Accessibility links

Breaking News

បទវិចារណកថា៖ វិធានការ​ម៉ឺងម៉ាត់​ជា​សេចក្តី​ត្រូវការ​ចាំបាច់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ


លោក John Kerry បេសកជន​ពិសេស​របស់​ប្រធានាធិបតី​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាកាសធាតុ ថ្លែង​ក្នុង​សម័យប្រជុំ​មួយ​នៅឯ​កិច្ចប្រជុំ​កំពូល​ស្តីអំពី​ការប្រែប្រួល​អាកាស​ធាតុ​របស់​អ.ស.ប. COP27 នៅ​ទីក្រុង Sharm el-Sheikh ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក John Kerry បេសកជន​ពិសេស​របស់​ប្រធានាធិបតី​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាកាសធាតុ ថ្លែង​ក្នុង​សម័យប្រជុំ​មួយ​នៅឯ​កិច្ចប្រជុំ​កំពូល​ស្តីអំពី​ការប្រែប្រួល​អាកាស​ធាតុ​របស់​អ.ស.ប. COP27 នៅ​ទីក្រុង Sharm el-Sheikh ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក John Kerry បេសកជន​ពិសេស​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាកាសធាតុ បាន​និយាយ​ថា វិធានការ​ម៉ឺងម៉ាត់​ជាសេចក្តី​ត្រូវការ​ជា​ចាំបាច់​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ ដោយសារតែ​«ភ័ស្តុតាង​ទាំង​អស់​កំពុង​បង្ហាញ​ប្រាប់​យើង​ថា​ វា​ជា​ការ​ចាំបាច់​ដែល​យើង​ត្រូវ​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​រក្សា​ការ​កើនឡើង​សីតុណ្ហភាព​ផែនដី​ឱ្យ​នៅ​ត្រឹម ១,៥ អង្សា​សេ»។

លោក Kerry បាន​ថ្លែង​ដូច្នេះ​ថា៖ «អ្នក​វិទ្យាសាស្ត្រ​បាន​ប្រាប់​យើង​ថា អ្វីៗ​ដែល​កំពុង​កើតឡើង​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដូចជា​ការ​ឡើង​កម្ដៅ​ផែនដី​ខ្លាំង ធាតុអាកាស​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន គ្រោះ​អគ្គិភ័យ គ្រោះ​ទឹក​ជំនន់ ការ​ឡើង​កម្ដៅ​មហា​សមុទ្រ ការ​រលាយ​ផ្ទាំង​ទឹកកក និង​ជីវិត​ដែល​រង​ផល​ប៉ះពាល់​ដ៏​អាក្រក់​មិន​ធម្មតា​ដោយសារ​វិបត្តិ​អាកាសធាតុ​ជាដើម គឺ​នឹង​កាន់តែ​មានសភាព​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត ប្រសិនបើ​យើង​មិន​ដោះស្រាយ​វិបត្តិ​នេះ​ដោយ​ការ​រួបរួម​គ្នា​និង​តាម​វិធី​ឆ្ពោះ​ទៅ​មុខទេនោះ»។

លោក Kerry បាន​និយាយ​ទៀត​ថា៖ «មាន​ការ​វិនិយោគ​ក្នុង​បរិមាណ​យ៉ាង​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ដែល​ធ្វើ​ឡើង​តាម​វិធី​អនុវត្ត​ថ្មីៗ។ ប្រសិនបើ​យើង​ធ្វើ​អ្វីៗ​តាម​វិធី​ដែល​យើង​ដឹង​រួច​ហើយ ហើយ​យើង​បញ្ចូល​បច្ចេកវិទ្យា​ថ្មីៗ​មួយ​ចំនួន នោះ​យើង​អាច​យក​ឈ្នះ​លើ​ការ​ប្រយុទ្ធ​នេះ​បាន»។

ផ្នែក​សំខាន់​មួយ​នៅ​ក្នុង​ការ​យក​ឈ្នះ​លើ​ការ​ប្រយុទ្ធ​នេះ​គឺ​ការ​គាំទ្រ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​សហគមន៍​ដែល​ងាយ​រងគ្រោះ​ឱ្យ​សម្រប​ទៅ​តាម​នឹង​គ្រប់គ្រង​ផល​ប៉ះពាល់​នៃ​វិបត្តិ​អាកាសធាតុ។

លោក Kerry បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​គាំទ្រ​កិច្ច​ព្រមព្រៀង​ទីក្រុង Glasgow ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ដែល​អំពាវនាវ​ឱ្យ​រួម​គ្នា​បង្កើន​ថវិកា​សម្រាប់​ការ​សម្រប​តាម​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ឱ្យ​បាន​ទ្វេ​ដង​សម្រាប់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ងាយ​រងគ្រោះ។ សហរដ្ឋ​អាមេរិក​កំពុង​បំពេញ​តាម​កាតព្វកិច្ច​របស់​ខ្លួន។ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​បរិច្ចាគ​ជំនួយ​មនុស្ស​ធម៌​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ ប៉ុន្តែ ... លោក​ប្រធានាធិបតី [Joe] Biden ជឿ​ថា យើង​គួរតែ​ធ្វើ​ឱ្យ​បាន​ច្រើន​ជាង​នេះ»។

លោក Kerry បាន​បន្ថែម​ថា៖ «ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក [ប្រធានាធិបតី Biden] បង្កើត​គម្រោង PREPARE ដែល​ជា​ផែនការ​បន្ទាន់​របស់​លោក​ប្រធានាធិបតី​សម្រាប់​ការ​សម្រប​តាម​និង​ភាព​ធន់ [នឹង​ការ​ប្រែប្រួល​អាកាសធាតុ]»។

លោក Kerry បាន​បញ្ជាក់​ថា នេះ​ជា​មូលហេតុ​ដែល​លោក​ប្រធានាធិបតី Biden តាំងចិត្ត​ធ្វើការ​ជាមួយ​នឹង​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្ដល់​ថវិកា​សម្រាប់​ការ​សម្រប​តាម​ការ​ប្រែប្រួល​អាកាសធាតុ​ចំនួន ៣ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​ត្រឹម​ឆ្នាំ ២០២៤ ខាង​មុខ ដែលជា​ការ​កើនឡើង​ចំនួន ៦ ដង។

លោក Kerry បានថ្លែងថា៖ «អ្វី​ដែល​អ្នក​ឃើញ​កើតឡើង​នៅ​ជុំវិញ​ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​ជា​រឿង​បន្ទាន់​ជាក់ស្ដែង​ជាង​ពេល​ណាៗ​ទាំង​អស់​ដែល​យើង​ចាំបាច់​ត្រូវ​បង្កើន​វិធានការ​និង​ធ្វើ​កិច្ចការ​នេះ​ឱ្យ​បាន​សម្រេច។ គ្មាន​ប្រទេស​ណា​មួយ​ដែល​អាច​ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ការ​រួម​ចំណែក​ថវិកា​កម្រិត​ថ្នាក់​ជាតិ​ដែល​ខ្លួន​បាន​តាំងចិត្ត​ឡើង នៅ​ក្នុង​ការ​ពង្រឹង​កិច្ចការ​នេះ​នៅ​ចំណុច​ណា​ដែល​ពួកគេ​អាច​ធ្វើ​បាន និង​នៅ​ក្នុង​ការ​ចូលរួម​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​នេះ​បាន​ទេ»៕

Related

XS
SM
MD
LG