តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពី៦០ឆ្នាំមុន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៦៣ សន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរមានកម្រិតបានចូលជាធរមាន។ ដោយស្គាល់ដែរថាជាសន្ធិសញ្ញាហាមប្រាមការធ្វើតេស្តជាផ្នែកសន្ធិសញ្ញានេះបានហាមប្រាមការសាកល្បងអាវុធនុយក្លេអ៊ែរក្នុងអាកាស លើដី និងក្នុងទឹក។ សន្ធិសញ្ញានេះបានកាត់បន្ថយច្រើនក្រាស់ក្រែលការសាយភាយនុយក្លេអ៊ែរហួសពីកន្លែងធ្វើតេស្ត ហើយដូច្នេះ ហួសពីព្រំដែនជាតិផងដែរ។ ៣៣ឆ្នាំក្រោយមក ប្រទេស១៨៦ បានចុះហត្ថលេខាលើសន្ធិសញ្ញាហាមប្រាមការធ្វើតេស្តនុយក្លេអ៊ែរទូលំទូលាយដែលហាមប្រាមការធ្វើតេស្តនុយក្លេអ៊ែរទាំងអស់។
លោកស្រី Bonnie Jenkins អនុរដ្ឋមន្ត្រីខាងការគ្រប់គ្រងអាវុធនិងសន្តិសុខអន្តរជាតិបាននិយាយនៅក្នុងមហាសន្និបាតអ.ស.ប.ថា «ប៉ុន្តែទោះជាមានផលប៉ះពាល់ធំនៃសន្ធិសញ្ញាហាមប្រាមការធ្វើតេស្តនុយក្លេអ៊ែរមានកម្រិត កាលពីឆ្នាំ១៩៦៣ និងបទដ្ឋានដែលសន្ធិសញ្ញានេះជំរុញឱ្យមានប្រសិទ្ធិភាពក៏ដោយ ក៏គោលដៅនៃការហាមប្រាមសាកលតាមច្បាប់លើការបំផ្ទុះការធ្វើតេស្តអាវុធនុយក្លេអ៊ែរទាំងអស់ដោយរដ្ឋភាគីទាំងអស់ក្នុងបរិដ្ឋានទាំងអស់ នៅតែមិនទាន់សម្រេចនៅឡើយ។ ជំហានចុងក្រោយបង្អស់ដើម្បីសម្រេចគោលដៅនោះ គឺការចូលជាធរមាននៃសន្ធិសញ្ញាហាមប្រាមការធ្វើតេស្តនុយក្លេអ៊ែរទូលំទូលាយ ហៅកាត់ថា CTBT»។
សន្ធិសញ្ញានេះមានជោគជ័យគួរឱ្យកត់សម្គាល់។ នៅពេលការធ្វើតេស្តនុយក្លេអ៊ែរជាច្រើនត្រូវបានហាមប្រាម វាមានការពិបាកជាងមុនសម្រាប់រដ្ឋនានាក្នុងការអភិវឌ្ឍនិងរចនាគ្រាប់បែកនុយក្លេអ៊ែរថ្មីៗ។ តែយ៉ាងណាក៏ដោយក៏មានរដ្ឋ៨ រួមទាំងសហរដ្ឋអាមេរិកផងដែរមិនទាន់បានផ្តល់សច្ចានុម័តដល់សន្ធិសញ្ញា CTBT នៅឡើយទេ។ ការចូលរួមក្នុងសន្ធិសញ្ញានេះរបស់ពួករដ្ឋទាំងនេះអាស្រ័យលើបម្រាមបណ្តោះអាសន្នដោយស្ម័គ្រចិត្ត។
លោកស្រី Jenkins បាននិយាយថា «ក្នុងពេលជាង៣០ឆ្នាំ សហរដ្ឋអាមេរិកមិនបានធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរទេ ហើយយើងក៏គ្មានផែនការធ្វើតេស្តនុយក្លេអ៊ែរទេ។ យើងជាអ្នកដំបូងគេដែលបានចុះហត្ថលេខាលើសន្ធិសញ្ញា CTBT នៅពេលមានការបើកឱ្យចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ១៩៩៦។ តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានរក្សាបម្រាមបណ្តោះអាសន្នមិនឱ្យមានការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ហើយបានអំពាវនាវដល់រដ្ឋទាំងអស់ដែលមានអាវុធនុយក្លេអ៊ែរឱ្យប្រកាស ឬរក្សាការហាមប្រាមនេះឱ្យមានតទៅទៀត»។
លោកស្រីអនុរដ្ឋមន្ត្រី Jenkins បានថ្លែងថា «ទោះជាបម្រាបបណ្តោះអាសន្ននេះជួយធ្វើឱ្យមានបទដ្ឋានអន្តរជាតិប្រឆាំងនឹងការធ្វើតេស្តនុយក្លេអ៊ែរក៏ដោយ ក៏យើងទទួលស្គាល់ដែរថា គ្មានជម្រើសដល់ការហាមប្រាមមួយតាមច្បាប់ដែលការចូលជាធរមាននៃសន្ធិសញ្ញា CTBT នឹងផ្តល់ឱ្យ។ ការហាមប្រាមមួយបែបនេះឋិតក្នុងផលប្រយោជន៍នៃរដ្ឋទាងអស់»។
លោកស្រីបានមានប្រសាសន៍ថា «ការហាមប្រាមការធ្វើតេស្តនុយក្លេអ៊ែរតាមច្បាប់នៅតែជាអាទិភាពអន្តរជាតិមួយ។ ពួកភាគីនៃសន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរ NPT បានទទួលស្គាល់ម្តងទៀតថា ការហាមប្រាមការធ្វើតេស្តបែបនេះទាំងអស់នៅក្នុងបរិដ្ឋានទាំងអស់ជាវិធានការសំខាន់មួយ និងជាជំហានចាំបាច់នៅលើមាគ៌ាទៅកាន់ពិភពលោកមួយមិនមានអាវុធនុយក្លេអ៊ែរ»។
លោកស្រីអនុរដ្ឋមន្ត្រី Jenkins បានពោលថា «ទោះជាមានការពិបាកក្នុងបរិយាកាសសន្តិសុខអន្តរជាតិដែលយើងឃើញមាននៅសព្វថ្ងៃនេះក៏ដោយ ក៏រដ្ឋទាំងអស់ត្រូវប្តេជ្ញាជាថ្មីដល់គោលដៅនៃការហាមប្រាមការធ្វើតេស្តនុយក្លេអ៊ែរសាកលមួយតាមច្បាប់ជាព្រឹត្តការណ៍សំខាន់មួយនៅលើផ្លូវទៅកាន់ពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ»៕