តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រទេសតួកគីនិងសហរដ្ឋអាមេរិក ជាប្រទេសសម្ព័ន្ធមិត្តរបស់អង្គការអូតង់ (NATO) អស់រយៈពេលជិត ៧០ ឆ្នាំមកហើយ។ ភាពជាដៃគូនេះផ្អែកលើផលប្រយោជន៍និងការគោរពគ្នាទៅវិញទៅមក និងផ្តោតលើវិស័យមួយចំនួនដូចជា សន្តិសុខនិងស្ថិរភាពក្នុងតំបន់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិវឌ្ឍភាពនៃស្ថានភាពសិទ្ធិមនុស្សជាដើម។
សហរដ្ឋអាមេរិកឈរក្នុងកម្លាំងសាមគ្គីជាមួយប្រទេសតួកគី នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ កិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម គឺជាកត្តាគន្លឹះនៃភាពជាដៃគូយុទ្ធសាស្រ្តរបស់យើង។
ដោយសារប្រទេសយើងទាំងពីរសាមគ្គីគ្នានៅក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃអំពើភេរវកម្ម ជាការពិតដែលសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានផ្តល់សារជំទាស់យ៉ាងខ្លាំងចំពោះប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ដែលបានទទួលស្វាគមន៍មេដឹកនាំក្រុម Hamas ពីរនាក់ នៅក្នុងទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី ២២ ខែសីហា។
អ្នកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ក្រុម Hamas ត្រូវបានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចាត់ទុកថាជាអង្គការភេរវកម្មមួយ ហើយមន្ត្រី Hamas ទាំងពីរ ដែលត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតីតួកគីលោក Erdoganនោះ ត្រូវបានចាត់ទុកជាពិសេសថា ជាភេរវជនសាកលលោក»។
ក្រុម Hamas មានមានបំណងបំផ្លាញប្រទេសអ៊ីស្រាអែល នឹងបង្កើតរដ្ឋឥស្លាមមួយចាប់ពីទន្លេហ្ស៊កដានី រហូតដល់សមុទ្រមេឌីទែរ៉ាណេ។ គោលដៅវាយប្រហាររបស់ក្រុម Hamas ជារឿយៗគឺជនស៊ីវិល ហើយអាវុធដែលក្រុមនេះប្រើមានដូចជា អាវុធធុនមីស៊ីល គ្រាប់បែកអត្តឃាត កាំបិត និងផ្លូវរូងក្រោមដី សម្រាប់សកម្មភាពភេរវកម្មរបស់ខ្លួនជាដើម។
បុគ្គលឈ្មោះ Ismail Haniyeh ដែលជាមេដឹកនាំនយោបាយជាន់ខ្ពស់របស់ក្រុម Hamas គឺជាបុរសម្នាក់ក្នុងចំណោមពីរនាក់ ដែលលោកប្រធានាធិបតី Erdogan បានជួបនៅក្នុងទីក្រុងអ៊ីស្ដង់ប៊ុលនោះ។
នៅពេលបុគ្គលឈ្មោះ Haniyeh នេះ ត្រូវបានបញ្ជូលទៅក្នុងបញ្ជីភេរវជនពិភពលោក កាលពីឆ្នាំ ២០១៨ ក្រសួងការបរទេសអាមេរិកបានហៅបុគ្គលនេះថា ជាមេដឹកនាំភេរវជនដ៏ចម្បងមួយរូប ដែលបាន «គំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា បំផ្លាញដល់ដំណើរការសន្តិភាព និងវាយប្រហារលើប្រទេសអេហ្ស៊ីបនិងអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក»។
បុរសទីពីរដែលលោកប្រធានាធិបតី Erdogan បានជួបដែរនោះ គឺអនុប្រធានរបស់ក្រុម Hamas ឈ្មោះ Salih al-Aruri។ បុគ្គលឈ្មោះ Salih al-Aruri នេះ មានការពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារភេរវកម្ម ការឆ្មក់ប្លន់ និងការចាប់ជំរិតជាច្រើនករណី។
បុគ្គលនេះជាអ្នកដែលបានប្រកាសថា ក្រុម Hamas ជាអ្នកទទួលខុសត្រូវលើការវាយប្រហារភេរវកម្មក្នុងឆ្នាំ ២០១៤ ដែលបានចាប់ជំរិតនិងសម្លាប់យុវជនអ៊ីស្រាអែល ៣ នាក់ ក្នុងតំបន់ West Bank ហើយបានសរសើរការសម្លាប់យុវជនទាំង ៣ នាក់នោះថាជា «ប្រតិបត្តិការប្រកបដោយវីរភាព» ទៀតផង។
កម្មវិធីផ្តល់រង្វាន់ដើម្បីយុត្តិធម៌របស់សហរដ្ឋអាមេរិកនឹងផ្តល់រង្វាន់ជាទឹកប្រាក់រហូតដល់ ៥ លានដុល្លារអាមេរិក ចំពោះព័ត៌មានណាដែលអាចឈានទៅដល់ការចាប់ខ្លួនបុគ្គលនេះ។
អ្នកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា ការជួបគ្នាកាលពីខែសីហានោះ គឺជាការជួបគ្នាលើកទីពីរដែលប្រធានាធិបតីតួកគីលោក Erdogan បានទទួលស្វាគមន៍មេដឹកនាំក្រុម Hamas នេះ នៅក្នុងប្រទេសតួកគីក្នុងឆ្នាំនេះ។
អ្នកស្រីបានបញ្ជាក់ដូច្នេះថា៖ «ការបន្តទំនាក់ទំនងរបស់ប្រធានាធិបតីតួកគីលោក Erdogan ជាមួយអង្គការភេរវកម្មនេះ គឺមានតែធ្វើឲ្យប្រទេសតួកគីនៅឯកោពីសហគមន៍អន្តរជាតិ និងថែមទាំងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋប៉ាឡេស្ទីន និងបង្អាក់ដល់កិច្ចប្រឹងប្រែងរបស់ពិភពលោកនៅក្នុងការទប់ស្កាត់ការវាយប្រហារភេរវកម្ម ដែលធ្វើឡើងចេញពីតំបន់ Gaza តែប៉ុណ្ណោះ។ យើងនៅតែបន្តលើកឡើងពីការព្រួយបារម្ភរបស់យើង អំពីទំនាក់ទំនងរវាងរដ្ឋាភិបាលតួកគីជាមួយក្រុម Hamas នេះ នៅក្នុងកម្រិតខ្ពស់បំផុត»៕