា​អនាម័យ​ដែល​កំពុង​មាន​ការវិវត្ត​ជា​សាកល។ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ឬ USAID ត្រូវបាន​ប្រគល់​ភារកិច្ច​ជា​អ្នក​អនុវត្ត​កម្មវិធី​នេះ។

អ្នកស្រី Samantha Power បាន​និយាយ​ថា៖ «អ្វី‍ៗ​គ្រប់យ៉ាងត្រូវបាន​ប្រាប់ចាប់តាំងពី​សេចក្តី​ព្រាងច្បាប់​ទឹក​សម្រាប់​ពិភពលោក​ដ៏​ល្អ​នេះ​បាន​ក្លាយជា​ច្បាប់។ ទីភ្នាក់ងារ USAID បាន​ជួយ​មនុស្ស​ចំនួន​ ៤២​ លាន​នាក់​ឱ្យ​ទទួល​បាន​ទឹក​ស្អាត ហើយ​មនុស្ស​ចំនួន​ ៣៨​ លាន​នាក់​ទទួល​បាន​សេវាកម្ម​ផ្នែក​អនាម័យ‍»។

តែ​ទោះជា​យ៉ាងនេះ​ក៏​ដោយ សព្វ​ថ្ងៃ​នេះ ការខ្វះ​ទឹក​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​ដែល​មិន​ធ្លាប់​មាន​នៅ​ទូទាំង​ពិភពលោក។ អ្នកស្រី Power បាន​និយាយ​ថា៖ «ចាប់តាំងពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៩ ទឹក​គឺជា​មូលហេតុ​នៃ​ជម្លោះ​ជិត​៣០០ នៅ​ទូទាំង​ពិភពលោក‍»។ ហើយ​នោះ​គ្រាន់តែ​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ។ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​ថា កង្វះខាត​ទឹក​នឹង​នាំ​ឱ្យ​មាន​ការផ្លាស់​ទីលំនៅ និង​ការធ្វើ​ចំណាកស្រុក​របស់​មនុស្ស​ជិត ៧០០ លាន​នាក់​នៅ​ដំណាច់​ទសវត្សរ៍​នេះ។

ជាផ្នែក​មួយ​នៃ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​លើ​ផ្នែក​ទឹក និង​អនាម័យ ចាប់តាំងពី​ឆ្នាំ ២០០៨ ទីភ្នាក់ងារ USAID បាន​ជួយ​មនុស្ស​ ៧០ ​លាន​នាក់​ឱ្យ​ទទួល​បាន​សេវាកម្មទឹកស្អាត បាន​ជួយ​ផ្តល់​ឱ្យ​មនុស្ស​ជិត​៥៥ លាន​នាក់​នូវ​ការមាន​អនាម័យ​ប្រកប​ដោយ​ចិរភាព ហើយ​ចាប់តាំងពី​ឆ្នាំ២០១៨ មក ទីភ្នាក់ងារ USAID បាន​ប្រមូល​ថវិកា​បាន​ចំនួន​៥៩០ លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​វិស័យ​អនាម័យ ​និង​ទឹក។


អ្នកស្រី Power បាន​និយាយ​ទៀត​ថា៖ «ក៏ប៉ុន្តែ​ពេលនេះ​មិនមែន​ជា​ពេល​ឈប់សម្រាក​ទេ។ កង្វះទឹក ... គឺជា​បញ្ហា​ប្រឈម​ធំ​ជាង​មុន ដោយសារ​អាកាសធាតុ​អាក្រក់ និង​កំដៅ​ខ្លាំង​ប៉ះពាល់​ដល់​សហគមន៍​ជាច្រើន ដែល​បើ​ប្រៀបធៀប​ទៅនឹង​អតីតកាល វា​ជា​រឿង​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង។ យើង​ត្រូវ​បញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការលើក​កម្ពស់​សន្តិសុខ​ទឹក​ជា​សាកល ដោយ​ជួយ​មនុស្ស​គ្រប់រូប​ឱ្យ​យល់​ដឹង​អំពី​សិទ្ធិ​ជាសកល​ក្នុង​ការទទួល​បាន​ទឹកស្អាត ការមាន​អនាម័យ និង​ការរក្សា​អនាម័យ‍»៕