តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកគាំទ្រខ្លាំងក្លាលើរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើតាមការបញ្ជាក់របស់ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អ្នកស្រី Samantha Power នៅក្នុងសុន្ទរកថាកាលពីពេលថ្មីៗនេះថ្លែងទៅកាន់វេទិកានយោបាយជាន់ខ្ពស់ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៅឯអង្គការសហប្រជាជាតិ។
ប៉ុន្តែ អ្នកស្រី Power បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២១ មានបញ្ហាប្រឈមខ្លាំងក្លា ៣ ចំពោះសមិទ្ធផលនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បញ្ហាប្រឈមទាំងនោះគឺ ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ ការកើនឡើងនៃការដឹកនាំបែបផ្ដាច់ការដែលមួយផ្នែកបណ្ដាលមកពីអំពើពុករលួយ និងវិបត្តិអាកាសធាតុ។
ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្ដល់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ចំនួន ៥០០ លានដូស ដល់គម្រោង COVAX ដែលជាគម្រោងចាក់វ៉ាក់សាំងកូវីដ១៩ ពហុភាគីរបស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីចែកចាយឲ្យប្រទេសដែលមានប្រាក់ចំណូលទាបនិងប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបចំនួន ៩២ ប្រទេស និងសហភាពអាហ្វ្រិក។
វ៉ាក់សាំងទាំងនេះគឺជាការបន្ថែមទៅនឹងវ៉ាក់សាំងចំនួន ៨០ លានដូស ដែលសហរដ្ឋអាមេរិកបានប្ដេជ្ញាផ្ដល់ជូនកាលពីលើកមុន និងទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកផ្ដល់ជូនដល់គម្រោង COVAX។
អ្នកស្រី Power បានបញ្ជាក់ថា ស្ថានភាពវិបត្តិជំងឺកូវីដ១៩ គឺជាស្ថានភាពបន្ទាន់ ដោយសារ «យើងមិនត្រឹមតែប្រយុទ្ធជាមួយនឹងជំងឺនេះទេ ប៉ុន្តែថែមទាំងប្រយុទ្ធដើម្បីការពារវឌ្ឍនភាពនៃការអភិវឌ្ឍរាប់ទសវត្សរ៍កន្លងមក ដែលជំងឺកូវីដ១៩ នេះកំពុងបង្អាក់ផងដែរ»។
អ្នកស្រីថ្លែងដូច្នេះថា៖ «ជំងឺកូវីដ១៩ បានធ្វើឲ្យមានការកើនឡើងនូវពលរដ្ឋក្រីក្របន្ថែមទៀត ដោយធ្វើឲ្យមនុស្ស ១២៤ លាននាក់បន្ថែមទៀតធ្លាក់ក្នុងភាពក្រីក្រនិងភាពអត់ឃ្លាន និងបណ្ដាលឲ្យមានការកើនឡើងជាលើកដំបូងបង្អស់នៅលើពិភពលោកនូវភាពក្រីក្រតោកយ៉ាកនៅក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ។ ជំងឺនេះបានធ្វើឲ្យកុមារជាង ១ ពាន់លាននាក់មិនបានចូលសិក្សានៅតាមសាលារៀន ដែលក្នុងចំណោមនោះ កុមាររាប់លាននាក់ ជាពិសេសកុមារី ប្រហែលជាមិនអាចត្រឡប់ចូលសិក្សាវិញបានជារៀងរហូត»។
បន្ថែមពីលើនេះទៀត ជំងឺកូវីដ១៩ បានផ្ដល់លេសឲ្យរបបដឹកនាំមួយចំនួនពន្យារពេលការបោះឆ្នោត ដាក់កំហិតដល់ការជួបជុំដោយសេរី និងបំបិទមាត់សារព័ត៌មាន។
អ្នកស្រី Power មានប្រសាសន៍ដូច្នេះថា៖ «យើងត្រូវតែមានការប្រុងប្រយ័ត្នអំពីការគាបសង្កត់ជិះជាន់ដែលកំពុងកើតឡើងនៅពេលបច្ចុប្បន្ននេះ ដោយហេតុថា យើងដឹងថា លទ្ធិប្រជាធិបតេយ្យនិងការគោរពរបស់រដ្ឋាភិបាលលើសិទ្ធិមនុស្សគឺជាមូលដ្ឋានគ្រឹះដ៏ពិតប្រាកដនៃការអភិវឌ្ឍប្រកបដោយចីរភាពដែលមានការចូលរួមពីគ្រប់ភាគីទាំងអស់»។
អ្នកស្រីបានបន្ថែមថា៖ «ប្រទេសណាដែលមានស្ថាប័នរដ្ឋាភិបាលគ្មានប្រសិទ្ធភាព អំពើពុករលួយធ្ងន់ធ្ងរ និងនីតិរដ្ឋទន់ខ្សោយ ប្រទេសនោះមានហានិភ័យពី ៣០% ទៅ ៤៥% ខ្ពស់ជាងប្រទេសផ្សេងទៀត នៅក្នុងការធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ក៏ដូចជាមានហានិភ័យខ្ពស់នៅក្នុងការធ្លាក់ចូលទៅក្នុងអំពើហិង្សាឧក្រិដ្ឋធ្ងន់ធ្ងរផងដែរ»។
ឧបសគ្គមួយទៀតគឺអំពើពុករលួយ។ អំពើពុករលួយរារាំងការរីកចម្រើនសេដ្ឋកិច្ច បង្អាក់ដល់ការវិនិយោគ បំបាត់ទំនុកចិត្តលើស្ថាប័នសាធារណៈ ឆក់ប្លន់ធនធានសាធារណៈនិងឯកជន និងជួយគាំទ្រជនផ្ដាច់ការនិងអ្នករំលោភសិទ្ធិមនុស្ស។
ទាក់ទិនទៅនឹងវិបត្តិអាកាសធាតុ សហរដ្ឋអាមេរិកកំពុងដឹកមុខលើការដោះស្រាយបញ្ហានេះ តាមរយៈការប្ដេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នស្រូបកម្ដៅរបស់ខ្លួនចាប់ពីពីកម្រិតនៅឆ្នាំ ២០០៥ ឲ្យបានត្រឹម ៥០% ទៅ ៥២% នៅត្រឹមឆ្នាំ ២០៣០។
អ្នកស្រី Power បញ្ជាក់ដូច្នេះថា៖ «ឧបសគ្គនៃការអភិវឌ្ឍរបស់យើងគឺជាឧបសគ្គរួម។ យើងត្រូវរួមគ្នាសម្រេចឲ្យបានតាមការសន្យាដ៏ម៉ឺងម៉ាត់របស់យើងនៃការមូលមតិគ្នាជាប្រវត្តិសាស្ត្រលើរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់មានភាពប្រសើរឡើង»៕