Accessibility links

Breaking News

បទវិចារណកថា៖ សេចក្តី​សង្ឃឹម​និង​ភាពមិន​ប្រាកដ​ប្រជា​ក្នុង​កិច្ចចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់


កិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅទីក្រុងវីយែន ប្រទេសអូទ្រីស។
កិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅទីក្រុងវីយែន ប្រទេសអូទ្រីស។

តទៅនេះ គឺ​ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រទេស​អ៊ីរ៉ង់​និងទីភ្នាក់ងារថាមពលបរមាណូ​អន្តរជាតិ​ហៅ​កាត់​ថា IAEA បានពន្យា​រពេលមួយ​ខែកិច្ចព្រមព្រៀង​ត្រួតពិនិត្យកន្លែង​នុយក្លេអ៊ែរ​នៃ​ប្រទេស​អ៊ីរ៉ង់ដែល​បានផុត​កំណត់​កាលពី​ថ្ងៃទី២១ ​ខែឧសភា។

​ការពន្យារ​ពេលនៅ​នាទីចុង​ក្រោយ​បង្អស់​នេះ ​មានឡើង​នៅ​ពេល​ការចរចា​ជុំ​ថ្មីមួយរវាង​អ៊ីរ៉ង់ និង​ពួក​ប្រទេស​មហាអំណាចអំពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ ​មានកំណត់ធ្វើ​នៅ​ក្រុង​ Vienne។ ស.រ.អ.​ និងអ៊ីរ៉ង់ បាននិយាយ​ថា ពួកគេ​ចង់វិល​ទៅ​កាន់​ការគោរព​តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់ ហៅកាត់ថា JCPOA វិញ។ នៅ​ក្រោមរដ្ឋបាលលោក Trump ស.រ.អ. បានដក​ថយ​ចេញ​ពី​កិច្ចព្រមព្រៀងនេះ​កាលពី​ឆ្នាំ២០១៨​ ហើយ​បានដាក់​ទណ្ឌកម្ម​ថ្មីៗប្រឆាំង​នឹង​អ៊ីរ៉ង់។ ចាប់​តាំងពីពេល​នោះ​មក អ៊ីរ៉ង់ បានចាត់​វិធានការ​មួយ​ចំនួន​ដោយ​មាន​រួម​បញ្ចូល​ទាំងការ​សំរិត​សំរាំង​គុណភាព uranium ​ដល់​កម្រិតលើស​ពីការចែង​ក្នុងកិច្ចព្រមព្រៀង JCPOA។

កិច្ចពិភាក្សា​បច្ចុប្បន្ន​ដែល​សហភាពអឺរ៉ុបជាប្រធាន ស្តីពីវិធី​សម្រេចគោលដៅនៃការ​វិល​មក​គោរព​តាមកិច្ច​ព្រមព្រៀង​នេះ មានការ​ចូលរួមរបស់ប្រទេស​អ៊ីរ៉ង់ ​ចក្រភព​អង់គ្លេស ចិន បារាំង​ អាល្លឺម៉ង់ និង​រុស្ស៊ី​ និង​ការចូល​រួម​មិនផ្ទាល់តែ​សំខាន់​របស់​ស.រ.អ.ផងដែរ។

​ក្រោយពី​ការពិភាក្សា​ដែល​បានចប់​កាលពី​ថ្ងៃទី១៩ ខែ​ឧសភា លោក​ Enrique Mora អគ្គលេខាធិការ​រងនៃ​សេវាសកម្មភាពក្រៅប្រទេស​របស់​សហភាព​អឺរ៉ុប​ដែល​ជា​ប្រធាននៃកិច្ច​ចរចានោះ បានប្រកាស​ថា ពួក​អ្នក​ចួល​រួម​បាន«ធ្វើឱ្យ​មានការ​ជឿនលឿនល្អ​ប្រសើរ។ កិច្ច​ព្រមព្រៀង​មួយ ​កំពុងចេញ​ជា​រូបរាង​ហើយ»។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ. Antony Blinken បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍​មួយ​តាម​ទូរទស្សន៍កាលពី​ពេល​ថ្មីៗ​នេះ​ថា ​កិច្ច​ចរចា​នៅ​ក្នុង​ក្រុង Vienne បាន​«បំភ្លឺអ្វី​ដែលភាគី​នីមួយៗត្រូវ​ការ​ធ្វើដើម្បី​វិល​ត្រឡប់​មក​កាន់ការ​ធ្វើ​តាមកិច្ច​ព្រមព្រៀង​នេះ​វិញ»។

