Accessibility links

Breaking News

បទវិចារណកថា៖ ការវាយប្រយុទ្ធគ្នា​នៅ​តំបន់ Tigray ត្រូវតែ​ចប់


ស្ត្រី Tigray ម្នាក់​ដែល​បាន​ភៀសខ្លួន​ពីជម្លោះ​ក្នុង​តំបន់ Tigray នៃ​ប្រទេស​អេត្យូពី​បី​កូន​របស់ខ្លួន​ដែល​ខ្វះ​អាហារូបត្ថម្ភ និង​ខ្វះជាតិ​ទឹក ខណៈដែល​គិលានុបដ្ឋាយិកា​ពិនិត្យមើល​នៅ​គ្លីនិក Medecins Sans Frontieres (MSF) នៅ​ជំរំ​ជនភៀសខ្លួន Umm Rakouba នៅ​ភាគខាងកើត​ប្រទេសស៊ូដង់។
ស្ត្រី Tigray ម្នាក់​ដែល​បាន​ភៀសខ្លួន​ពីជម្លោះ​ក្នុង​តំបន់ Tigray នៃ​ប្រទេស​អេត្យូពី​បី​កូន​របស់ខ្លួន​ដែល​ខ្វះ​អាហារូបត្ថម្ភ និង​ខ្វះជាតិ​ទឹក ខណៈដែល​គិលានុបដ្ឋាយិកា​ពិនិត្យមើល​នៅ​គ្លីនិក Medecins Sans Frontieres (MSF) នៅ​ជំរំ​ជនភៀសខ្លួន Umm Rakouba នៅ​ភាគខាងកើត​ប្រទេសស៊ូដង់។

តទៅនេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះបញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ជម្លោះ​រវាង​កង​កម្លាំង​ពិសេស​នៃ​តំបន់​ Tigray​ និងកម្លាំង​ការពារ​ជាតិ​អេត្យូពី​ដែល​បាន​ចាប់​ផ្តើម​នៅ​តំបន់ ​Tigray ​ភាគខាង​ជើង​ប្រទេស​អេត្យូពី​កាលពី​ថ្ងៃទី​៤ ​ខែវិច្ឆិកា​ បាន​សម្លាប់​ប្រជាជន​អេត្យូពី​រាប់រយ​នាក់​ និង​បាននាំ​ឲ្យ​មនុស្ស​រាប់ពាន់​នាក់​ផ្លាស់​ទីលំនៅ។​

ការ​ប្រយុទ្ធ​គ្នានេះ​ គឺ​ជា​លទ្ធផល​នៃ​ការ​ដណ្តើម​អំណាច​ដោយ​ផ្អែក​លើ​ខ្សែ​ស្រឡាយ​ជាតិសាសន៍​រវាង​របប​ចាស់​ និង​របប​មួយ​ដែល​បាន​ជាប់​ឆ្នោត​ឡើងកាន់​អំណាច​កាលពី​ពីរឆ្នាំ​មុន​ ដែល​កំពុង​ដកខ្លួន​ឆ្ងាយ​ពី​អតីត​របៀប​ដឹកនាំ​ផ្តាច់​ការ​នៅ​ប្រទេស​នេះ​ដែល​ផ្តោត​លើភាព​ខុសគ្នា​របស់​ជនជាតិ​ ហើយ​កំពុង​ធ្វើការ​ឆ្ពោះទៅ​រៀបចំ​កំណែទម្រង់​នយោបាយ​ និង​សេដ្ឋកិច្ច​បែប​ប្រជា​ធិបតេយ្យ​ដ៏​ធំធេង​ដែល​ផ្តោត​លើ​អត្ត​សញ្ញាណ​ជាតិ​អេត្យូពី។​

លោក​ Tibor Nagy ឧបការីរដ្ឋមន្ត្រី​ការ​បរទេស​ទទួលបន្ទុក​កិច្ចការ​អាហ្វ្រិក​ថ្លែងថា​៖​«នេះ​មិនមែន​ជាការ​ប្រយុទ្ធគ្នា​រវាង​រដ្ឋ​អធិបតេយ្យ​ពីរ​ទេ។​ នេះ ជា​បក្ខពួក​របស់​រដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​តំបន់​មួយ​នៅ​ក្នុង​ប្រទេស​អេត្យូពី ​ដែល​បាន​សម្រេច​ចិត្ត​បង្ក​ប្រទុស្តរាយ​ប្រឆាំង​រដ្ឋាភិបាល​កណ្តាល»។​

