Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​បន្ត​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​អ៊ីរ៉ង់


រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស.រ.អា​លោក Mike Pompeo ប្រកាស​ពី​ការដាក់​ទណ្ឌកម្ម​ឡើងវិញ​របស់​រដ្ឋបាល​​លោក Trump ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ នៅ​ក្នុង​ពេល​លោក​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​ក្រសួង​ការបរទេស​​ស.រ.អា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស.រ.អា​លោក Mike Pompeo ប្រកាស​ពី​ការដាក់​ទណ្ឌកម្ម​ឡើងវិញ​របស់​រដ្ឋបាល​​លោក Trump ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ នៅ​ក្នុង​ពេល​លោក​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​ក្រសួង​ការបរទេស​​ស.រ.អា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ខែ​មិថុនា ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​នាវាចរណ៍​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ដែល​ហៅ​កាត់​ថា IRISL និង​សាខា​របស់​ក្រុមហ៊ុន​នេះ​ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន ឈ្មោះ E-Sail Shipping Company LTD ចំពោះ​ទង្វើ​របស់​ពួកគេ​ទាក់ទិន​នឹង​ការ​រីក​សាយភាយ​អាវុធ។ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា ភាគី​ពាក់ព័ន្ធ​ណា​មួយ​ដែល​នៅ​បន្ត​ធ្វើ​អាជីវកម្ម​ជាមួយ​នឹង​ក្រុមហ៊ុន IRISL ឬ​ក្រុមហ៊ុន E-Sail អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​យ៉ាង​ច្បាស់​កាល​ពី​ថ្ងៃ​ទី ២១ ខែ​តុលា​កន្លង​ទៅ​នេះ​ថា នៅ​ពេល​នេះ ហានិភ័យ​នៃ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ បាន​ក្លាយជា​ការ​ពិត​ហើយ។

លោក Pompeo មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «ក្នុង​សប្តាហ៍​នេះ យើង​ធ្វើ​តាម​ការ​សន្យា​របស់​យើង​កាល​ពី​ខែ​មិថុនា ដែល​នៅ​ពេល​នោះ យើង​បាន​និយាយ​ថា​ នឹង​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​ពាណិជ្ជកម្ម​ណា​ដែល​ធ្វើ​អាជីវកម្ម​ជាមួយ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ និង​ក្រុមហ៊ុន​នាវាចរណ៍​របស់​របប​នេះ។ អង្គភាព​ចំនួន ៦ និង​បុគ្គល ២ នាក់​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​នៅ​ពេល​នេះ។ នេះ​ គឺជា​ការ​ព្រមាន​មួយ​ដល់​ភាគី​ទាំងឡាយ​ណា​ដែល​ធ្វើ​អាជីវកម្ម​ជាមួយ​នឹង​ក្រុមហ៊ុន​នេះ»។

អង្គភាព​ទាំង ៦ នោះ​ គឺ​ក្រុមហ៊ុន Reach Holding Group (Shanghai) Co. Ltd ក្រុមហ៊ុន Reach Shipping Lines ក្រុមហ៊ុន Delight Shipping Co. Ltd ក្រុមហ៊ុន Gracious Shipping Co. Ltd ក្រុមហ៊ុន Noble Shipping Co. Ltd និង​ក្រុមហ៊ុន Supreme Shipping Co. Ltd.

