តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងសន្និសីទលើកទី ១០ កាលពីពេលថ្មីៗនេះដើម្បីពិនិត្យឡើងវិញលើសន្ធិសញ្ញាស្ដីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានពិភាក្សាអំពីវិធីបន្តសម្រេចឱ្យបាននូវគោលដៅនៃការធ្វើមិនឱ្យមានការរីកសាយភាយអាវុធ ការរំសាយសព្វាវុធ និងការប្រើប្រាស់ដោយសន្តិវិធីនូវបច្ចេកវិទ្យានុយក្លេអ៊ែរ។
លោករដ្ឋមន្ត្រី Blinken បានសង្កត់ធ្ងន់ថា ដំបូងបង្អស់ ពិភពលោកត្រូវតែប្រឆាំងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលក្នុងនោះរួមមានទាំងតាមរយៈកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ផងដែរ។
លោក Blinken មានប្រសាសន៍ដូច្នេះថា៖ «ករណីនេះចាប់ផ្ដើមជាមួយនឹងការទាមទារឱ្យភាគីទាំងអស់នៃសន្ធិសញ្ញា NPT គោរពតាមសន្ធិសញ្ញានេះ ដើម្បីធានាថាយើងមានវិធានការការពារត្រៀមទុកដើម្បីតាមដានពិនិត្យលើខ្លួនយើងផ្ទាល់ និងដើម្បីពង្រឹងលទ្ធភាពរបស់ទីភ្នាក់ងារ IAEA នៅក្នុងការអនុវត្តវិធានការការពារទាំងនេះ។ យើងលើកទឹកចិត្តដល់ភាគីទាំងអស់នៃសន្ធិសញ្ញានេះឱ្យអនុម័តកិច្ចព្រមព្រៀងការពារដ៏ទូលំទូលាយមួយនិងពិធីសារបន្ថែមទៀត ដែលនឹងតំណាងរួមគ្នាឱ្យស្ដង់ដារនៃការផ្ទៀងផ្ទាត់ដ៏ហ្មត់ចត់បំផុត»។
ប្រសិនបើភាគីណាមួយនៃសន្ធិសញ្ញា្ NPT នេះ ស្វះស្វែងសម្រេចឱ្យបាននូវអាវុធនុយក្លេអ៊ែរ យើងត្រូវតែចាត់វិធានការរួមគ្នាតែមួយដើម្បីឱ្យភាគីនោះត្រឡប់មកគោរពតាមកិច្ចព្រមព្រៀងនេះវិញ។
សហរដ្ឋអាមេរិកតាំងចិត្តសម្រេចឱ្យបាននូវកញ្ចប់ព្រមព្រៀងដ៏ទូលំទូលាយមួយដើម្បីកាត់បន្ថយហានិភ័យ ដែលក្នុងនោះរួមមានទាំងជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិននិងប្រទេសដទៃទៀតផងដែរ។
លោករដ្ឋមន្ត្រី Blinken បានថ្លែងថា៖ «នៅពេលដែលយើងសម្លឹងទៅអនាគត យើងក៏ត្រូវតែពង្រឹងផងដែរនូវកិច្ចព្រមព្រៀងនានាដើម្បីបង្ការសង្គ្រាមនុយក្លេអ៊ែរ»។
លោក Blinken លើកឡើងដូច្នេះថា៖ «ដើម្បីកំហិតការកើនឡើងនៃបរិមាណអាវុធនុយក្លេអ៊ែរនៅលើពិភពលោក យើងបន្តគាំទ្រឱ្យមានការចូលជាធរមាននូវសន្ធិសញ្ញាទូលំទូលាយនៃហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ។ យើងក៏ត្រៀមខ្លួនរួចរាល់ផងដែរនៅក្នុងការចាប់ផ្ដើមធ្វើការជាមួយដៃគូនានាដើម្បីចាប់ផ្ដើមឡើងវិញនូវការចរចានៅក្នុងឆ្នាំនេះអំពីសន្ធិសញ្ញាដែលពន្យារពេលជាយូរមកហើយទាក់ទិននឹងការកាត់ផ្ដាច់សារធាតុផ្ទុះសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ»។
ជាទីបញ្ចប់ សហរដ្ឋអាមេរិកនៅតែផ្ដោតលើការធ្វើឱ្យភាគីទាំងអស់បានទទួលប្រយោជន៍ពីការប្រើប្រាស់ដោយសន្តិវិធីនូវបច្ចេកវិទ្យានុយក្លេអ៊ែរតាមវិធីដែលមានសុវត្ថិភាពនិងសន្តិសុខត្រឹមត្រូវ។ បច្ចេកវិទ្យាទាំងនេះកំពុងជួយពិភពលោកឱ្យកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើឥន្ធនៈផូស៊ីល និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
សហរដ្ឋអាមេរិកក៏គាំទ្រផងដែរឱ្យមាននវានុវត្តន៍ថាមពលស្អាត ដូចជារ៉េអាក់ទ័រនុយក្លេអ៊ែរប្រភេទតូចៗជាដើម ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនិងដើម្បីធានាឱ្យមានលទ្ធភាពប្រើប្រាស់ថាមពលនុយក្លេអ៊ែរដ៏គួរឱ្យទុកចិត្តបាន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសកាលពីពេលថ្មីៗនេះនូវការផ្ដល់ថវិកាចំនួន ១៤ លានដុល្លារដើម្បីគាំទ្រដល់ការប្រើប្រាស់រោងចក្រថាមពលរ៉េអាក់ទ័រប្រភេទតូចៗនៅក្នុងប្រទេសរូម៉ានី ដែលនឹងផ្ដល់ថាមពលនុយក្លេអ៊ែរដែលមិនមានការបញ្ចេញឧស្ម័នស្រូបកម្ដៅ។
នៅពេលដែលយើងធ្វើការរួមគ្នាតាមរយៈផ្នែកសំខាន់ៗទាំង ៣ នៃសន្ធិសញ្ញា NPT នេះ យើងបន្តធ្វើកិច្ចការដោយផ្អែកលើកិច្ចប្រឹងប្រែងរបស់ប្រទេសជាច្រើនដែលបានអនុវត្តមុនយើង។
លោករដ្ឋមន្ត្រី Blinken បានថ្លែងថា ទាំងនេះនៅតែជាភារកិច្ចរបស់យើងគ្រប់គ្នាដើម្បីគេចចេញពីភាពភ័យខ្លាចនិងសម្រេចឱ្យបានតាមការទទួលខុសត្រូវរបស់យើងដើម្បីបង្ការសង្គ្រាមនុយក្លេអ៊ែរ កាត់បន្ថយអាវុធនុយក្លេអ៊ែរ ធ្វើឱ្យបច្ចេកវិទ្យានុយក្លេអ៊ែរមានសន្តិសុខល្អ និងដើម្បីលើកកម្ពស់សន្តិភាពនិងវឌ្ឍនភាពនៅជុំវិញពិភពលោក៕