Accessibility links

Breaking News

បទវិចារណកថា៖ ការប្រឈម​ផ្សំ​គ្នា​រវាង​គ្រោះ​អត់ឃ្លាន​​សាកល​និង​វិបត្តិ​អាកាសធាតុ


រូបឯកសារ៖ ការច្រូតកាត់​ប្រមូល​ផលស្រូវ​សាលី​នៅ​ក្បែរ​ភូមិ Krasne ក្នុង​តំបន់ Chernihiv ចម្ងាយ​ប្រមាណ ១២០ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ទីក្រុងកៀវ​នៃ​ប្រទេស​អ៊ុយក្រែន។
រូបឯកសារ៖ ការច្រូតកាត់​ប្រមូល​ផលស្រូវ​សាលី​នៅ​ក្បែរ​ភូមិ Krasne ក្នុង​តំបន់ Chernihiv ចម្ងាយ​ប្រមាណ ១២០ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ទីក្រុងកៀវ​នៃ​ប្រទេស​អ៊ុយក្រែន។

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បើ​តាម Cary Fowler ប្រេសិត​ពិសេស​របស់​រដ្ឋបាល​លោក Biden ​សម្រាប់​ភាពអត់​ឃ្លាន​សាកល​ថ្លែង​ថា៖ «កសិកម្ម​កំពុង​ប្រឈម​នឹងឧបសគ្គ​ផ្សំ​គ្នា​មិន​ធា្លប់​មាន​ពីមុនក្នុង​ប្រវត្តិសាស្ត្រ​គឺ​ការ​ផលិត​អាហារឱ្យ​បាន​ច្រើន​ជាង​មុន ​ជាមួយ​ផ្ទៃ​ដី​កាន់​តែតិច​ ជាមួយទឹក​កាន់​តែតិច​ នៅ​ក្នុង​បរិបទ​នៃ​ការ​មាន​ជម្លោះ​កើន​ច្រើន​ជាង​មុន​ ​និង​ក្នុង​ការ​ប្រឈម​នឹង​ធាតុអាកាស​មានការ​ប្រែប្រួល​ឆាប់​រហ័ស‍»។​

លោក Jose Fernandez អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ការ​លូត​លាស់​សេដ្ឋកិច្ច​ ថាមពល និងបរិស្ថាន​ បាននិយាយ​ថា នៅ​ពេល​ជា​មួយ​គ្នា​នេះ «នេះ​ជា​ពេល​វេលាដ៏​សំខាន់​មួយ​សម្រាប់​សន្តិសុខ​ស្បៀង‍»។

លោកបាន​និយាយ​ថា៖ «ក្នុង​ឆ្នាំ​២០២១​ មនុស្ស​ជាង​១៦០​លាននាក់​នៅ​ទូទាំងពិភពលោកបាន​ជួប​ប្រទះ​អសន្តិសុខ​ស្បៀងធ្ងន់ធ្ងរ​គឺ​កើន​ឡើង១៩​ភាគរយ​ គឺ​១៩​ភាគរយ ពីមួយ​ឆ្នាំ​មុន​នោះ‍»។

លោក​អនុរដ្ឋមន្ត្រី Fernandez ​បានថ្លែង​ថា៖ «បញ្ហាអសន្តិសុខ​ស្បៀង​កើន​ខ្លាំង​ជា​អាសន្ន​ជាង​មុន ហើយផល​ប៉ះពាល់​នៃអសន្តិសុខ​ស្បៀងមាន​រាលដាល ​និងនាំ​ឱ្យ​មានផល​វិបាក​ខ្លាំង‍»។

លោក​បានថ្លែងថា៖ «នៅ​ពេល​មាន​អសន្តិសុខ​ស្បៀង ក្រុម​កសិករ​បាត់បង់ជីវភាព​ពួក​គេ។ ឪពុកម្តាយចំណាយ​ពេល​ច្រើនម៉ោង​រៀង​រាល់ថ្ងៃ​ដើម្បី​ឱ្យ​មាន​អាហារ​សម្រាប់​គ្រួសារ។ ក្រុម​កុមារស្រេកឃ្លានតស៊ូ​រៀន​សូត្រ​ ហើយពួក​គេមាន​ផលវិបាក​ខាង​សុខភាពមិន​អាច​ប្រែ​ក្រឡះបាន។ ក្រុម​មនុស្ស​ងាយ​រង​គ្រោះមាន​ការ​លំបាកខ្លាំង​បំផុត​ ហើយ​អសន្តិសុខ​ស្បៀង​ក៏​រារាំងការលូតលាស់​សេដ្ឋកិច្ច​ និង​បង្កើន​គ្រោះ​ថ្នាក់នៃជម្លោះ​ហិង្សា ​និងចលាចល​ស៊ីវិល‍​ផង​ដែរ»។