បុគ្គល​ឈ្មោះ Eric Chen ដែល​គេ​ស្គាល់​ថា​ ឈ្មោះ Chen Guoping ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Reach Holding Group (Shanghai) Co. Ltd និង​បុគ្គល​ឈ្មោះ Daniel He ដែល​គេ​ស្គាល់​ថា ​មាន​ឈ្មោះ He Yi ដែល​ជា​ប្រធាន​នៃ​ក្រុមហ៊ុន​នេះ គឺជា​បុគ្គល​ពីរ​នាក់​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម។

ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​បំផុត​ទាំង​នេះ​ បាន​ធ្វើ​ឡើង​មួយ​ខែ​ក្រោយ​មក បន្ទាប់ពី​ទណ្ឌកម្ម​ទាំងអស់​របស់​អង្គការ​សហប្រជាជាតិ​លើ​ប្រទេស​អ៊ីរ៉ង់ ដែល​រួម​មាន​ទាំង​ការ​ហាមឃាត់​ការ​ជួញដូរ​អាវុធ​ផង​ដែរ ត្រូវ​បាន​ដាក់​ឡើង​វិញ នៅ​ក្រោយ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ផ្តើម​គំនិត​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​នេះ តាម​រយៈ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លេខ ២២៣១។

បន្ទាប់ពី​វិធានការ​នេះ លោក​រដ្ឋមន្ត្រី Pompeo បាន​កត់​សម្គាល់​ថា៖ «សហរដ្ឋ​អាមេរិក ​ត្រៀម​ប្រើ​សិទ្ធិ​អំណាច​ក្នុង​ប្រទេស​របស់​ខ្លួន​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​និង​អង្គភាព​ណា​ដែល​រួម​ចំណែក​ក្នុង​ការ​ផ្គត់ផ្គង់ ការ​លក់ ឬ​ការ​ផ្ទេរ​សព្វាវុធ​ទូទៅ​ដែល​មិន​មែន​ជា​អាវុធ​ប្រល័យ​លោក ទៅ​ឱ្យ​ប្រទេស​អ៊ីរ៉ង់ ​ឬ​ពី​ប្រទេស​នេះ»។

លោក​រដ្ឋមន្ត្រី Pompeo បាន​បញ្ជាក់​ថា សារ​របស់​សហរដ្ឋ​អាមេរិក ​គឺ​សាមញ្ញ​ងាយ​យល់។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក ​នឹង​មិន​អនុញ្ញាត​ជា​ដាច់ខាត​ឱ្យ​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​ប្រទេស​ឧបត្ថម្ភ​ភេរវកម្ម​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក ទិញ​ ឬ​លក់​ដោយ​សេរី​នូវ​យន្តហោះ រថក្រោះ មីស៊ីល និង​សព្វាវុធ​ទូទៅ​ផ្សេង​ទៀត​នោះ​ទេ»។

ប្រទេស​អ៊ីរ៉ង់​ ក៏​រង​ការ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​ផង​ដែរ​ទាក់ទិន​នឹង​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល និង​សកម្មភាព​នុយក្លេអ៊ែរ​ដែល​កំពុង​បន្ត​នានា ដូចជា​ការ​សម្រិតសម្រាំង​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ជាដើម ដែល​អាច​ត្រូវ​ប្រើ​ក្នុង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​បាន។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​រដ្ឋមន្ត្រី Pompeo បាន​ប្រកាស​ថា របប​គ្រប់គ្រង​អ៊ីរ៉ង់​មាន​ជម្រើស​មួយ គឺ​ថា៖ «អ៊ីរ៉ង់​អាច​បន្ត​ទិញ​អាវុធ​ដោយ​រំលោភ​លើ​វិធានការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ឬ​មួយ​របប​គ្រប់គ្រង​នេះ​ អាច​ប្រើ​ថវិកា​របស់​ខ្លួន​ទាំង​នោះ​ដើម្បី​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​អ៊ីរ៉ង់។ ...សហរដ្ឋ​អាមេរិក​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​អ៊ីរ៉ង់ ​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​អំណាច​ផ្ដាច់ការ ការ​ចាយវាយ​ខ្ជះខ្ជាយ​នៃ​ធនធាន​របស់​ពួកគេ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​របប​គ្រប់គ្រង​នេះ​ នៅ​ក្នុង​ការ​កម្ទេច​ការ​តស៊ូ​ដើម្បី​សេរីភាព​របស់​ពួកគេ»៕

XS
SM
MD
LG