Accessibility links

Breaking News

បទវិចារណកថា៖ ការយក​ឈ្នះ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ភាពអត់ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ


រូបឯកសារ៖ ក្មេងៗ​ដែល​ភៀសខ្លួន​មក​ពី​តំបន់ Tigray ភាគខាងលិច រង់ចាំ​ទទួល​អាហារ​នៅ​ខាងក្រៅ​ថ្នាក់រៀន​នៅក្នុង​សាលារៀន​ដែល​ពួកគេ​កំពុង​ជ្រកកោន​នៅ​ទីក្រុង Mekele នៃ​តំបន់ Tigray កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ក្មេងៗ​ដែល​ភៀសខ្លួន​មក​ពី​តំបន់ Tigray ភាគខាងលិច រង់ចាំ​ទទួល​អាហារ​នៅ​ខាងក្រៅ​ថ្នាក់រៀន​នៅក្នុង​សាលារៀន​ដែល​ពួកគេ​កំពុង​ជ្រកកោន​នៅ​ទីក្រុង Mekele នៃ​តំបន់ Tigray កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោកស្រី​ Samantha Power អភិបាលទីភ្នាក់ងារ​ស.រ.អ.​សម្រាប់​ការ​អភិវឌ្ឍន៍អន្តរជាតិ ឬ​ USAID បាន​និយាយ​ថា មានវិធានការបី​ជា​ចាំ​បាច់​ដើម្បីយក​ជ័យជម្នះទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​អត់ឃ្លាន ​និង​កង្វះអាហារូបត្ថម្ភ។​ លោក​ស្រី​បានថ្លែង​ដូច្នេះ​ នៅ​ក្នុង​សន្និសីទកំពូលរដ្ឋមន្ត្រី​ស្តី​ពី​ប្រព័ន្ធ​ស្បៀង​អាហារប្រចាំ​ឆ្នាំ២០២១។ វិធានការ​ទាំង​បី​នេះ​មាន​រូម​បញ្ចូល​ការ​ទាញ​យក​អត្ថប្រយោជន៍ពី​បច្ចេកវិជ្ជា​ថ្មី​ៗបំផុត​ បណ្តាក់​ទុន​ក្នុងកន្លែងមានសេចក្តី​ត្រូវការ​ច្រើន ​និងការ​ប្រើប្រាស់មូលនិធិសាធារណៈ​ដើម្បីបើក​ឱ្យ​មានមូលធនឯកជន។

លោកស្រី​ Power​ បាន​ព្រមាន​ថា ​«​ការរួម​ផ្សំគ្នាជា​មហន្តរាយធំ​មួយរវាងសង្គ្រាមកំពុង​រីក​ឡើង ការ​ទង្គុក​ទង្គើ​ដោយការប្រែប្រួលធាតុអាកាស​ និង​ការ​រាតត្បាតនៃ​ជំងឺកូវីដ​១៩ដែលកំពុង​រាលដាល បាន​ប៉ះពាល់​ទៅដល់​សមិទ្ធិ​ផលកាល​ពី​ពេល​ថ្មីៗ​នេះ​របស់​យើង»។

មាន​មនុស្ស​ច្រើន​ជាង​មុននៅ​ពេល​បច្ចុប្បន្ន​នេះ​ កំពុង​ទទួល​រង​នូវ​ភាព​អត់​ឃ្លាន​ជា​ខ្លាំង​ ហើយតួលេខនៃក្រុម​មនុស្សដែល​កំពុង​ប្រឈម​នឹង​ភាព​អត់​ឃ្លានដែល​គំរាមកំហែង​ជីវិត​ ឬ​ជីវភាពរបស់​ពួក​គេនោះ​ បានកើន​ឡើង​ប្រមាណ ​២០លាន​នាក់​ កាល​ពីឆ្នាំ​ទៅ​មិញ។ តួលេខ​នេះ បា​ន​រារាំងការធ្វើឱ្យ​សម្រេច​គោលដៅ​អ.ស.ប.​ក្នុង​ការបំបាត់​ភាព​អត់​ឃ្លាន​ក្នុង​រយៈពេល​តិច​ជាង​មួយ​ទសវត្សរ៍​។

លោកស្រី​ Power​ បាន​ថ្លែង​ថា​ កត្តាជំរុញ​ទី​មួយ​ ដែល​បង្កើត​ឲ្យ​មានទុរភិក្ស​នោះ ​គឺ​ជម្លោះ​ និងសង្គ្រាម។ លោក​ស្រីបាន​និយាយ​ថា៖

