Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​លើ​ឧត្តមសេនីយ​នៃ​កងកម្លាំង​ការពារ​ប្រទេស​អេរីត្រេ


សមាជិកនៃកងកម្លាំងការពារប្រទេសអេត្យូពី​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​កងកម្លាំង នៃ​តំបន់ Tigray សម្លឹង​មើលពី​ខាងក្នុង​ខ្លោងទ្វារ​ពន្ធនាគារ​ដែល​ឥឡូវនេះ​ពួកគេ​ត្រូវបាន​ឃុំខ្លួន​ជា​អ្នកទោស​សង្គ្រាម​នៅក្រុង Mekele ក្នុងតំបន់ Tigray ភាគខាងជើង​ប្រទេសអេត្យូពី កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។
សមាជិកនៃកងកម្លាំងការពារប្រទេសអេត្យូពី​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​កងកម្លាំង នៃ​តំបន់ Tigray សម្លឹង​មើលពី​ខាងក្នុង​ខ្លោងទ្វារ​ពន្ធនាគារ​ដែល​ឥឡូវនេះ​ពួកគេ​ត្រូវបាន​ឃុំខ្លួន​ជា​អ្នកទោស​សង្គ្រាម​នៅក្រុង Mekele ក្នុងតំបន់ Tigray ភាគខាងជើង​ប្រទេសអេត្យូពី កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​បានដាក់​ឈ្មោះ Filipos Woldeyohannes ប្រធាននាយ​អគ្គសេនាធិការកង​កម្លាំង​ការពារប្រទេស​អេរីត្រេ ហៅ​កាត់ថា EDF ​ក្នុងបញ្ជី​ក្រុម​ជន​ត្រូវដាក់ទណ្ឌកម្ម​ពាក់ព័ន្ធ​នឹង​ការរំលោភសិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​កងកម្លាំង​ EDF នៅ​ក្នុងជម្លោះ​ដែល​កំពុង​កើតឡើង​នៅ​ផ្នែក​ខាង​ជើងនៃប្រទេសអេត្យូពី។ លោក Filipos ត្រូវ​កំណត់ឈ្មោះ​ដោយ​អនុលោមតាមបទបញ្ជានីតិ​ប្រតិបត្តិ​លេខ​ ១៣៨១៨ ដែល​ផ្អែកលើ​ការ​អនុវត្តន៍ច្បាប់​ Magnitsky សាកល ​ស្តី​ពី​ការ​ទទួល​ខុស​ត្រូវ​ខាងសិទ្ធិមនុស្ស​និងសំដៅ​លើក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​លើ​ការរំលោភ​សិទ្ធិ​មនុស្ស​ និង​អំពើពុក​រលួយ​យ៉ាងធ្ងន់ធ្ងរ​នៅ​ទូទាំង​ពិភពលោក។

នៅក្រោមកិច្ចបញ្ជាការរបស់លោក Filipos ក្រុម​ទាហាននៃកង​កម្លាំង​ EDF បានចាប់​រំលោភ​សេពសន្ធវៈ ធ្វើ​ទារុណកម្ម និងប្រហារ​ជីវិត​ជន​ស៊ីវិល​ក្នុង​ប្រទេស​អេត្យូពី​និង​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិព្រម​ទាំងបានរើកកាយ​ហាងលក់​ទំនិញ​ផង​ដែរ។ ក្រុម​ជនខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែងបានពណ៌នាកិច្ចខិតខំ​ប្រឹង​ប្រែងជា​ប្រព័ន្ធ​ដោយកង​កម្លាំង EDF​ដើម្បីធ្វើឱ្យ​មាន​ទុក្ខវេទនា​ដល់ក្រុម​ជនអំបូរ​ Tigray នៅ​ក្នុង​តំបន់ដែលកងកម្លាំង EDF ត្រួតត្រា។ ក្រុម​ជនខ្ចាត់​ព្រាត់​ក្នុង​ប្រទេស ក៏​បានពណ៌នា​អំពី​គោលនយោបាយ«បំផ្លាញ​ឱ្យ​ខ្ទិចខ្ទីដល់ដី»​មាន​គោលដៅ​រារាំងក្រុម​ជនស៊ីវិលមិន​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​ពួក​គេ​វិញ។

