Accessibility links

Breaking News

បទវិចារណកថា៖ ទង្វើ​អាក្រក់ ធ្វើឲ្យ​វិបត្តិ​ក្លាយជា​គ្រោះ​មហន្តរាយ​មនុស្សធម៌


រូបឯកសារ៖ ថង់​អំណោយ​ស្បៀង ត្រូវបាន​គេ​ឃើញ​នៅ​សាលា​បឋម​សិក្សា Tsehaye ក្នុង​ក្រុង Shire ក្នុង​តំបន់ Tigray។
រូបឯកសារ៖ ថង់​អំណោយ​ស្បៀង ត្រូវបាន​គេ​ឃើញ​នៅ​សាលា​បឋម​សិក្សា Tsehaye ក្នុង​ក្រុង Shire ក្នុង​តំបន់ Tigray។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

មហន្តរាយ​មនុស្សធម៌​ កំពុង​កើតឡើង​នៅ​តំបន់ Tigray នៃ​ប្រទេស​អេត្យូពី និង​តំបន់ Afar និង​តំបន់ Amhara ដែល​នៅ​ជិតខាង។

ការ​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល ៩ ខែ រវាង​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​គាំទ្រ​គណបក្ស​រណសិរ្ស​រំដោះ​ប្រជាជន Tigray (Tigray People's Liberation Front) និង​កង​កម្លាំង​ការពារ​ជាតិ​អេត្យូពី បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​តំបន់ Tigray ជួប​ប្រទះ​កង្វះ​ខាត​ធនធាន។

គិត​ត្រឹម​ដើម​ខែ​មិថុនា ប្រជាពលរដ្ឋ​តំបន់ Tigray ចំនួន​រហូត​ដល់​ទៅ ៩០០.០០០ នាក់ បាន​ប្រឈម​នឹង​គ្រោះ​អត់ឃ្លាន ហើយ​ប្រជាពលរដ្ឋ ៥ លាន ២ សែន​នាក់​ទៀត ដែល​ស្មើ​នឹង​ជិត ៩០% នៃ​ប្រជាពលរដ្ឋ​សរុប​ក្នុង​តំបន់ Tigray ត្រូវការ​ជំនួយ​ស្បៀង​អាហារ។

ក្ដី​សង្ឃឹម​ដែល​ថា ​ស្ថានភាព​នេះ​ អាច​មាន​ភាព​ប្រសើរ​ឡើង​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ២៨ ខែ​មិថុនា​កន្លង​ទៅ​នេះ នៅ​ពេល​ដែល​រដ្ឋាភិបាល​អេត្យូពី​បាន​ប្រកាស​នូវ​កិច្ច​ផ្អាក​ការ​វាយ​ប្រយុទ្ធ​គ្នា​ជា​ឯកតោ​ភាគី​ដើម្បី​មនុស្សធម៌ និង​ការ​ដក​កង​កម្លាំង​ការពារ​ជាតិ​អេត្យូពី​ចេញ​ពី​ក្រុង Mekelle នៃ​តំបន់ Tigray។

ប៉ុន្តែ តំបន់ Tigray នៅតែ​ត្រូវ​បាន​កាត់ផ្ដាច់​ពី​សេវា​សំខាន់ៗ​នានា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ដឹក​ជញ្ជូន​បែប​មនុស្សធម៌​នូវ​ស្បៀង​អាហារ​និង​ឥន្ធនៈ​ផងដែរ។ ផ្លូវ​ចូល​ទៅកាន់​តំបន់ Tigray ត្រូវបាន​រាំង​ខ្ទប់ ស្ពាន​មួយ​ដែល​ដើរ​តួ​ជា​បណ្ដាញ​ផ្លូវ​គោក​តែ​មួយ​គត់​ឆ្ពោះ​ទៅកាន់​ផ្នែក​កណ្ដាល​នៃ​តំបន់ Tigray ត្រូវ​បាន​បំផ្លាញ ហើយ​សំណើ​ស្នើ​សុំ​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​តាម​យន្តហោះ​ពី​រដ្ឋធានី​អាឌីសអាបេបា​ទៅកាន់​តំបន់ Tigray ត្រូវ​បាន​គេ​ព្រងើយ​កន្ដើយ។

