Accessibility links

Breaking News

បទវិចារណកថា៖ ប្រសាសន៍​លោក John Kerry អំពី​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ


លោក John Kerry ជា​ប្រេសិត​ប្រធានាធិបតី​ពិសេស​របស់​លោក​ប្រធានាធិបតី Joe Biden សម្រាប់​បញ្ហា​ការប្រែប្រួល​អាកាសធាតុ។
លោក John Kerry ជា​ប្រេសិត​ប្រធានាធិបតី​ពិសេស​របស់​លោក​ប្រធានាធិបតី Joe Biden សម្រាប់​បញ្ហា​ការប្រែប្រួល​អាកាសធាតុ។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ការដាក់​សហរដ្ឋ​អាមេរិក​ជា​ថ្មី​លើមាគ៌ា​ឆ្ពោះ​ទៅកាន់​ការ​បន្ធូរបន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ គឺជា​អាទិភាព​ចម្បង​នៃ​របៀបវារៈ​របស់​លោក​ប្រធានាធិបតី Joe Biden។ នៅថ្ងៃ​ទី​មួយនៃ​ការ​ចូល​កាន់​តំណែង​ លោក​ប្រធានាធិបតី​ថ្មី​ បាន​ចាត់​វិធានការជា​បន្ទាន់ក្នុងការ​ចូលរួមជា​ថ្មី​ក្នុង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស។ បន្ទាប់​មក​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​លោក​បាន​ស្បថ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ លោកប្រធានាធិបតី បាន​ចុះ​ហត្ថលេខាលើបទបញ្ជា​ប្រធានាធិបតី​ជា​ច្រើនក្នុង​គោលដៅដោះស្រាយវិបត្តិ​ធាតុ​អាកាសនៅ​ក្នុងប្រទេសអាមេរិក និងនៅ​ប្រទេសក្រៅដោយ​កែប្រែ​យ៉ាងច្រើននូវគោលនយោបាយ​រដ្ឋាភិបាល។

ក៏​ប៉ុន្តែ ការ​ប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​សាកល​មួយ​ដែល​មិន​អាចដោះស្រាយ​បាន​ដោយគ្មាន​កិច្ចសហប្រតិបត្តិការអន្តរជាតិ​នោះ​ទេ។ លោក John Kerry ជាប្រេសិតប្រធានាធិបតី​ពិសេស​របស់​លោក​ប្រធានាធិបតី​ Biden សម្រាប់​បញ្ហា​ការប្រែ​ប្រួល​អាកាសធាតុ​នៅ​ក្នុង​ការ​ប្រជុំតាម​វីដេអូ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មករា នៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ Davos។

លោក​ Kerry បាន​មាន​ប្រសាសន៍​ថា៖ «សកម្មភាព​ក្នុង​ប្រទេស​មិន​អាចគ្រាប់គ្រាន់​ទេ​ ប្រសិន​បើយើង​មិន​បង្កើត​យុទ្ធសាស្ត្រ​អន្តរជាតិ​មួយដើម្បី​ជំរុញឱ្យ​ពិភពលោក​សកម្ម​ជាងមុនក្នុងការ​ជំរុញ​មហិច្ឆិតាធំជាង​មុនពី​ប្រទេស​និង​វិស័យ​ទាំង​អស់ហើយ​ធ្វើ​ឱ្យ​ប្រាកដ​ថា ថាមពល​ស្អាត​ក្នុង​ពេល​អនាគត​ដែល​យើង​ត្រូវការ មាន​លក្ខណៈសាកល​ទាំង​ទំហំ​និង​វិសាលភាព»។

បើ​តាម​ទី​ភ្នាក់ងារ​អវកាស​សហរដ្ឋ​អាមេរិក​ដែលហៅ​កាត់​ថា NASA ឆ្នាំ​២០២០​ ជាឆ្នាំ​ដែល​មានសីតុណ្ហភាព​ក្តៅ​បំផុតក្នុង​កំណត់ត្រា។ លោករដ្ឋមន្ត្រី​ Kerry បាន​និយាយ​ថា ដើម្បីរក្សាសីតុណ្ហភាពសាកលមិន​ឱ្យ​ឡើង​លើស​ជាង​១,៥​អង្សារ​សេ ​លើស​កម្រិតមុន​ពេល​ពិភពលោកចាប់​មាន​ឧស្សាហកម្មដែល​ចំនួន​នេះអ្នក​ជំនាញ​ច្រើនចាត់​ទុក​ថា​ជា​ការ​ចាំបាច់​ដើម្បីបញ្ជៀស​មហន្តរាយ​នោះ «យើងត្រូវ​ការ​កាត់​បន្ថយការ​សាយ​ភាយឧស្ម័ន​ផ្ទះ​កញ្ចក់ឱ្យ​បាន​ចំនួនពាក់កណ្តាល​ មិន​ឱ្យ​ហួស​ពី​ឆ្នាំ​២០៣០»។