«យើង​នឹង​មិន​អាចបញ្ចប់​ភាព​អត់ឃ្លានបាន​នោះ​ទេ​ ប្រសិន​បើ​រដ្ឋាភិបាល​ បង្អត់អាហារ​ដល់ប្រជាពលរដ្ឋ​ខ្លួនឯង​ផ្ទាល់​ និង​ប្រើ​ប្រាស់ស្បៀង​អាហារ​ ធ្វើ​ជាអាវុធសង្គ្រាមមួយ​នោះ។ ​ការ​ធ្វើ​ឱ្យ​គ្រួសារខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែងពួក​គេ ការបំផ្លាញដំណាំ​និង​សត្វពាហនៈ ការ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ដឹកជញ្ជូន​ជំនួយសង្គ្រោះ​ ការកំណត់​គោល​ដៅ​និង​ការ​វាយប្រហារ​ទៅ​លើ​បុគ្គលិក​មនុស្សធម៌ដែល​ដឹកជញ្ជូន​ជំនួយ​ទាំង​នោះ​ជា​ដើម​.... ​យើង​ត្រូវ​តែថ្កោល​ទោស​យ៉ាង​ខ្លាំង​ដល់​ការ​បង្អត់​អាហារ​ប្រជាពលរដ្ឋ​ ហើយប្រយុទ្ធប្រឆាំងដើម្បី​ធ្វើឱ្យ​ប្រាកដថា ជំនួយ​មនុស្សធម៌ ​បាន​ទៅ​ដល់​ដៃ​មនុស្សដែល​កំពុង​ត្រូវ​ការ​ជា​ចាំបាច់​នោះ»។

លោកស្រីអភិបាល​ Power​ បាន​ព្រមានថា​ «ប៉ុន្តែ​ដូច​ដែលពិភព​លោក​ធ្លាប់​បាន​ធ្វើ​ដូច្នោះដែរ​ គឺយើង​មិន​អាច​ផ្តោតការ​យក​ចិត្ត​ទុកដាក់​តែ​ទៅ​លើជំនួយមនុស្សធម៌​និង​ជំនួយ​ស្បៀង​អាហារដោយលះបង់ការធ្វើ​វិនិយោគ​ក្នុងផលិតភាព​កសិកម្ម​នោះ​ឡើយ​»។ លោកស្រី​ថ្លែងបន្ត​ថា៖

«យើង​ត្រូវផ្តល់​ឧបករណ៍​និង​បច្ចេកទេស​ឱ្យ​ក្រុមកសិករ​មានស្រែ​ចម្ការ​តិច​តួចដើម្បី​ជួយ​ពួក​គេ​បង្កើនផល​ដំណាំ និង​ទប់​ទល់​ផល​ប៉ះពាល់នៃការ​ប្រែប្រួល​អាកា​សធាតុ ស្របពេល​ដែល​យើងកំពុង​ប្រឹងប្រែង​ធ្វើឱ្យ​សម្រេច​បាន​នូវ​គោលដៅ​នៃកិច្ចព្រម​ព្រៀង​ក្រុង Paris ស្តីពីធាតុ​អាកាស​នោះ»។

រដ្ឋបាលលោក​ Biden និង​លោកស្រី Harris នឹងបន្តវិនិយោគក្នុងកម្មវិធី​ Feed the Future ធ្វើជាមូលដ្ឋាននៃ​កិច្ច​ខិតខំ​ប្រឹងប្រែងដ៏សំខាន់​របស់​ស.រ.អ.​ដើម្បី​បង្កើនផលិតផល​ដំណាំ​ បញ្ចប់​ការខ្វះ​អាហារូបត្ថម្ភ​ និងពង្រឹងនូវ​ភាពមិន​ទ្រុឌទ្រោម។

ការផ្តល់អាទិភាព​យេនដឺ​ (gender) ក៏នឹងដើរ​តួនាទី​ដ៏សំខាន់​មួយ​ដែរ។​ ទិន្នន័យ​បង្ហាញ​ថា​ កម្មវិធី Feed the Future ​ត្រូវ​បង្កើនសកម្មភាព​ថែម​ទៀតដើម្បីសម្រួល​ឱ្យ​ស្ត្រីមាន​ថវិកាដើម្បីបណ្តាក់​ទុនក្នុង​ផលិតភាព​របស់​ពួក​គេផ្ទាល់ និង​ជួយ​កែប្រែ​ប្រព័ន្ធ​ស្បៀង​អាហារក្នុង​ដំណើរ​ការ​នេះ។

លោកស្រីអភិបាល​ Power​ បាន​មានប្រសាសន៍​ថា «​យើង​នឹង​ធ្វើការជាមួយដៃ​គូនៅ​ទូទាំង​ពិភពលោក​ដើម្បីផ្តល់​អំណាច​ឱ្យ​មនុស្សរាប់​លាននាក់​ថែមទៀត ក្នុង​ការចិញ្ចឹម​ខ្លួន​ឯង​ ពង្រឹង​សហគមន៍​ពួក​គេ​ និងបញ្ចប់​ភាព​អត់​ឃ្លាន​ និងកង្វះ​អាហារូបត្ថម្ភ​សម្រាប់​មនុស្ស​ទាំង​អស់»៕

XS
SM
MD
LG