បទវិចារណកថា៖ ស៊ូដង់​ លែង​ជា​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម​ទៀត​ហើយ

នាយក​រដ្ឋមន្រ្តី​ស៊ូដង់លោក Abdullah Hamdok (ស្តាំ) ឈរ​ថតរូប​រួមគ្នា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ លោក Steven Mnuchin នៅ​អគារ​ខុទ្ទកាល័យ​ក្នុង​ទីក្រុង​ខាទុំ នៃ​ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១។

តទៅ​នេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ឆ្នាំ​១៩៩៣​ ដោយ​បាន​សម្រេចថា​ រដ្ឋាភិបាល​ស៊ូដង់​កំពុង​ផ្តល់​ជម្រក​និងការ​គាំទ្រដល់​ក្រុម​ភេរវជន ដែល​រួម​មាន​ទាំង​មេដឹកនាំ​ក្រុម​ភេរវកម្ម​អាល់កៃដា​ឈ្មោះ​ Osama bin Laden ផង​នោះ​ ​សហរដ្ឋ​អាមេរិក​បាន​កំណត់​ប្រទេស​ស៊ូដង់​ថា ​ជា​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម។​

ការ​កំណត់​បែបនេះ​មាន​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ​គឺ​ថា ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ដែល​អន្តរជាតិ​មិន​រាប់​រក។ ​វិនិយោគិន​ចៀសវាង​ប្រទេស​ដែល​ត្រូវ​បាន​កំណត់​ថា​ជា​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម​ ហើយ​ប្រទេស​ផ្សេង​ទៀត​ប្រយ័ត្ន​ប្រយែង​នឹង​ប្រទេស​នេះ។​ សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ផ្តល់​ជំនួយ​ដោយ​ផ្ទាល់​ជាច្រើន​ប្រភេទ​ ​ដាក់​ការ​ត្រួត​ពិនិត្យលើ​ការ​នាំ​ចេញ​ផ្សេងៗ​ និង​ធ្វើការ​ប្រឆាំង​ទៅ​នឹង​ការ​ផ្តល់​ប្រាក់​កម្ចី​របស់​ធនាគារ​ពិភពលោក​ និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដល់​ប្រទេស​នេះ។​ ប្រទេស​ដែល​ត្រូវ​បាន​កំណត់​ថា​ជា​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម​ ត្រូវ​បាន​ដាក់​កំហិតទៅ​លើ​លទ្ធភាព​ក្នុង​ការ​ចូលរួម​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​សាកលលោក។

ការ​កំណត់​ប្រទេស​ស៊ូដង់​ជា​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម​ ក៏​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ បាត់បង់​អភ័យឯកសិទ្ធិ​អធិបតេយ្យ​របស់​ខ្លួន​ផង​ដែរ​ ដែលអភ័យឯកសិទ្ធិ​នេះ ​ជា​គោល​ការណ៍​ច្បាប់​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​នេះ​រួច​ផុត​ពី​បណ្តឹង​រដ្ឋប្បវេណី ​ឬ​ការ​កាត់​ទោស​ព្រហ្មទណ្ឌ។​ ជា​លទ្ធផល ជនរងគ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​របស់​ក្រុម​អាល់កៃដា និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​បាន​ប្តឹង​រដ្ឋាភិបាល​ស៊ូដង់​ពី​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​តុលាការ​សហរដ្ឋ​អាមេរិក។​ នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​ តុលាការ​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ថា​ ប្រទេស​ស៊ូដង់​ជំពាក់​សំណង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​នៅតាម​ស្ថានទូត​អាមេរិក​កាល​ពី​ឆ្នាំ​១៩៩៨​ នៅ​ក្នុង​រដ្ឋធានី​ដាអេសសាឡឹម នៃ​ប្រទេស​តង់ហ្សានី​ និង​នៅ​ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី​នៃ​ប្រទេស​កេនយ៉ា ​និងត្រូវ​សង​ក្រុម​គ្រួសារ​នៃ​នាវិក​អាមេរិក​ចំនួន ១៧​ នាក់ ​ដែល​បាន​ស្លាប់​ដោយសារ​លទ្ធផល​នៃ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ក្នុង​ប្រទេសយេម៉ែន​លើ​នាវា​កងទ័ព​ជើងទឹក​អាមេរិក​ឈ្មោះ​ Cole ផង​ដែរ។

