Accessibility links

Breaking News

បទវិចារណកថា៖ ការប្រយុទ្ធ​នឹង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​អ៊ុយក្រែន


រូបឯកសារ៖ ក្រុមបាតុករកាន់ទង់ជាតិអ៊ុយក្រែន​និងបដាដែលមាន​សំណេរ​ថា «ទេ ចំពោះ​ការឈ្លានពាន​របស់​រុស្ស៊ី»ក្នុង​អំឡុងពេល​បាតុកម្ម​មួយនៅ​ទីក្រុងប៉ារីស ប្រទេសបារាំង កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ទៅកាន់ប្រទេសបារាំង។
រូបឯកសារ៖ ក្រុមបាតុករកាន់ទង់ជាតិអ៊ុយក្រែន​និងបដាដែលមាន​សំណេរ​ថា «ទេ ចំពោះ​ការឈ្លានពាន​របស់​រុស្ស៊ី»ក្នុង​អំឡុងពេល​បាតុកម្ម​មួយនៅ​ទីក្រុងប៉ារីស ប្រទេសបារាំង កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ទៅកាន់ប្រទេសបារាំង។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

វិធានការសំខាន់មួយក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុងប្រទេសអ៊ុយក្រែន ​និងកន្លែង​ឯ​ទៀតៗ​ គឺ​កម្ចាត់អំពើពុក​រលួយ។ លោកស្រី​ Samantha Power ​ប្រធាន​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ USAID បាន​ព្រមាននៅ​ក្នុង​សុន្ទរកថា​មួយកាលពីពេល​ថ្មីៗ​នេះ នៅ​ក្នុងសន្និសិទ Democracy​ in​ Action​: Zero​ Corruption​ Conference​ ថា «​ពួកតួអង្គ​អាក្រក់ដូច​ជា​ប្រទេសរុស្ស៊ី​ និងប្រទេស​ចិន​ជា​ដើម ​យក​ពួកអប្បជន​មានអំណាច​ខ្លាំងជា​សម្ព័ន្ធមិត្តដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អ្នកកែ​ទម្រង់ដើម្បីកែ​បំភ្លៃ​ច្បាប់ និង​ធ្វើឱ្យ​លទ្ធិប្រជាធិបតេយ្យ​ររលួយ​ពី​ខាង​ក្នុង»។ ​សមិទ្ធិផល​ល្អៗ​ដែល​ត្រូវ​ធ្វើឱ្យ​មានកាល​ពីបី​ បួន​ឆ្នាំកន្លងទៅ​នេះ​ កំពុង​មានការ​គំរាម​កំហែង។ ​ការ​បណ្តាក់​ទុន​សាធារណៈ​ព្រមទាំង​ការ​ចូល​រួម​ជ្រៅ​ក្នុង​ទីផ្សារ​និង​ប្រព័ន្ធ​អឺរ៉ុប​ ក៏​កំពុងត្រូវធ្វើឱ្យចុះខ្សោយ​ដែរ។

កាលពី​ពេល​ថ្មីៗនេះ ​លោក​ប្រធានាធិបតី Biden បានចេញ​អនុស្សរណៈ​ប្រធានាធិបតី​មួយបញ្ជាក់ថា អំពើពុក​រលួយ​ជាអាទិភាព​ខាង​សន្តិសុខជាតិ​ចម្បង​មួយ។ ​អនុស្សរណៈ​នេះទទួល​ស្គាល់​ថា​ អំពើ​ពុក​រលួយធ្វើ​ឱ្យ​សង្គម​គាំង​ដំណើរ ​លួចប្រាក់កាស​របស់​ពលរដ្ឋ​ដែល​បង់​ពន្ធដារ ​ធ្វើឲ្យ​បាត់បង់​ការ​ទុកចិត្ត​លើ​ស្ថាប័នគ្រប់គ្រង​ប្រទេស ​និងធ្វើឱ្យ​អន់​ថយដល់វិនិយោគ​ច្រើន​ទសវត្សរ៍មក​ហើយ​របស់​ពិភពលោក​ដើម្បី​ធ្វើឱ្យជីវភាព​ប្រជាពលរដ្ឋ​ល្អប្រសើរ​ជាង​មុន។