លោកអនុរដ្ឋមន្ត្រី Fernandez បាន​និយាយថា សហរដ្ឋ​អាមេរិកប្តេជ្ញា​ប្រយុទ្ធ​ជា​សាកល​ប្រឆាំង​អសន្តិសុខ​ស្បៀង ដោយដោះស្រាយបុព្វហេតុជា​ឫស​គល់នៃ​ការ​ស្រេក​ឃ្លាន ​និង​បំពេញ​សេចក្តី​ត្រូវការជា​បន្ទាន់​របស់​ក្រុម​ជនដែល​រង​ទុក្ខ​វេទនា​នៅ​ទូទាំង​ពិភពលោក។​

ទី​មួយ យើង​កំពុង​ធ្វើការដើម្បី​ដោះស្រាយបញ្ហា​ការបង្អាក់ចង្វាក់​នៃ​ការ​ផ្គត់ផ្គង់​ស្បៀងសាកល​ និង​ប្រមូលធនធាន​សម្រាប់​បំពេញសេចក្តី​ត្រូវការ​ខាង​មនុស្សធម៌​ជា​បន្ទាន់។ ដើម្បី​សម្រេច​គោលដៅ​នេះ ចាប់តាំង​ពី​ខែ​កុម្ភៈ​មក សហរដ្ឋ​អាមេរិក​បាន​ផ្តល់ជំនួយ​ស្បៀង​គ្រា​មាន​អាសន្នជា​សាកល​ជិត​ចំនួន​២.៦០០​លាន​ដុល្លារ។

ទីពីរ​ យើង​សហការជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ ​ដើម្បី​បន្ធូរបន្ថយ​ការ​ខ្វះ​ជី​ជា​សាកល។

ទីបី​ យើង​បន្តបង្កើនសមត្ថភាព និងភាព​ធន់​កសិកម្មតាម​រយៈ​កម្មវិធី Feed the Future ដែលជា​គម្រោងផ្តើម​គំនិត​ខាង​ការ​ស្រេកឃ្លាន​និង​អសន្តិសុខ​ស្បៀង​សាកលរបស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។​

ទីបួន យើង​កំពុង​ធ្វើការ​ជាមួយដៃ​គូ​ជាច្រើន ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ និង​អង្គការ​ពហុភាគី​ឯ​ទៀតៗ​ដើម្បីផ្តល់​ការ​ជួយ​សង្គ្រោះជា​បន្ទាន់ ​និង​សម្រាល​ផល​ប៉ះពាល់​ដោយសារកំណើនតម្លៃ​ស្បៀង​អាហារទៅ​លើ​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​បំផុត។

ហើយ​ជាទី​បញ្ចប់ ដើម្បី​សម្រេច​គោលដៅ​ទាំង​នេះ យើង​បង្កើនទំនាក់ទំនងខាងការ​ទូតនៅ​ក្នុង​ទំនាក់ទំនងទ្វេភាគីរបស់​យើង​ និង​នៅ​លើ​ឆាក​អន្តរជាតិ។ កិច្ច​ប្រឹងប្រែង​នេះក៏​នឹងនាំ​មក​ជុំ​គ្នា​បណ្តាប្រទេស​មានផល​ប៉ះ​ពាល់​ខ្លាំង​បំផុតដោយ​អសន្តិសុខ​ស្បៀង និងបណ្តា​ប្រទេសមានលទ្ធភាព​ច្រើន​បំផុត​ក្នុង​ការ​ជួយ។

លោកអនុរដ្ឋមន្ត្រី Fernandez បានថ្លែង​ថា៖ «នេះ​ជា​វិបត្តិ​មនុស្សធម៌ នេះ​ជាវិបត្តិ​សុខភាព។ វា​ជា​បញ្ហា​ខាង​សេដ្ឋកិច្ច​ និង​ខាងសន្តិសុខ​ជាតិ។ នេះ​ជា​បញ្ហាសីលធម៌។ គ្មាន​កុមារណាម្នាក់​នៅ​លើ​ផែនដីនេះគួរ​រង​គ្រោះដោយសារភាព​អត់ឃ្លាន​ឡើយ‍»៕

XS
SM
MD
LG