តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ថ្ងៃទី ២២ ខែមីនា គឺជាទិវាទឹកពិភពលោក ដែលគូសបញ្ជាក់អំពីសារៈសំខាន់នៃទឹកស្អាត អនាម័យ និងតម្រូវការឱ្យមានការគ្រប់គ្រងធនធានទឹកសាបប្រកបដោយចីរភាព។ ប្រធានបទនៃទិវាទឹកពិភពលោកនៅក្នុងឆ្នាំនេះគឺការពន្លឿនការផ្លាស់ប្ដូរដើម្បីដោះស្រាយវិបត្តិទឹកនិងអនាម័យពិភពលោក ដោយគូសបញ្ជាក់អំពីការពិតដែលថាពេលវេលាគឺកាន់តែខើចហើយដើម្បីសម្រេចឱ្យបាននូវគោលដៅទី ៦ របស់អង្គការសហប្រជាជាតិស្ដីពីអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបញ្ជាក់នៅលើ Twitter កាលពីពេលថ្មីៗនេះថា៖ «ពិភពលោកគឺឃ្លាតចាកដ៏គួរឱ្យសោកស្ដាយពីគន្លងនៅក្នុងការសម្រេចឱ្យបាននូវគោលដៅរបស់យើងដើម្បីឱ្យមានទឹកស្អាតនិងអនាម័យសម្រាប់មនុស្សគ្រប់គ្នានៅត្រឹមឆ្នាំ ២០៣០ ខាងមុខ។ មនុស្សរាប់ពាន់លាននាក់នៅតែមិនមានទឹកស្អាតនិងបង្គន់អនាម័យ»។
ជាការពិត នៅពេលបច្ចុប្បន្ននេះ មនុស្សប្រមាណមួយភាគបួននៅលើពិភពលោកមិនមានសេវាទឹកបរិភោគដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពនោះទេ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ស្ដីពីស្ថានភាពទឹកបរិភោគពិភពលោក។ ករណីនេះមានន័យថា មនុស្សជាង ២ ពាន់លាននាក់នៅទូទាំងពិភពលោកមិនមានលទ្ធភាពទទួលបានទឹកសាបស្អាតសម្រាប់បរិភោគឬក៏អនាម័យសមរម្យនោះទេ។
អង្គការសុខភាពពិភពលោកបានបញ្ជាក់កាលពីខែតុលាឆ្នាំមុនថា៖ «ដំណើរការមិនល្អនៅទូទាំងវិស័យទឹកធ្វើឱ្យអន្តរាយដល់ដំណើរវិវឌ្ឍលើបញ្ហាសំខាន់ៗទាំងអស់នៅលើពិភពលោកតាំងពីបញ្ហាសុខភាពរហូតដល់បញ្ហាអត់ឃ្លាន បញ្ហាវិសមភាពយេនឌ័ររហូតដល់បញ្ហាការងារ បញ្ហាអប់រំរហូតដល់បញ្ហាឧស្សាហកម្ម បញ្ហាគ្រោះមហន្តរាយរហូតដល់បញ្ហាសន្តិភាព»។
ការពិតគឺថា ការវិនិយោគលើផ្នែកសន្តិសុខទឹកនិងអនាម័យគឺសំខាន់សម្រាប់ដំណើរវិវឌ្ឍទៅមុខនូវគ្រប់ផ្នែកទាំងអស់នៃការអភិវឌ្ឍនៅលើសាកលលោក។
ទោះជាយ៉ាងណាក៏ដោយ នៅឯកម្រិតមូលដ្ឋានបំផុត នេះមិនមែនគ្រាន់តែអំពីដំណើរវិវឌ្ឍទៅមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីការសន្សំនិងការលើកកម្ពស់ជីវភាពរស់នៅផងដែរ។ ជារៀងរាល់ឆ្នាំ មនុស្សប្រហែល ៨៣០.០០០ នាក់ស្លាប់ដោយសារជំងឺរាករូសដែលពាក់ព័ន្ធនឹងទឹក។ មនុស្សជាច្រើន ប្រសិនបើមិនច្រើនបំផុត ក្នុងចំណោមនោះគឺជាកុមារក្រោមអាយុ ៥ ឆ្នាំ។ ប្រសិនបើមានលទ្ធភាពដ៏គួរឱ្យទុកចិត្តក្នុងការទទួលបានទឹកស្អាតនិងអនាម័យ ការស្លាប់ស្ទើរតែទាំងអស់នេះអាចបង្ការបាន។
កាលពីខែតុលាឆ្នាំមុន សហរដ្ឋអាមេរិកបានចេញផ្សាយយុទ្ធសាស្ត្រទឹកសាកលលោករបស់ខ្លួនសម្រាប់រយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំសារពើពន្ធ ២០២៣ នេះតទៅ។
ដោយធ្វើការតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដោតការយកចិត្តទុកដាក់ជាចម្បងលើប្រទេសចំនួន ២២ ដែលខ្លួនចាត់ទុកថាជាអាទិភាពខ្ពស់សម្រាប់ការកសាងពិភពលោកមួយដែលមានសុវត្ថិភាពទឹកប្រសើរជាងមុននៅចំពេលដែលកំពុងមានការប្រឈមជាបន្ត។
សហរដ្ឋអាមេរិកសង្ឃឹមថានឹងសម្រេចបានតាមគោលដៅរយៈពេល ៥ ឆ្នាំរបស់ខ្លួននេះនៃការធានាដោយផ្ទាល់ថាមនុស្ស ២២ លាននាក់មានលទ្ធភាពទទួលបានសេវាទឹកប្រើប្រាស់ ហើយមនុស្ស ២២ លាននាក់មានលទ្ធភាពទទួលបានសេវាអនាម័យស្អាត ដែលចំនួនពាក់កណ្ដាលនៃអ្នកទាំងនេះមិនដែលទទួលបានសេវាទាំងនេះពីមុនមកនោះទេ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris បាននិយាយថា៖ «ពិភពលោករបស់យើងគឺកាន់តែតភ្ជាប់គ្នានិងពឹកពាក់លើគ្នាជាងពេលណាៗទាំងអស់។ កង្វះទឹកគឺជាបញ្ហាសាកល ហើយបញ្ហានេះត្រូវតែដោះស្រាយតាមរយៈដំណោះស្រាយជាសាកលមួយ»៕