លោកស្រី​ Samantha Power​ បានមានប្រសាសន៍​ថា «ព្រោះ​ហេតុ​នេះហើយ​បានជា​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ជាគោលដៅស្នូល​នៃ​កាងារ​របស់​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ USAID ក្នុង​ប្រទេសអ៊ុយក្រែន»។ កម្មវិធី​បច្ចុប្បន្ន​មានការប្រើវិស័យ​ឌីជីថល (digital) ក្នុង​សេវា​សាធារណៈ ​ជំរុញកំណែទម្រង់ស្ថាប័ន ​ដាក់​ប្រភព​ធនធានរដ្ឋាភិបាល​ក្នុងដៃ​មន្ត្រីមូលដ្ឋាន​ដែល​យល់ដឹង​ច្បាស់លាស់​អំពី​ការគ្រប់គ្រង​ធនធាន​នេះ​ឱ្យមាន​ភាពស្មើ​គ្នា​ ឬ​គាំទ្រសង្គម​ស៊ីវិល​ ​និង​អង្គការអ្នក​កែ​ទម្រង់បណ្តាញ​ផ្សាយ​ព័ត៌មានដូច​ជា​មជ្ឈមណ្ឌលសកម្ម​ភាព​ប្រឆាំងអំពើ​ពុក​រលួយ​ជា​ដើម។

ទៅ​ថ្ងៃអនាគត​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ USAID នឹង​បង្កើតក្រុម​ការងារពិសេស​មួយ​ខាង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ដើម្បី​បង្កើន ពង្រឹង និង​រួម​បញ្ចូល​ការងារ​ប្រឆាំង​អំពើពុករលួយ​នៅ​ក្នុង​ទី​ភ្នាក់ងារ​នេះ​ទាំងមូល ដោយ​ទាញយកចំណះ​ដឹង​របស់​ពួក​អ្នក​ជំនាញក្នុង​ និង​ក្រៅប្រទេស​ដើម្បី​ប្រឆាំង​នឹង​អំពើពុក​រលួយ​ក្នុង​ប្រទេសអ៊ុយក្រែន និង​ប្រទេស​ផ្សេងទៀត។

ក្រុម​ការងារពិសេស​មួយ​ខាង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយនេះ នឹង​ពិនិត្យ​សើរើ​កម្មវិធីបច្ចុប្បន្នរបស់ USAID ដើម្បី​ឱ្យ​ដឹង​ថា តើ​ជំនួយ​បរទេសអាចត្រូវប្រើ​បែបណា​ដើម្បី​កាត់​បន្ថយ​និង​បញ្ចៀស​កុំឱ្យ​មានអំពើ​ពុករលួយ។ ក្រុម​ការងារពិសេសនេះ ក៏​នឹងធ្វើឱ្យ​មានរបៀប​ដោះស្រាយប្រឆាំង​នឹង​អំពើពុក​រលួយក្នុងផ្នែកចាត់​ចែង​កម្មវិធីនិងបង្កើត​ឱ្យ​មានយន្តការឆ្លើយ​តប​រហ័សមួយដើម្បី​ក្តាប់​ឱកាស​សម្រាប់​ការ​ធ្វើ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ និង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។

ថវិកា​ចាយវាយ​ថ្មី​របស់​លោក​ប្រធានាធិបតី Buden ​បានកំណត់​ប្រាក់៥០​លាន​ដុល្លារ​សម្រាប់​កិច្ច​ប្រឹងប្រែងឆ្លើយ​តប​រហ័ស​នេះ។ សហរដ្ឋ​អាមេរិក ​នឹងពង្រីក​ការ​ប្តេជ្ញា​ទាំង​នេះ​ និង​លើកទឹកចិត្ត​ប្រទេស​ឯ​ទៀតៗ​ឱ្យ​ធ្វើ​ការ​ប្តេជ្ញា​របស់​ពួក​គេ​ផ្ទាល់​នៅ​ក្នុង​សន្និសិទ​កំពូល​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យក្នុង​ពេល​ខាង​មុខនេះនៅ​ក្រោម​អធិបតីភាពលោកប្រធានាធិបតី Biden ដែល​នឹងស្វះស្វែង​រក​ការ​ប្តេជ្ញាដែលជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​ ប្រយុទ្ធនឹងអំពើ​ពុក​រលួយ ​និង​ការពារ​សិទ្ធិមនុស្ស។

លោកស្រី​ Samantha Power​ បានមានប្រសាសន៍​ថា «ខ្ញុំ​ចង់ឱ្យលោកអ្នក​ទាំងអស់​នៅ​ក្នុង​វេទិកា​នេះ​ដឹង​ថា សហរដ្ឋ​អាមេរិក​ឈរជា​មួយ​អស់លោកអ្នកនៅ​ពេលលោកអ្នក​ធ្វើការ​យ៉ាង​ក្លាហាន​ដើម្បីកសាងពិភព​លោក​មួយ​ដែល​មានភាពទៀងត្រង់ យុត្តិធ៌ម​និង​លក្ខណៈ​ប្រជាធិបតេយ្យ​ច្រើន​ជា​មុន»៕

XS
SM
MD
LG