Accessibility links

Breaking News

បទ​វិចារណកថា៖ ការ​​គំរាមកំហែង​នៃ​វិបត្តិ​អាកាសធាតុ​សព្វថ្ងៃ​និង​វិធី​ដោះស្រាយ


រូប​ឯកសារ៖ កង្ហារ​យក្ស​​សម្រាប់​ផលិត​ថាមពល​ពី​ខ្យល់​បក់​នៅ​តំបន់​សមុទ្រ​ជិត​ឆ្នេរ​ប្រទេស​ហូឡង់​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៧។
រូប​ឯកសារ៖ កង្ហារ​យក្ស​​សម្រាប់​ផលិត​ថាមពល​ពី​ខ្យល់​បក់​នៅ​តំបន់​សមុទ្រ​ជិត​ឆ្នេរ​ប្រទេស​ហូឡង់​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៧។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក​ John Kerry ប្រេសិត​ពិសេសរបស់​ប្រធានាធិបតីសម្រាប់​កិច្ចការ​អាកាសធាតុបាន​និយាយ​ថា៖ «វិបត្តិ​អាកាសធាតុ​ជា​ការ​ប្រឈម​នៅ​ក្នុង​ជំនាន់​យើង​ហើយទោះជា​អ្នក​ខ្លះប្រហែល​ជាជឿថា​វិបត្តិ​នេះ​កំពុង​កើត​មាន​យឺតៗ ការណ៍​ពិត​មិន​មែនដូច្នេះ​ទេ។ អ្វី​ដែល​យើងកំពុង​ឃើញគឺ​ពិភពលោក​មួយ​ដែល​គ្មាន​ឪពុក​ឬ​ម្តាយ​ណា​ម្នាក់​ចង់​បន្សល់​ទុក​ឱ្យមនុស្ស​ជំនាន់​ក្រោយៗ​ដោះស្រាយ​នោះទេ»។

លោក Kerry បាន​មាន​ប្រសាសន៍​ថា៖ «ការពិតជាក់​ស្តែង​ភស្តុតាងនិង​វិទ្យាសាស្ត្រ​សុទ្ធសឹង​តែ​បង្ហាញ​យ៉ាង​ច្បាស់លាស់​ថាយើង​មាន​ឱកាស​តិច​ដើម្បី​បញ្ចៀស​អនាគត​មួយ​បែប​នេះ។ យើង​នៅ​អាចបញ្ចៀសការ​គំរាមកំហែងនេះ​បាន។ តែយើង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ឲ្យ​បាន​ឆាប់​រហ័ស​យ៉ាង​ពិតប្រាកដ​ដោយ​ជំរុញ​ឲ្យ​ប្រទេសទាំង​អស់លើ​ផែនដី​មក​ធ្វើការ​ជា​មួយ​គ្នា»។

លោក​ Kerry បាន​ថ្លែង​ថា​ដល់​ពេល​វេលា​ដែល​ត្រូវ​«ធ្វើការ​ឆ្លើយ​តបមួយដែល​អាច​ប្រៀប​ធៀប​ទៅ​នឹង​ពេល​មាន​សង្គ្រាម និង​ជា​ឱកាសធំ​មួយក្នុង​ការ​កសាង​សេដ្ឋកិច្ច​យើង​ជា​ថ្មីនៅ​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ដើម្បី​ស្ថាបនា​ឱ្យល្អ​ប្រសើរ​ជាង​មុន»។

ហើយវិធានការធំបំផុត​គឺបង្កើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសាកលផ្អែក​លើ​ថាមពល​ស្អាត​ពីព្រោះ​ការ​ប្រើប្រាស់​ថាមពល​នាំឱ្យ​មាន​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចំនួនបី​ភាគ​បួន​ក្នុង​ពិភពលោក។ លោក Kerry បានថ្លែង​ថា៖ «មិនហួស​ពី​ឆ្នាំ​២០៣០​ទេ​យើង​ត្រូវ​តែពន្លឿនការ​ប្រើ​បច្ចេកវិទ្យាស្អាត​ដែល​យើង​មានរួច​ស្រេច​ហើយ»។ ការណ៍នេះ​មាន​ន័យ​ថាបង្កើន​ការ​ផលិត​ថាមពល​ដែល​អាច​ផលិត​ឡើង​វិញ​បានពីចំណាំងថ្ងៃនិង​ខ្យល់​ទ្វេ៤។​ការណ៍​នេះ​មានន័យថា​រថយន្ត​ថ្មីៗ​ជាង​ពាក់​កណ្តាល​ដែល​ត្រូវ​លក់​ត្រូវតែ​ដើរ​ដោយ​ថាមពល​អគ្គិសនី។

លោក Kerry បាន​មាន​ប្រសាសន៍​ថា៖ «យើងក៏​ត្រូវ​តែអភិវឌ្ឍ​បង្ហាញ​និង​បង្កើនបច្ចេកវិទ្យា​ថ្មីៗនៅ​ក្នុង​ទសវត្សរ៍​នេះ​ដើម្បី​ឱ្យ​វា​អាច​មាន​មុខនាទីធំមួយ​ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ចសាកល​លែង​មាន​សារធាតុ​កាបោនមិនហួស​ពី​ឆ្នាំ២០៥០»។

លោក Kerry បាន​និយាយ​ថា៖ «មិនហួស​ពី​ឆ្នាំ២០៤០​យើងគួរ​ឈប់ប្រើធ្យូង​ថ្ម​រោងចក្រ​ប្រេងនិងឧស្ម័ន​ធម្មជាតិទាំង​ស្រុង​»។

លោក​បានថ្លែង​ថា៖ «មិត្ត​ទាំង​ឡាយ ដំណឹង​ល្អ​គឺ​ថា​ភស្តុតាង​មាន​នៅ​ជុំវិញយើង​ដែល​បង្ហាញ​ថា​យើងអាច​ធ្វើបាន។ បច្ចេកវិទ្យា​ថាមពល​ស្អាតមាន​តម្លៃ​ថោក​ជាង​ប្រេង​ឥន្ធនៈ fossil ហើយ​យើង​អាច​ធ្វើ​ដូច្នេះ​ដែរជា​មួយ​បច្ចេកវិទ្យាស្អាត​ថ្មី​ឯ​ទៀតៗ»។

លោក Kerry បានមាន​ប្រសាសន៍​ថា៖ «យើង​នៅ​មាន​ពេល​ដើម្បី​បន្ថយ​សីតុណ្ហភាព​១,៥អង្សា​សេ ឡើង​វិញ​ក្នុង​ពេល​អនាគត។ ក៏ប៉ុន្តែ​ទាល់​តែប្រទេស​មាន​សេដ្ឋកិច្ចធំៗ​ទាំង​អស់​ប្តេជ្ញា​ធ្វើការ​កាត់​បន្ថយដោយ​មាន​ន័យ​មិនហួស​ពី​ឆ្នាំ​២០៣០ ដែល​ជា​វិធី​តែ​មួយ​គត់​ដើម្បីធ្វើ​ពិភពលោក​លែង​មានការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​មិន​ហួស​ពី​ពាក់​កណ្តាលសតវត្សរ៍​នេះ»៕

XS
SM
MD
LG