Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក ជា​អ្នកសម្របសម្រួល​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្ដិភាព​រវាង​ស៊ូដង់ និង​អ៊ីស្រាអែល


រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជជែក​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​ប្រទេស​ស៊ូដង់ និង​អ៊ីស្រាអែល។
រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជជែក​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​ប្រទេស​ស៊ូដង់ និង​អ៊ីស្រាអែល។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ បានសម្របសម្រួល​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយរវាង​ប្រទេស​ស៊ូដង់​ និងប្រទេស​អ៊ីស្រាអែល ដែលនេះ​ គឺ​ជា​កិច្ច​ព្រមព្រៀង​មួយ​រវាង​ប្រទេសអ៊ីស្រាអែល និង​ប្រទេស​ជាតិ​មួយ ដែល​មានប្រជារាស្ត្រ​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ កើត​ឡើង​ក្នុង​រយៈពេល​តិច​ជាង​បី​ខែ។

ប្រទេស​អ៊ីស្រាអែល និងប្រទេស​ស៊ូដង់​ បានយល់​ស្រប​គ្នាថា ​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មានភាពប្រក្រតី។ ប្រទេស​ទាំង​ពីរ​នេះ នឹង​ចាប់ផ្តើមធ្វើការ​ចរចា​គ្នាអំពី​កិច្ច​ព្រមព្រៀង​កិច្ច​សហប្រតិបត្តិការក្នុង​វិស័យ​កសិកម្ម​ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ អាកាសចរណ៍​ បញ្ហា​អន្តោ​ប្រវេសន៍​ និង​វិស័យ​ឯ​ទៀតៗ ដើម្បី​អត្ថប្រយោជន៍ទៅ​វិញ​ទៅ​មក។

កិច្ច​ព្រមព្រៀង​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​នេះ មាន​ឡើងក្រោយកិច្ច​ព្រម​ព្រៀង​ស្រដៀង​គ្នា​រវាង​ប្រទេស​អ៊ីស្រាអែល និងប្រទេស Emirates​ អារ៉ាប់​រួម​ និង​ប្រទេស​បារ៉ែន។ ការ​ពង្រីកកិច្ច​ព្រមព្រៀង​ Abraham ដោយ​មានរួមបញ្ចូលប្រទេស​ស៊ូដង់ ជាជំហាន​សំខាន់​មួយដែល​នឹងបង្កើត​ឱកាស​សម្រាប់​ប្រទេស​ស៊ូដង់ ​និង​ប្រទេស​អ៊ីស្រាអែល​ឱ្យកែ​លម្អ​ជីវភាព​នៃ​ប្រជារាស្ត្រ​ពួក​គេ​ នៅ​ពេល​ពង្រឹងសន្តិសុខ​នៃ​ប្រទេស​ទាំងពីរនេះ​ផង​ដែរ។

ជា​ការ​ពិតជា​ច្រើន​ទសវត្សរ៍​មក​ហើយ ប្រទេស​ស៊ូដង់​ឋិត​ក្នុងស្ថានភាពមាន​សង្គ្រាម​ជា​មួយ​ប្រទេស​អ៊ីស្រាអែល ហើយ​បាន​ធ្វើ​ពហិកាទំនិញ​អ៊ីស្រាអែល។ នៅ​ក្រោយ​សង្គ្រាម៦​ថ្ងៃ កាល​ពី​ឆ្នាំ១៩៦៧ សម្ព័ន្ធ​អារ៉ាប់ បាន​ប្រជុំគ្នា​នៅ​ក្នុង​ក្រុង Khartoum ដែលនៅ​ទី​នោះ​ ពួកគេ​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍ Three No’s ដែល​ថា គ្មានសន្តិភាព​ គ្មាន​ការ​ទទួល​ស្គាល់​ប្រទេស​អ៊ីស្រាអែល និង​គ្មាន​ការ​ចរចាជា​មួយ​ប្រទេស​នេះ​ទេ។