សហរដ្ឋ​អាមេរិក​ ថ្កោលទោស​យ៉ាងខ្លាំងក្លា​ជាទីបំផុត​ដល់ការរំលោភលើសិទ្ធិ​មនុស្សក្នុង​ប្រទេស​អេត្យូពី​ដោយ​មានរួមបញ្ចូល​ការរំលោភ​ទាក់ទិន​នឹងការសម្លាប់​ ការបណ្តេញ​ចេញ​ដោយ​បង្ខំ​ និងអំពើ​ហិង្សាខាងផ្លូវភេទ​ជា​ប្រព័ន្ធ។ ពួក​ជនទទួល​ខុសត្រូវ​ចំពោះ​ការរំលោភ​លើ​សិទ្ធិមនុស្ស ត្រូវ​តែមាន​ការ​ទទួល​ខុស​ត្រូវ​តាមរយៈ​ដំណើរ​ការ​ប្រកប​ដោយ​តម្លាភាព​។ សហរដ្ឋ​អាមេរិក មានកង្វល់ថា ​បុគ្គលិក​ច្រើននាក់​នៃកង​កម្លាំង​ EDF ​បាន​ចូល​ក្នុងប្រទេសអេត្យូពី​ជា​ថ្មី​ម្តងទៀត ក្រោយ​ពី​បានដក​ថយកាលពី​ខែ​មិថុនា។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិកលោក Antony Blinken បានមានប្រសាសន៍​នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ​ថា «យើង​អំពាវនាវដល់​រដ្ឋាភិបាល​អេរីត្រេ ឱ្យដកកង​កម្លាំង​យោធាខ្លួន​ជា​បន្ទាន់ និង​ជាអចិន្ត្រៃយ៍​ពីប្រទេស​អេត្យូពី​»។ លោកបាន​បន្ថែមថា ​«សហរដ្ឋ​អាមេរិក ​បន្ត​សុំ​ដល់​ភាគី​ទាំង​អស់ក្នុង​ជម្លោះនេះ ដោយមានរួម​បញ្ចូលទាំងរណសិរ្សរំដោះ​ប្រជារាស្ត្រ​ Tigray ផងដែរ ​ឱ្យបញ្ឈប់ការ​រំលោភ​ប្រឆាំង​នឹងក្រុម​ជន​ស៊ីវិល​ ចាត់​វិធានការ​បន្ថយជម្លោះ​ អនុញ្ញាតឱ្យ​មាន​ការ​ដឹកជញ្ជូនជំនួយមនុស្ស​ធម៌​ដោយ​គ្មានការ​បង្អាក់ ​និង​ប្តេ​ជ្ញា​ដល់កិច្ចឈប់បាញ់គ្នា​តាមរយៈ​កិច្ចចរចា»។

អ្នកស្រី Andrea Gacki នាយិកា​ការិយាល័យ​គ្រប់គ្រងទ្រព្យ​សម្បត្តិបរទេសនៃក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​ សកម្មភាពប្រឆាំង​នឹងអគ្គមេបញ្ជាការនៃ​កង​កម្លាំង​ EDF នេះ «បង្ហាញការ​ប្តេជ្ញារបស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់ឱ្យ​មាន​ការ​បង់ខាតលើក្រុម​ជន​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​គួរ​ឱ្យ​ស្អប់ខ្ពើម​ទាំង​នេះ...យើង​សុំ​ឱ្យ​ប្រទេស​អេរីត្រេ​ ដកកង​កម្លាំង​របស់​ខ្លួនជា​បន្ទាន់​និង​ជា​អចិន្ត្រៃយ៍ពី​ប្រទេសអេត្យូពី និង​សុំ​ឱ្យភាគី​ទាំង​អស់ក្នុង​ជម្លោះនេះ​ ​ចាប់ផ្តើមកិច្ច​ចរចាអំពី​កិច្ច​ឈប់​បាញ់​គ្នា​និង​បញ្ឈប់ការ​រំលោភ​លើសិទ្ធិ​មនុស្ស»។

លោករដ្ឋមន្ត្រី​ Blinken ​បានអំពាវ​នាវ​ឱ្យ​«ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ និង​សហគមន៍​អន្តរជាតិ ​ជំរុញឱ្យ​មានដំណោះ​ស្រាយដោយ​សន្តិវិធី​មួយដល់ជម្លោះ​ក្នុង​ប្រទេស​អេត្យូពី»៕

XS
SM
MD
LG