តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងវិធានការមួយក្នុងបណ្តាវិធានការដំបូងៗរបស់លោកជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចេញបទបញ្ជានីតិប្រតិបត្តិមួយដើម្បីបញ្ចូលសហរដ្ឋអាមេរិកជាថ្មីទៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុវិញ។
សន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុក្នុងទីក្រុងប៉ារីស កាលពីខែធ្នូ ឆ្នាំ២០១៥ បានអនុម័តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានអនុវត្តកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយអង្គការសហប្រជាជាតិបានចុះឈ្មោះភាគីចំនួន១៩០ក្នុងកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសបង្កើតឱ្យមានក្របខណ្ឌមិនធា្លប់មានពីមុនមួយសម្រាប់សកម្មភាពសាកលដើម្បីបញ្ចៀសមហន្តរាយផែនដីឡើងកម្ដៅជាងមុន ខណៈកសាងភាពរឹងមាំជាសាកលដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ខាងអាកាសធាតុដូចដែលយើងបានជួបប្រទះមកហើយ។
កិច្ចព្រមព្រៀងនេះ ស្វះស្វែងដាក់កម្រិតកំណើនសីតុណ្ហភាពសាកលឲ្យតិចជាងពីរអង្សាសេលើសពីកម្រិតមុនពេលពិភពលោកមានឧស្សាហកម្ម ជាមួយគោលដៅត្រឹម១,៥អង្សានៅត្រឹមដំណាច់សតវត្សរ៍នេះ ដែលអ្នកវិទ្យាសាស្ត្រជាច្រើននាក់ទស្សន៍ទាយថា ផលវិបាកនៃការប្រែប្រួលធាតុអាកាសអាចកើនខ្លាំង ដោយមានរួមបញ្ចូលមហន្តរាយនៃកំណើនកម្រិតទឹកសមុទ្រ ការមានខ្យល់ព្យុះខ្លាំង ភាពរាំងស្ងួត និងភ្លើងឆេះព្រៃផងដែរ។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍យ៉ាងច្បាស់លាស់ថា លោកចង់យកការប្រែប្រួលអាកាសធាតុធ្វើជាអាទិភាពធំមួយសម្រាប់រដ្ឋបាលលោក។ ការចូលរួមជាថ្មីក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ជាការសន្យាសំខាន់មួយនៅពេលលោកឃោសនាបោះឆ្នោត។ នៅក្នុងសុន្ទរកថាពេលស្បថចូលកាន់តំណែង លោកប្រធានាធិបតីបានកត់សម្គាល់ថា«ការចង់បានការរស់រានមានជីវិត គឺមានមកពីផែនដីតែម្តង។ នេះជាការចង់បានមួយដែលមិនអាចជាការអស់សង្ឃឹមទៀតទេ ឬដែលគ្មានអ្វីច្បាស់ជាងនៅពេលនេះទៀតទេ»។
អ្នកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានបាននិយាយថា ការចូលរួមជាថ្មីក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាផ្នែកមួយនៃអាទិភាពទូលំទូលាយរបស់លោកប្រធានាធិបតី Biden ក្នុង«ការកសាងជាថ្មីនូវភាពជាដៃគូនិងសម្ព័ន្ធភាពរបស់យើងនៅទូទាំងពិភពលោក និងយកមកវិញនូវអាសន:សហរដ្ឋអាមេរិកនៅឯវេទិកាសាកលលោក។ ហើយលោកអ្នកអាចឃើញភស្តុតាងក្នុងការចូលរួមរបស់លោកជាថ្មីក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងក្នុងអង្គការសុខភាពពិភពលោក ផែនការរបស់លោកក្នុងការទាក់ទងជាមួយពួកដៃគូនិងសម្ព័ន្ធមិត្ត ហើយធ្វើការជាមួយគ្នាដើម្បីដោះស្រាយការគំរាមកំហែង និងបញ្ហាដែលយើងប្រឈមនៅទូទាំងពិភពលោក»។
បន្ថែមលើនេះ លោកប្រធានាធិបតី Biden បានតែងតាំងលោកអតីតរដ្ឋមន្ត្រីការបរទេស John Kerry ជាប្រេសិតពិសេសរបស់ប្រធានាធិបតីទទួលបន្ទុកកិច្ចការអាកាសធាតុដើម្បីធ្វើឱ្យប្រាកដប្រជាថា កង្វល់អំពីអាកាសធាតុត្រូវបានតំណាងនៅឯតុពិភាក្សាគ្នាទាំងអស់ដោយមានរួមបញ្ចូលទាំងនៅក្នុងបន្ទប់ស្ថានការណ៍ផងដែរ។ លោក John Kerry នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីធ្វើឱ្យមានជាថ្មីនូវភាពជាមេដឹកនាំរបស់សហរដ្ឋអាមេរិកខាងអាកាសធាតុ និងបង្កើនមហិច្ឆតាសាកលសម្រាប់ទប់ទល់នឹងឧបសគ្គខាងអាកាសធាតុ។
សហគមន៍អន្តរជាតិស្វាគមន៍ការវិលមកវិញរបស់សហរដ្ឋអាមេរិកក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយមានរួមបញ្ចូលទាំងលោកប្រធានាធិបតីបារាំង Emmanuel Macron ផងដែរ។ លោក Macron បាន tweet ថា៖ «យើងនៅជាមួយគ្នាហើយ។ យើងនឹងខ្លាំងជាងមុនដើម្បីប្រឈមនឹងឧបសគ្គនៃពេលវេលារបស់យើង។ យើងខ្លាំងជាងមុនក្នុងការកសាងអនាគតរបស់យើង។ យើងខ្លាំងជាងមុនក្នុងការការពារផែនដីរបស់យើង។ ស្វាគមន៍ការវិលមកចូលរួមក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាថ្មីវិញ!»៕