លោក​បាន​និយាយ​ថា​ សម្រាប់​ស.រ.អ.​ «យើង​ដឹងអំពីការ​ដាក់​ទណ្ឌកម្ម​ណា​ខ្លះដែលគួរ​លុប​ចោល​ប្រសិនបើ​វា​មិន​សម​ស្របជា​មួយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ»។ លោក​បន្ថែមថា​ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាងនេះនោះ​គឺ​ អ៊ីរ៉ង់ដឹង​ហើយ​ថា ​តើ​ខ្លួន​ត្រូវធ្វើអ្វី​ខ្លះ ដើម្បីសមស្រប​ក្នុងវិស័យ​នុយក្លេអ៊ែរ។ ហើយ​អ្វី​ដែលយើង​មិនទាន់ឃើញ​នៅ​ឡើយគឺ​ថា ​តើ​អ៊ីរ៉ង់ប្រុងប្រៀប និង​ចង់​ធ្វើ​សេចក្តី​សម្រេច​មួយ​អំពី​អ្វី​ដែល​ខ្លួនត្រូវធ្វើ​នោះ​ឬ​ទេ​។ នេះ​ជា ការសាកល្បង​មួយ ហើយ​យើងមិនទាន់មានចម្លើយ​នៅឡើយទេ»។

នៅ​ក្នុង​បទសម្ភាសន៍មួយ​ដាច់​ដោយ​ឡែក លោករដ្ឋមន្ត្រី​ការបរទេស​ Blinken បាន​គូសបញ្ជាក់​ថា ស.រ.អ. «ប្រុងប្រៀប​ពេញ​លេញ»ស្រេច​ហើយដើម្បី​វិល​ត្រឡប់​ទៅកាន់​កិច្ចព្រមព្រៀង JCPOA វិញ​ ហើយ​ថា ​ប្រសិនបើ​ប្រទេស​ទាំង​ពីរ មានជោគជ័យ​ក្នុងការ​សម្រេច​គោល​ដៅ​នេះ​ JCPOA អាច​ត្រូវ​ប្រើ​ជា​មូលដ្ឋានមួយសម្រាប់កិច្ចព្រមព្រៀង​រឹងប៉ឹងជាង​មុន​មួយដែលនឹង​ដោះស្រាយ​បញ្ហា​អាកប្បកិរិយារបស់​អ៊ីរ៉ង់​ដែលនាំឱ្យ​មានអស្ថិរភាពក្នុងតំបន់​មជ្ឈិម​បូព៌ា។

លោក​រដ្ឋមន្ត្រី Blinken បានថ្លែង​ថា «ក៏​ប៉ុន្តែ​ជំហានដំបូង ​ត្រូវ​ការឱ្យ​មានការ​វិលត្រឡប់ទៅកាន់ការ​គោរពកិច្ច​ព្រមព្រៀង​នេះ ទៅ​វិញ​ទៅ​មក។ នេះ​ជា​អ្វីដែល​យើងកំពុ​ង​ធ្វើការ ហើយយើង​នៅមិន​ទាន់ដឹង​ថា​ តើ​អ៊ីរ៉ង់ នឹង​សុខចិត្ត​យល់ព្រម ​ឬ​ទេ»៕

XS
SM
MD
LG