នៅ​ក្នុង​ការ​និយាយតាម​ទូរស័ព្ទ​នាពេល​ថ្មីៗ​នេះ​ជាមួយលោក ​Abiy Ahmed ​នាយក​រដ្ឋមន្រ្តី​អេត្យូពី​ ​លោក ​Mike Pompeo​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ទាំង​ស្រុង​នូវ​ការ​ប្រយុទ្ធ​គ្នា​ និង​អំពាវនាវ​ឱ្យ​មាន​ការ​សន្ទនា​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នេះ។​ លោក​បាន​និយាយ​សង្កត់​ធ្ងន់​អំពី​ឆន្ទៈ​របស់​សហ​រដ្ឋ​អាមេរិក​ ប្រេសិត​សហភាព​អាហ្វ្រិក​ និង​ដៃគូ​អន្តរជាតិ​ដទៃ​ទៀត​ដើម្បី​ជួយ​ក្នុង​ការ​សន្ទនា ​និង​ការ​ផ្សះផ្សា​គ្នា។​

ជា​អកុសល​ មាន​របាយ​ការណ៍​គួរ​ឱ្យទុក​ចិត្ត​ដែល​ថា​ ជនស៊ីវិល​ត្រូវ​បាន​គេ​យកជា​គោល​ដៅ ​និង​វាយ​ប្រហារ​ដោយ​ពួក​យុទ្ធជន។

លោកឧបការីរដ្ឋមន្ត្រី​ការ​បរទេស​ Tibor Nagy និយាយ​ថា៖ ​«យើង​ជំរុញ​ឱ្យមាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​រាល់​របាយ​ការណ៍​នៃ​អំពើ​សម្លាប់​រង្គាល ​និង​ការ​វាយ​ប្រហារ​ជនស៊ីវិល។ ​អ្នក​ប្រព្រឹត្ត​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។​

នៅ​ថ្ងៃទី​២៨ ​ខែ​វិច្ឆិកា​ រដ្ឋាភិបាល​អេត្យូពី ​បាន​ប្រកាស​ពីការ​បញ្ចប់​ប្រតិបត្តិ​ការ​យោធា​សំខាន់ៗ​នៅ ​តំបន់ ​Tigray។​ ទោះ​យ៉ាង​ណា​ ​ការ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត​កើត​មាន​នៅ​តាម​កន្លែង​ផ្សេងៗ​នៅ​ជុំវិញ​ Mekele ​រដ្ឋធានី ​Tigray ហើយ​មានការ​ប្រយុទ្ធគ្នា​ម្តងម្កាល​នៅ​ក្នុង​រដ្ឋ​ក្នុង​តំបន់។​

ជនជាតិ​អេត្យូពី​ជាច្រើន​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំ​នៅ​ដោយ​ការ​ប្រយុទ្ធ​គ្នា ​កំពុង​ចាកចេញ​ពីស្រុក​កំណើត​ និង​ឆ្លងកាត់​ព្រំដែន​ចូល​ប្រទេស​ស៊ូដង់។​ សហ​រដ្ឋ​អាមេរិក​កំពុង​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មន្រ្តី​អង្គការ​មនុស្ស​ធម៌​ក្នុង​ស្រុក​ និង​អន្តរជាតិ​ទាក់ទង​នឹង​ផែន​ការ​របស់​ពួកគេ ​ជួយ​ជន​ភៀស​ខ្លួន​ជាង​៤៥.០០០​នាក់​ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ជម្លោះ​នេះ។​

ក្នុង​ការ​សន្ទនាតាម​ទូរស័ព្ទ​របស់​លោក​ជាមួយ​នាយក​រដ្ឋមន្រ្តី​អេត្យូពី​ លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ Pompeo ​ក៏បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ការពារ​ជន​ស៊ីវិល​ពីគ្រោះថ្នាក់​បន្ថែម​ទៀត​រួមទាំង​ជនភៀស​ខ្លួន​ និង​ជន​ស៊ីវិល​ដែល​ភៀស​ខ្លួន​ចេញពី​ជម្លោះ​ចូល​ក្នុង​ប្រទេស​ស៊ូដង់។​ លោកបាននិយាយ​សង្កត់​ធ្ងន់​អំពី​ភាព​ចាំបាច់​ក្នុង​ការ​អនុញ្ញាត​ឱ្យ​អង្គការ​មនុស្ស​ធម៌​អន្តរជាតិ​ ចូល​ទៅ​កាន់​តំបន់ ​Tigray​ ដើម្បី​ធានា​កុំ​ឲ្យ​មានការ​រំខាន​ដល់​ការដឹក​ជំនួយ​មនុស្ស​ធម៌ រួមមាន​ប្រេង​ឥន្ធនៈ​ ស្បៀង​អាហារ​និង​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ដល់​អ្នក​ដែល​ខ្វះខាត។

សហ​រដ្ឋ​អាមេរិក ​នៅ​ជាមួយ​ប្រជាជន​អេត្យូពី​ ហើយ​នឹង​ធ្វើការ​ជាមួយ​មនុស្ស​ទាំងអស់​ដែល​ប្តេជ្ញា​ចិត្ត​កសាង​សន្តិភាព ​វិបុលភាព ​ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ៕

XS
SM
MD
LG