ការ​រីក​រាលដាល​នៃ​ជម្លោះ​នេះ​ចូល​ទៅ​ក្នុង​តំបន់ Amhara និង​តំបន់ Afar ដែល​ជា​តំបន់​ជិតខាង ក៏​បាន​បង្ក​នូវ​ផល​វិបាក​ផងដែរ ដោយ​ជន​ផ្លាស់ទី​ដោយ​បង្ខំ​នៅ​ក្នុង​ប្រទេស (IDP) រាប់​សែន​នាក់ នៅ​ក្នុង​តំបន់​ទាំង​នេះ កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​ខ្លាំងក្លា​បំផុត។

ជាង​នេះ​ទៀត ជន​ភៀសខ្លួន​អេរីត្រេ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អេត្យូពី ​បាន​រង​ការ​វាយ​ប្រហារ​ពី​កង​កម្លាំង​ការពារ​ជាតិ​អេរីត្រេ​ផង​ និង​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​គណបក្ស​រណសិរ្ស​រំដោះ​ប្រជាជន Tigray ផង។ សហរដ្ឋ​អាមេរិក​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​លើ​ការ​វាយ​ប្រហារ​ទាំង​នេះ។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) តាំងចិត្ត​ជួយ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​អេត្យូពី តាមរយៈ​ការ​បន្ត​ផ្ដល់​ជំនួយ​សង្គ្រោះ​ជីវិត ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ផ្ដល់​ជំនួយ​នេះ​ដល់​តំបន់ Amhara និង​តំបន់ Afar ផងដែរ ប្រសិនបើ​ស្ថានភាព​សន្តិសុខ​មាន​លក្ខណៈ​អំណោយផល។

ប្រធាន​ទីភ្នាក់ងារ USAID អ្នកស្រី Samantha Power បាន​និយាយ​ថា៖ «លំហូរ​នៃ​ជំនួយ​មនុស្សធម៌ [ទៅកាន់​តំបន់ Tigray] នៅតែ​មាន​ការ​ខ្វះខាត​ខ្លាំង។ ការ​ខ្វះខាត​នេះ​ គឺ​មិនមែន​ដោយសារតែ​មិន​មាន​ស្បៀង​អាហារ​ផ្ដល់​ជូន​នោះ​ទេ ប៉ុន្តែ ​គឺ​ដោយសារតែ​រដ្ឋាភិបាល​អេត្យូពី​រារាំង​ជំនួយ​មនុស្សធម៌​និង​បុគ្គលិក​មនុស្សធម៌ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​និង​ផ្លូវ​អាកាស​ផងដែរ»។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​កត់សម្គាល់​ថា៖ «អង្គការ​មនុស្សធម៌​ត្រូវការ​ដឹក​ជំនួយ​និង​គ្រឿង​ផ្គត់ផ្គង់​នានា​តាម​ឡាន​ដឹក​ទំនិញ​ប្រហែល ១០០ គ្រឿង ទៅកាន់​ក្រុង Mekelle ជា​រៀងរាល់​ថ្ងៃ។ ប៉ុន្តែ តាំងពី​ពាក់​កណ្ដាល​ខែ​កក្កដា​មក មានតែ​ឡាន​ដឹក​ជំនួយ​តិច​ជាង ១០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ដែល​អាច​ចូល​ទៅកាន់​ក្រុង​នោះ​បាន»។

បើ​យោង​តាម​អង្គការ​សហប្រជាជាតិ ប្រសិនបើ​ការ​ដឹក​ជញ្ជូន​ជំនួយ​មិន​អាច​ចាប់ផ្ដើម​ឡើង​វិញ​បាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទេ នោះ​នឹង​មាន​ការ​ប៉ះពាល់​ភ្លាមៗ​ដល់​អាយុ​ជីវិត​របស់​មនុស្ស​រាប់​សែន​នាក់ ខណៈពេល​ដែល​មនុស្ស​រាប់​សែន​នាក់​ផ្សេង​ទៀត​ជិត​ធ្លាក់​ចូល​ទៅ​ក្នុង​គ្រោះ​ទុរភិក្ស។

អ្នកស្រី Power បាន​បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អេត្យូពី​អនុញ្ញាត​ជា​បន្ទាន់​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ចូល​ទៅកាន់​តំបន់ Tigray ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ការ​បង្អាក់​ធ្ងន់ធ្ងរ​ដល់​ជំនួយ​ស្បៀង​អាហារ​ដែល​មនុស្ស​រាប់​លាន​នាក់​ត្រូវការ​ដើម្បី​រស់»៕

XS
SM
MD
LG