តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
បើយោងតាមបណ្តាញប្រព័ន្ធព្រមានជាមុនអំពីគ្រោះទុរភិក្ស (Famine Early Warning Systems Network (FEWS NET)) ដែលគ្រប់គ្រងដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ USAID ប្រទេសស៊ូដង់ខាងត្បូង កំពុងជួបប្រទះនឹងវិបត្តិមួយទៀតដែលមានបញ្ហាជាច្រើនពាក់ព័ន្ធ។ ទំហំនិងភាពធ្ងន់ធ្ងរនៃបញ្ហាអសន្តិសុខស្បៀងអាហារ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង រហូតដល់ខែមករា ឆ្នាំ ២០២១ ខាងមុខ នឹងនៅតែមានកម្រិតខ្ពស់បំផុតដដែលចាប់តាំងពីឆ្នាំ ២០១៤ មក។
ស្ថានភាពធាតុអាកាសអាក្រក់ធ្ងន់ធ្ងរ និងអស្ថិរភាពសេដ្ឋកិច្ចគឺជាផ្នែកនៃបញ្ហានេះ ប៉ុន្តែសង្គ្រាមដ៏ឃោរឃៅក៏ជាផ្នែកមួយនៃបញ្ហានេះផងដែរ។
បើយោងតាមអង្គការកម្មវិធីស្បៀងអាហារពិភពលោក ទឹកជំនន់ដែលកើតឡើងនៅមុនរដូវច្រូតកាត់ប្រចាំឆ្នាំចូលមកដល់ បានជន់លិចទីវាលនានា សម្លាប់បសុសត្វ បណ្តាលឲ្យស្ថានភាពផុយស្រួយរួចស្រេចទៅហើយកាន់តែអាក្រក់ថែមទៀត និងបណ្ដាលឲ្យមានគ្រោះអត់ឃ្លាន ការខ្វះអាហារូបត្ថម្ភនិងការចាកចេញពីផ្ទះសម្បែង។ កុមារអាយុតិចជាង ៥ ឆ្នាំ ជាក្រុមដែលរងគ្រោះខ្លាំងជាងគេ។
នៅស្របពេលជាមួយគ្នានេះដែរ ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ និងវិធានការបង្ការចាំបាច់នានា បានរឹតតែធ្វើឲ្យវិបត្តិមនុស្សធម៌ដែលធ្ងន់ធ្ងររួចទៅហើយនោះ កាន់តែយ៉ាប់យ៉ឺនជាងមុនបន្ថែមទៀត និងបានធ្វើឲ្យប្រព័ន្ធសុខាភិបាលផុយស្រួយស្រាប់កាន់តែពិបាកជាងមុនបន្ថែមទៀត។ ជាលទ្ធផល នៅពេលបច្ចុប្បន្ននេះ មនុស្សប្រហែល ៧ លាន ៥ សែននាក់ ត្រូវការជំនួយមនុស្សធម៌នៅក្នុងប្រទេសស៊ូដង់ខាងត្បូង។
កាលពីថ្ងៃទី ២៤ ខែកញ្ញាកន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយមនុស្សធម៌ជិត ១០៨ លានដុល្លារដល់ប្រជាពលរដ្ឋស៊ូដង់ខាងត្បូង ដែលក្នុងនោះមានទាំងជនជាតិស៊ូដង់ខាងត្បូងនៅក្នុងប្រទេសជិតខាងផងដែរ។ សហរដ្ឋអាមេរិកបានប្រកាសដូច្នេះ នៅក្នុងពិធីកម្រិតខ្ពស់មួយនៃមហាសន្និបាតអង្គការសហប្រជាជាតិដែលរៀបចំដោយសហរដ្ឋអាមេរិក ដែលមានឈ្មោះថា៖ «ការសន្ទនាជាមួយប្រទេសផ្ដល់ជំនួយច្រើនជាងគេបំផុតទាំង ១០ នៅលើពិភពលោកអំពីតម្រូវការផ្នែកមនុស្សធម៌លើសាកលលោក»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា៖ «ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកបានផ្តល់ជំនួយម្ហូបអាហារគ្រាអាសន្ន សេវាសុខាភិបាល លទ្ធភាពទទួលបានទឹកស្អាតបរិភោគនិងអនាម័យ និងជំនួយសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាយេនឌ័រនៅក្នុងប្រទេសស៊ូដង់ខាងត្បូង»។
លោករដ្ឋមន្ត្រី Pompeo បានថ្លែងដូច្នេះថា៖ «ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកក៏ផ្តល់ជាលក្ខណៈបែបសកម្មភាពជួយសង្គ្រោះជីវិតដល់ជនភៀសខ្លួនស៊ូដង់ខាងត្បូងជិត ២ លាន ២ សែននាក់នៅក្នុងប្រទេសជិតខាង ដែលភាគច្រើនជាស្ត្រីនិងកុមារ ក៏ដូចជាផ្ដល់ដល់សហគមន៍ក្នុងមូលដ្ឋានដែលទទួលជនភៀសខ្លួនទាំងនោះឲ្យរស់នៅផងដែរ»។
សហរដ្ឋអាមេរិកក៏ផ្តល់ការគាំទ្រដល់សេវាដឹកជញ្ជូនជំនួយមនុស្សធម៌តាមអាកាសរបស់អង្គការសហប្រជាជាតិ ដើម្បីដឹកបុគ្គលិកផ្នែកជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះនានានៅទូទាំងប្រទេសស៊ូដង់ និងផ្ដល់ការគាំទ្រដល់ប្រតិបត្តិការនៃបណ្តាញអង្គការក្រៅរដ្ឋាភិបាលជិត ៣០ ផងដែរ។
លោករដ្ឋមន្ត្រី Pompeo បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកនៅតែជាប្រទេសតែមួយគត់ដែលផ្តល់ជំនួយមនុស្សធម៌ច្រើនជាងគេបំផុតទៅឲ្យប្រទេសស៊ូដង់ខាងត្បូង និងសាកលលោក។ យើងនឹងនៅបន្តធ្វើជាកាតាលីករសម្រាប់ការឆ្លើយតបអន្តរជាតិដើម្បីកាត់បន្ថយទុក្ខវេទនារបស់ប្រជាពលរដ្ឋស៊ូដង់ខាងត្បូង»។
លោករដ្ឋមន្ត្រី Pompeo បានបន្ថែមទៀតថា៖ «យើងអរគុណចំពោះវិភាគទានរបស់ប្រទេសផ្តល់ជំនួយនានាមកទល់នឹងពេលបច្ចុប្បន្ននេះ ប៉ុន្តែទទួលស្គាល់ថា តម្រូវការចាំបាច់នានានៅមាន ហើយអំពាវនាវដល់ប្រទេសផ្តល់ជំនួយបច្ចុប្បន្ន និងប្រទេសផ្តល់ជំនួយថ្មីៗឱ្យធ្វើវិភាគទានថ្មី ឬធ្វើតាមការសន្យានៅក្នុងការធ្វើឲ្យជំនួយសង្គ្រោះជីវិតមនុស្សនេះអាចទៅរួច»៕