លោក​ Kerry បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «នេះមាន​ន័យ​ថា​ ​យើង​ត្រូវ​បន្ថយ​ការប្រើ​ធ្យូង​ថ្ម​ឱ្យ​បានលឿន​ជាង​មុន​៥​ដង។ នេះ​មាន​ន័យ​ថា យើង​ត្រូវដាំ​ដើម​ឈើឱ្យ​បាន​លឿន​ជាង​មុន​៥​ដង។ នេះ​មាន​ន័យ​ថា ​យើង​ត្រូវ​តែបង្កើន​ការ​ប្រើថាមពល​ប្រើ​បាន​ជា​ថ្មីឱ្យ​បាន​លឿន​ជាង​មុន​៦​ដង។​ នេះ​មានន័យ​ថា ​យើង​ត្រូវ​តែមាន​អន្តរកាលទៅ​កាន់រថយន្ត​អគ្គិសនីតាម​អត្រា​លឿន​ជាង​មុន​២២​ដង»។

លោក​រដ្ឋមន្ត្រី​ Kerry បាន​មាន​ប្រសាសន៍​ថា៖ «យើងអាច​ធ្វើអ្វីៗទាំងអស់​នេះបានប្រសិនបើ​យើង​មាន​ផែនការ ប្រសិន​បើ​យើង​បណ្តាក់​ទុន​វិនិយោគ ​ហើយ​បើ​យើងប្រមូល​កម្លាំងនៃ​ទី​ផ្សារ»។

លោក​រដ្ឋមន្ត្រី​ Kerry បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖ «យើង​ត្រូវ​តែចាក​ចេញ​ពី​ការ​និយាយអះអាង​ដែល​ក្រុម​អ្នក​បដិសេធ​និង​ក្រុម​អ្នក​ពន្យារ​ពេលបាន​ប្រើ ដែល​ថា​បញ្ហា​នេះ​ ជាជម្រើសមួយ​រវាងគុណភាព​ជីវិត ឬ​ការ​ដោះស្រាយបញ្ហា​នេះ។ ជោគជ័យ​មាន​ន័យ​ថា ការ​ប្រើប្រាស់​ឱ្យ​ពេញ​លេញ​នូវ​អ្វីៗ​ល្អ​បំផុតនៃ​ភាព​ប៉ិនប្រសប់​ ការ​ច្នៃប្រឌិត​ថ្មី និងទំនាក់ទំនង​ការ​ទូត​ទូទាំង​សាកល។ យើង​ត្រូវ​ប្រើគ្រប់​វិធី​និង​ឧបករណ៍​ដែល​យើង​មាន ដើម្បី​សម្រេច​គោល​ដៅ​របស់​យើង​ចាប់​រួម​មាន​កម្លាំង​នៃ​សតិ​ប្រាជ្ញា​និង​កម្លាំង​ថាមពលស្អាត​ជា​ដើម។ អនាគត​ដែលគ្មាន​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ផ្តល់ឱកាសសម្រាប់​ធុរកិច្ច​ សម្រាប់​ការ​បង្កើត​ការងារ​ស្អាត និង​គ្មានការធ្វើ​កុំ​ឱ្យបំពុល​បរិស្ថាន​ សម្រាប់​ការ​ចម្រើន​លូតលាស់សេដ្ឋកិច្ចថែម​ទៀត​ផង​ដែរ»។

លោក​រដ្ឋមន្ត្រី​ Kerry បានមាន​ប្រសាសន៍​ទៀត​ថា៖ «យើង​អាច​និយាយ​បាន​ថា ​... យើងមិនអាច​ខ្ជះខ្ជាយ​ពេលវេលាសូម្បី​១​វិនាទី។​ ពិភពលោក​ទាំង​មូលត្រូវ​តែ​មក​អង្គុយនៅតុ​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»៕

XS
SM
MD
LG