នៅ​ខែ​សីហា ​ឆ្នាំ​២០១៩ ​ ប្រជាជន​ស៊ូដង់​ បាន​ផ្តួល​រំលំ​មេដឹកនាំ​ផ្តាច់ការ​ដ៏​យូរ​អង្វែង​របស់​ខ្លួន​ ហើយ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ថ្មីបាន​ប្រកាស​ថា​ អាទិភាព​កំពូល​របស់​ខ្លួន​គឺ​ដក​ប្រទេស​ស៊ូដង់​ពី​ឋានៈ​ជា​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម​ ហើយ​ចូលរួម​ជាមួយ​នឹង​សហគមន៍នៃ​ប្រជាជាតិ​នានា​ឡើង​វិញ។​ ដើម្បី​សម្រេច​គោលដៅ​នេះ​ ​រដ្ឋាភិបាល​ស៊ូដង់​ បាន​យល់ព្រម​ដោះស្រាយ​សាលក្រម​ប្រឆាំង​នឹង​ខ្លួន​ដោយ​សង​ដើម​បណ្តឹង​ទាំងអស់​ក្នុង​ទឹកប្រាក់​ចំនួន​ ៣៣៥​ លាន​ដុល្លារ។

បន្ទាប់​ពី​ពិនិត្យ​បន្ថែម​ទៀត​អំពី​វឌ្ឍនភាព​របស់​ស៊ូដង់​នៅ​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ សហរដ្ឋ​អាមេរិក​ បាន​សម្រេចដក​ប្រទេស​ស៊ូដង់​ចេញ​ពី​បញ្ជី​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម។ កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ​ធ្នូ ​ច្បាប់​សមាហរណកម្ម​រួម​បាន​ចូល​ជា​ធរមាន​ដែល​រួមមាន​ខ្លឹមសារ​ដែល​បើក​ផ្លូវ​ឲ្យ​ប្រទេស​ស៊ូដង់​ឆ្ពោះ​ទៅ​ស្តារ​ឡើង​វិញ​នូវ​អភ័យ​ឯកសិទ្ធិ​អធិបតេយ្យភាព​ភាគច្រើនរបស់​ខ្លួនវិញ​បាន។

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក ​Mike Pompeo​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​ថា ជំហាន​នេះ​ តំណាង​ឱ្យ​«ការ​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​របស់​ស៊ូដង់ ដែល​មិន​មែន​ត្រឹម​តែ​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ​ គឺ​ថែមទាំង​ទំនាក់ទំនង​ជាមួយ​សហគមន៍​អន្តរជាតិ​ទាំងមូលផង​ដែរ។ ​វិធានការ​នេះ​ លុបចោល​ការ​រារាំង​ដល់​ការ​ធ្វើ​សមាហរណកម្ម​ពេញលេញ​របស់​ប្រទេស​ស៊ូដង់​ទៅ​ក្នុង​សេដ្ឋកិច្ច​សាកលលោក ​ដោយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ភ្ជាប់​ទ្រព្យសម្បត្តិ​របស់​ប្រទេស​ស៊ូដង់​ជា​លក្ខខណ្ឌ បើក​លទ្ធភាព​សម្រាប់​ការ​បង្កើន​យ៉ាង​លើសលប់​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ផង​ដែរ»។​

លោក ​Mike Pompeo​ បាន​បន្ថែម​ថា៖ ​«យើង​សូម​សរសើរ​ប្រជាជន​ស៊ូដង់​ចំពោះ​ការ​ទទូច​ទាមទារ​សេរីភាព​ សន្តិភាព​ និង​យុត្តិធម៌»៕