តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ថ្លែងទៅកាន់សន្និសីទសន្តិសុខ Munich តាមវីដេអូកាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Joe Biden បានមានប្រសាសន៍ថា ការគំរាមកំហែងនៃការរីកសាយអាវុធនុយក្លេអ៊ែរ «នៅតែបន្តតម្រូវឱ្យមានកិច្ចការទូតដោយប្រុងប្រយ័ត្ន និងកិច្ចសហប្រតិបត្តិការ» ដើម្បី«កាត់បន្ថយគ្រោះថ្នាក់នៃការយល់ច្រឡំ ឬកំហុសខាងយុទ្ធសាស្ត្រឱ្យមកនៅត្រឹមកំរិតទាបបំផុត»។ លោកប្រធានាធិបតី Biden បានថ្លែងថា៖
«ហេតុដូច្នេះហើយបានជាយើងនិយាយថា យើងប្រុងប្រៀបធ្វើការចរចាជាថ្មីជាមួយបណ្តាប្រទេស P5+1 (សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង៥ បូកជាមួយប្រទេសអល្លឺម៉ង់) អំពីកម្មវិធីនុយក្លេអ៊ែរនៃប្រទេសអ៊ីរ៉ង់។ យើងក៏ត្រូវដោះស្រាយដែរនូវសកម្មភាពរបស់អ៊ីរ៉ង់ដែលនាំឱ្យមានអស្ថិរភាពនៅទូទាំងមជ្ឈិមបូព៌ា ហើយយើងនឹងធ្វើការដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយពួកដៃគូអឺរ៉ុប និងដៃគូឯទៀតៗរបស់យើងនៅពេលដែលយើងបន្តដំណើរ»។
សុន្ទរកថារបស់លោកប្រធានាធិបតី Biden បានធ្វើឡើងមួយថ្ងៃក្រោយសហរដ្ឋអាមេរិក រួមជាមួយប្រទេសអាល្លឺម៉ង់ បារាំងនិងចក្រភពអង់គ្លេស បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយសម្តែងគោលដៅរួមគ្នារបស់ពួកគេឱ្យអ៊ីរ៉ង់វិលត្រឡប់មកធ្វើតាមការប្តេជ្ញារបស់ខ្លួនតាមរយៈកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលហៅកាត់ថា JCPOA ឱ្យបានពេញលេញ។ ប្រទេសមហាអំណាចទាំងបួននេះ បានកត់សម្គាល់ថា លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា ប្រសិនបើអ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនោះដោយពេញលេញវិញ សហរដ្ឋអាមេរិក ក៏នឹងធ្វើដូច្នេះដែរ«ហើយអាមេរិក ប្រុងប្រៀបធ្វើការពិភាក្សាជាមួយអ៊ីរ៉ង់ដើម្បីឱ្យបានសម្រេចគោលដៅនេះ»។
សហរដ្ឋអាមេរិក បានឈប់ចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហៅកាត់ JCPOA កាលពីឆ្នាំ២០១៨ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មី ដែលបានត្រូវលុបចោលតាមរយៈកិច្ចព្រមព្រៀងនោះ ហើយបានដាក់ទណ្ឌកម្មថ្មីៗលើអ៊ីរ៉ង់។ សហរដ្ឋអាមេរិកក៏បានរឹតត្បិតការធ្វើដំណើររបស់ក្រុមអ្នកការទូតអ៊ីរ៉ង់ និងចាត់វិធានការដើម្បីដាក់ទណ្ឌកម្មពហុភាគីរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ឡើងវិញផងដែរ។ កាលពីប៉ុន្មានខែមុននេះ អ៊ីរ៉ង់បានចាត់វិធានការមួយចំនួនលើសពីកម្រិតនៃកិច្ចព្រមព្រៀង JCPOA ដោយមានរួមបញ្ចូលការសម្រិតសម្រាំងដោយចំហនូវសារធាតុ uranium ជិត២០ភាគរយ គឺច្រើនលើសពីអ្វីដែលប្រទេសនេះ ប្តេជ្ញាធ្វើតាមរយៈកិច្ចព្រមព្រៀង JCPOA ព្រមទាំងបានផលិតលោហធាតុ uranium ដែលជាដំណើរការមួយសម្រាប់អនុវត្តក្នុងការផលិតអាវុធនុយក្លេអ៊ែរ។
ដើម្បីបំបាត់ឧបសគ្គមិនចាំបាច់ដល់កិច្ចការទូត កាលពីថ្ងៃទី១៨ ខែកុម្ភៈ សហរដ្ឋអាមេរិកបានលុបចោលការរឹតត្បិតលើពួកអ្នកតំណាងអ៊ីរ៉ង់។ សហរដ្ឋអាមេរិកក៏បានប្រកាសដែរថា ខ្លួនបានប្រែក្រឡះគោលជំហររបស់រដ្ឋបាលមុន អំពីការដាក់ទណ្ឌកម្មពហុភាគីរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ផងដែរ។
នៅពេលនេះសហភាពអឺរ៉ុបកំពុងរៀបចំកិច្ចចរចាក្រៅផ្លូវការដែលមានរួមបញ្ចូលអ៊ីរ៉ង់និងក្រុមប្រទេស P5+1 គឺសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង៥ ដែលមានសហរដ្ឋអាមេរិក អង់គ្លេស ចិន បារាំង និងរុស្ស៊ី បូកជាមួយប្រទេសអល្លឺម៉ង់ ក្នុងគោលដៅធ្វើឱ្យមានកិច្ចព្រមព្រៀង JCPOA ឡើងវិញ។
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោកប្រធានាធិបតី Biden ប្តេជ្ញាថា នឹងរារាំងអ៊ីរ៉ង់មិនឱ្យមានអាវុធនុយក្លេអ៊ែរ និងថាលោកប្រធានាធិបតីប្រុងប្រៀបជាស្រេចហើយដើម្បីពិភាក្សាជាមួយអ៊ីរ៉ង់ ពីព្រោះ «លោកមានជំនឿថា កិច្ចការទូតដែលរឹងមាំនិងច្បាស់លាស់ជាវិធីល្អបំផុតដើម្បីធ្វើឱ្យសម្រេចគោលដៅនេះ»៕