ការណ៍​នេះ បានផ្លាស់​ប្តូរ​ហើយ​ ដូច​ដែល​លោក Jared Kushner ទី​ប្រឹក្សា​ជាន់​ខ្ពស់របស់​ប្រធានាធិបតី​បាន​កត់​សម្គាល់​ថា៖ «យើងមាន​សមិទ្ធផល​បី​ ​នៅ​ពេល​ប្រធានាធិបតី Trump កាន់​តំណែង​គឺ៖ យើង​មានសន្តិភាព​ យើង​មាន​ការ​ទទួល​ស្គាល់ប្រទេស Israel និង​យើង​មាន​កិច្ច​ចរចាដើម្បីឱ្យមាន​សន្តិភាពថែមទៀត»។

លោក​ប្រធានាធិបតី​ Trump បាន​និយាយ​ថា ​នៅក្រោយ​ការ​រស់​នៅ​ច្រើន​ទសវត្សរ៍ក្រោមរបប​ផ្តាច់ការ​ឥស្លាម​និយមឃោរឃៅ​ ដែល​គាំទ្រ​ភេរវកម្ម​ ប្រជារាស្ត្រ​នៃ​ប្រទេស​ស៊ូដង់មានរដ្ឋាភិបាល​ថ្មី​មួយ ​ដែល​មាន​គោល​នយោបាយ​ថ្មីៗ។​ លោក​បាន​ថ្លែង​ថា៖

«រដ្ឋាភិបាលអន្តរកាល​នៃ​ប្រទេស​ស៊ូដង់ បាន​បង្ហាញ​ការ​ប្តេជ្ញា​របស់ខ្លួនដល់​ការប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​ បង្កើត​សេដ្ឋកិច្ច​ផ្សារ​សេរី​ និង​អភិវឌ្ឍស្ថាប័ន​ប្រជាធិបតេយ្យ។​ កិច្ច​ព្រមព្រៀងនៅថ្ងៃនេះ មាន​បន្ថែមលើការ​ប្តេជ្ញា​ទាំង​នោះ ហើយ​កំណត់​ពេល​មាន​ការ​ផ្លាស់​ប្តូរនៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ស៊ូដង់។

សហរដ្ឋ​អាមេរិក ​ស្វាគមន៍ការជឿន​លឿនសំខាន់​នេះ ហើយ​ប្រុង​ប្រៀប​គាំទ្រ​ប្រជារាស្ត្រ​នៃប្រទេស​ស៊ូដង់នៅពេលពួក​គេ​ធ្វើការដើម្បី​កសាងអនាគត​ល្អជាង​មុនសម្រាប់ពួក​គេ​ផ្ទាល់ ​និង​មនុស្ស​ជំនាន់ក្រោយៗទៀត។

ដោយសារកិច្ច​ព្រមព្រៀង​សន្តិភាពថ្មី​បី​នេះ ​មជ្ឈិម​បូព៌ា ​និង​ទ្វីប​អាហ្វ្រិក​មានការ​ផ្លាស់ប្តូរខាងភូមិសាស្ត្រ​នយោបាយសំខាន់​មួយ។ នៅ​ពេល​ដែល​ប្រទេស​ច្រើន​ជាង​មុន រៀប​ចំ​ឱ្យ​មានទំនាក់​ទំនងធម្មតាជាមួយ​ប្រទេស​អ៊ីស្រាអែល តំបន់​នោះ​នឹង​មាន​ស្ថិរភាព​ មាន​សន្តិសុខ ​និង​ភាព​សំបូរ​រុង​រឿង​ជាង​មុន។

សហរដ្ឋ​អាមេរិក​ នឹង​បន្ត​ឈរ​ជា​មួយ​ប្រជារាស្ត្រ​នៃ​តំបន់​នោះ នៅពេល​ពួក​គេ​ធ្វើការ​ដើម្បី​អនាគតមួយភ្លឺ​ស្វាង​ និង​ប្រកប​ដោយសេចក្តី​សង្ឃឹមច្រើន​ជាង​មុន៕

XS
SM
MD
LG