តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោកប្រធានាធិបតី Donald Trump បានសម្របសម្រួលការចរចា ដែលសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រមួយ រវាងប្រទេសអ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម។
នេះគឺជាកិច្ចព្រមព្រៀងដំបូងបំផុត ក្នុងរយៈពេល ២៥ឆ្នាំ កន្លងមកនេះ ដែលធ្វើឲ្យទំនាក់ទំនងរវាងអ៊ីស្រាអែលនិងប្រទេសអារ៉ាប់ដ៏ធំមួយមានប្រក្រតីភាពឡើងវិញ។ ក្តីសង្ឃឹមនោះ គឺថា បណ្តាប្រទេសអារ៉ាប់និងប្រទេសកាន់សាសនាឥស្លាមកាន់តែច្រើនឡើង នឹងដើរតាមប្រទេសអេមីរ៉ាតអារ៉ាប់រួមនេះក្នុងការធ្វើឲ្យមានទំនាក់ទំនងរបស់ខ្លួន មានភាពប្រក្រតីវិញជាមួយប្រទេសអ៊ីស្រាអែល។
កិច្ចព្រមព្រៀងនេះ នឹងត្រូវបានគេឲ្យឈ្មោះថា ជាកិច្ចព្រមព្រៀង Abraham Accord។ ឈ្មោះ Abraham នេះត្រូវបានយកតាមឈ្មោះអង្គព្រះ Abraham នៅក្នុងគម្ពីរប៊ីប ដែលត្រូវបានគេចាត់ទុកថា ជាបិតានៃសាសនាសំខាន់ៗទាំងបីនៅក្នុងតំបន់ គឺសាសនាជ្វីស សាសនាគ្រីស្ទ និងសាសនាឥស្លាម។
ក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ីស្រាអែល លោក David Friedman បានពន្យល់ថា៖ «គ្មាននរណាម្នាក់ជានិមិត្តរូបសម្រាប់ឯកភាពដ៏មានសក្តានុពលក្នុងចំណោមជំនឿដ៏អស្ចារ្យទាំងបីនេះ បានល្អប្រសើរជាងព្រះ Abraham ឡើយ»។
កិច្ចព្រមព្រៀង Abraham Accord នេះ គឺជាការទម្លាយរនាំងដ៏សំខាន់មួយ សម្រាប់ពលរដ្ឋកាន់សាសនាឥស្លាមនៅទូទាំងពិភពលោក ដែលមានបំណងចង់ទៅថ្វាយបង្គំនៅវិហារ Al Aqsa នៅក្នុងទីក្រុង Jerusalem (ហ្ស៊េរុយសាឡិម) ព្រោះថាឥឡូវនេះ ពួកគេនឹងអាចជិះយន្តហោះតាមជើងហោះហើរដោយផ្ទាល់ទៅកាន់ទីក្រុង Tel Aviv ពីរាជធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។
តាមរយៈការលើកទឹកចិត្តឲ្យមានការធ្វើដំណើរកាន់តែច្រើននោះ វានឹងជួយប្រឆាំងនឹងក្រុមជ្រុលនិយម ដែលប្រើប្រាស់ការពណ៌នាមិនពិត ដែលថា វិហារឥស្លាម Al Aqsa កំពុងរងការវាយប្រហារ ហើយថាប្រជាពលរដ្ឋកាន់សាសនាឥស្លាម មិនអាចទៅថ្វាយបង្គំនៅទីតាំងដ៏បរិសុទ្ធនោះ។
ដូចដែលលោកប្រធានាធិបតី Trump បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់តំបន់មជ្ឈិមបូព៌ាក្នុងឆ្នាំ ២០១៧ ថា៖ «បញ្ហានៅតំបន់មជ្ឈិមបូព៌ា អាចត្រូវបានដោះស្រាយ នៅពេលដែលប្រជាពលរដ្ឋនៃសាសនាទាំងអស់រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយមនៃអ្នកកាន់សាសនាឥស្លាម និងស្វែងរកឱកាសសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋនៃសាសនាទាំងអស់»។
ក្រោមកិច្ចព្រមព្រៀងសន្តិភាពនេះ អ៊ីស្រាអែលនិងអេមីរ៉ាតអារ៉ាប់រួម នឹងចាប់ផ្តើមដាក់ស្ថានទូតឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតនៅក្នុងប្រទេសទៅវិញទៅមក ហើយនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិគ្រប់ជាន់ថ្នាក់លើវិស័យជាច្រើន រួមមានទេសចរណ៍ អប់រំ សុខាភិបាល ពាណិជ្ជកម្ម និងសន្តិសុខ។
គោលដៅចុងក្រោយសំខាន់បំផុតនៃកិច្ចព្រមព្រៀង Abraham Accord នេះ គឺជាការត្រួសត្រាយផ្លូវ ក្នុងការស្វែងរកសន្តិភាពយូរអង្វែងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
លោកប្រធានាធិបតី Trump បានថ្លែងថា៖ «ចក្ខុវិស័យរបស់យើង គឺសន្តិភាព សន្តិសុខនិងវិបុលភាពនៅក្នុងតំបន់នេះ និងនៅជុំវិញពិភពលោក។ គោលដៅរបស់យើង គឺការបង្កើតនូវសម្ព័ន្ធនៃប្រជាជាតិមួយ ដែលមានគោលបំណងរួមក្នុងការបំបាត់ចោលនូវភាពជ្រុលនិយម និងផ្តល់ដល់កូនចៅរបស់យើងនូវអនាគត ប្រកបដោយក្តីសង្ឃឹមដែលគោរពតាមបំណងរបស់ព្រះជាម្ចាស់»៕