តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អង្គការសហប្រជាជាតិកំណត់និយមន័យថា ទុរ្ភិក្សជាពេលដែលប្រជាជន កំពុងជួបប្រទះបញ្ហាអសន្តិសុខស្បៀងធ្ងន់ធ្ងរដោយមិនបានបរិភោគអាហារអស់ជាច្រើនថ្ងៃ។
មនុស្សលោក មិនមែនជួបទុរ្ភិក្សដោយសារពិភពលោក មិនបានផលិតអាហារគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នានោះទេ។ ទោះបីជាមានស្បៀងអាហារគ្រប់គ្រាន់នៅលើពិភពលោកដើម្បីផ្តល់អាហារដល់មនុស្សរាល់គ្នានៅលើភពផែនដីក៏ដោយ ក៏នៅតែមានប្រជាជនប្រមាណ៧៤៦លាននាក់នៅទូទាំងពិភពលោក ចូលដេកទាំងស្រេកឃ្លានជារៀងរាល់យប់ដែរ។
នៅថ្ងៃទី២៨ ខែឧសភា យើងប្រារព្ធទិវាទុរ្ភិក្សពិភពលោក។ ឆ្នាំនេះជាឆ្នាំទី១០ នៃការប្រារព្ធទិវាទុរ្ភិក្សដែលមានគោលបំណងផ្តោតការយកចិត្តទុកដាក់លើការណ៍ពិតដែលថា ទោះបី មានការរីកចម្រើនជាសកលក៏ដោយ ក៏ជារៀងរាល់ឆ្នាំមានមនុស្ស៩លាននាក់ បានស្លាប់ដោយសារផលវិបាកពីភាពស្រេកឃ្លាន។
អស់រយៈពេលជាងមួយទសវត្សរ៍ ចំនួនប្រជាជនដែលទទួលរងដោយសារភាពអត់ឃ្លានរ៉ាំរ៉ៃ បានធ្លាក់ចុះជាបន្តបន្ទាប់។ នេះ បើយោងតាមអង្គការសហប្រជាជាតិ។ មនុស្ស១៥ភាគរយនៃចំនួនប្រជាជនពិភពលោក មិនបានទទួលអាហារូបត្ថម្ភគ្រប់គ្រាន់ទេក្នុងរយៈពេល ៤ ឆ្នាំដំបូងនៃសតវត្សរ៍នេះ ប៉ុន្តែតួលេខនេះ បានថយចុះមកនៅមិនដល់៩ ភាគរយទេ នៅឆ្នាំ២០១៥។ ទោះយ៉ាងណា ក្នុងរយៈពេល៥ ឆ្នាំខាងមុខមនុស្សកាន់តែច្រើននឹងចាប់ផ្តើមមានអសន្តិសុខស្បៀងម្តងទៀត។ ភាគច្រើនដោយសារតែជម្លោះ បញ្ហាអាកាសធាតុអាក្រក់ខ្លាំង និងការប៉ះទង្គិចផ្សេងទៀតចំពោះឱកាសសេដ្ឋកិច្ច។ ចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ ចំនួនប្រជាជនខ្វះអាហារូបត្ថម្ភកើនឡើង១០លាននាក់។
បន្ទាប់មកមានការរាតត្បាតនៃជំងឺកូវីដ១៩ និងផលប៉ះពាល់ផ្សេងៗ ដែលបណ្តាលមកពីជំងឺនេះ។ អន្តរាយខាងសេដ្ឋកិច្ច កំពុងបណ្តាលឱ្យទីផ្សារការងារ មិនសូវល្អ និងកាត់បន្ថយប្រាក់ចំណូល។ ទន្ទឹមនឹងនេះដែរ បរាជ័យក្នុងសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារនាំឲ្យការផ្គត់ផ្គង់ ស្បៀងអាហារមានការថយចុះដែលបណ្តាលឱ្យតម្លៃស្បៀងអាហារឡើងថ្លៃ។ ផលប៉ះពាល់លើប្រជាជនក្រីក្របំផុត និងងាយរងគ្រោះបំផុត គឺអ្នកដែលកំពុងរងគ្រោះពីអសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភ គឺកាន់តែគ្រោះថ្នាក់។ ហើយដោយសារជំងឺកូវីដ១៩ រំខានប្រព័ន្ធដឹកជញ្ជូនសកល ដូច្នេះវាកាន់តែពិបាកក្នុងការផ្តល់អាហារដល់ដល់សហគមន៍ដែលត្រូវការជំនួយ។
សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយស្បៀងអាហារអន្តរជាតិធំជាងគេបំផុតលើពិភពលោក។ ដោយធ្វើការតាមរយៈកម្មវិធី ឈ្មោះ Feed the Future មានន័យថា ផ្តល់អាហារពេលអនាគតដែលជាគំនិតផ្តួចផ្តើមទប់ស្កាត់ទុរ្ភិក្សដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយនឹងកម្មវិធីជំនួយជាច្រើនទៀតតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ក្រសួងការបរទេស និងក្រសួងកសិកម្ម សហរដ្ឋអាមេរិក នឹងបន្តនាំមុខនៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានដ៏យូរមកហើយនេះ៕