Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​កំណត់​ដាក់​ទណ្ឌកម្ម​​លើ​ជនជាតិ​អ៊ីរ៉ង់​បន្ថែម​ទៀត ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស


រូបឯកសារ៖ អ្នកស្រី Nasrin Sotoudeh មេធាវីជនជាតិអ៊ីរ៉ង់ ដែលត្រូវបានឃុំខ្លួន បានចាប់ផ្តើមយុទ្ធនាការបង្អត់អាហារនៅក្នុងពន្ធនាគារ Evin ដើម្បីប្រឆាំងនឹងការបដិសេធរបស់រដ្ឋាភិបាលអ៊ីរ៉ង់ក្នុងការមិនព្រមដោះលែងអ្នកទោសនយោបាយ ក្នុងគ្រាវិបត្តិជំងឺកូវីដ១៩។
រូបឯកសារ៖ អ្នកស្រី Nasrin Sotoudeh មេធាវីជនជាតិអ៊ីរ៉ង់ ដែលត្រូវបានឃុំខ្លួន បានចាប់ផ្តើមយុទ្ធនាការបង្អត់អាហារនៅក្នុងពន្ធនាគារ Evin ដើម្បីប្រឆាំងនឹងការបដិសេធរបស់រដ្ឋាភិបាលអ៊ីរ៉ង់ក្នុងការមិនព្រមដោះលែងអ្នកទោសនយោបាយ ក្នុងគ្រាវិបត្តិជំងឺកូវីដ១៩។

តទៅនេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិ

ចាប់តាំងពី​ឡើង​កាន់អំណាច​ក្នុង​ឆ្នាំ ១៩៧៩ ​មក របប​អ៊ីរ៉ង់​ជាប់​ទាក់ទងនឹង​ការធ្វើឃាត គម្រោងភេរវកម្ម​ និង​ការវាយ​ប្រហារ​ភេរវកម្ម​ នៅក្នុង​ប្រទេស​ជាង ៤០។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​ថា៖ «ភាពសាហាវ​ឃោរឃៅ ​និង​ភាពគ្មាន​មេត្តាធម៌​របស់​របប​នេះ គ្មាន​ព្រំដែន​ទេ»។

នៅ​ថ្ងៃទី២១ ខែសីហា ដែល​ជា​ថ្ងៃ​ចងចាំ និង​ឧទ្ទិស​ប្រចាំឆ្នាំ​ដល់​ជនរងគ្រោះ​ដោយសារ​អំពើ​ភេរវកម្ម ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​លើ​ជន​ល្មើសសិទ្ធិ​មនុស្សសញ្ជាតិ​អ៊ីរ៉ង់​ចំនួន ១៤ នាក់ ដែល​ក្នុង​នោះ​មាន ១៣ នាក់ ​ជា​មន្ត្រី​នៃ​របប​ដឹកនាំ​របស់​អ៊ីរ៉ង់ ដែល​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​យ៉ាងសាហាវ​ឃោរឃៅ ​ដែល​បាន​គ្រោងទុកជាមុន ​នៅ​ប្រទេស​ស្វីស ​ក្នុង​ឆ្នាំ ១៩៩០។

ការដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នេះ គឺ​ដើម្បី​ផ្តល់​កិត្តិយស និង​ចងចាំ​ដល់​ជនរងគ្រោះ​ទាំងនោះ។ ឃាតករ​ទាំង ១៣ នាក់​នោះ មាន​តួនាទី​ជា​មន្រ្តី​ការទូត​របស់​អ៊ីរ៉ង់ ដែល​បាន​ធ្វើតាម​បទបញ្ជា​ខ្ពស់​បំផុត​របស់​រដ្ឋាភិបាល​ពួកគេ។ ដូច​នៅ​ក្នុង​ការវាយប្រហារ​ដែល​គ្រោង​ទុកជាមុន​ជាច្រើន ដែល​បាន​ធ្វើឡើង​នៅ​ក្រៅ​ប្រទេស​ដោយ​របប​នេះ ភ្នាក់ងារ​ភេរវកម្ម​ទាំងនេះ បាន​តាម​រក និង​សម្លាប់​ដើម្បី​បំបិទ​មាត់​អ្នក​ប្រឆាំង​ជនជាតិ​អ៊ីរ៉ង់។

តែ​ជា​ទោះ​ជាយ៉ាងនេះក្តី ដូច​ដែល​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​លោក Pompeo បាន​និយាយ​នៅក្នុងសេ​ចក្តី​ប្រកាស​មួយ ​អំពី​ការកំណត់​ដាក់ទណ្ឌកម្ម​ថា៖ «គឺ​មិនត្រឹមតែ​នៅ​បរទេស​ទេ ដែល​របបអ៊ីរ៉ង់​ប្រើ​ការបំភិតបំភ័យ និង​អំពើ​ហិង្សា​ដើម្បី​គ្រប់គ្រង​ពលរដ្ឋ​អ៊ីរ៉ង់​នោះ»។

សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​ជា​សាធារណៈ​ទៅ​លើ​លោក Hojatollah Khodaei Souri ប្រធាន​ពន្ធនាគារ Evin នៅ​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​កន្លែង​ដែល​អ្នកទោស​នយោបាយ​ទទួលរង​ការធ្វើ​ទារុណកម្ម​យ៉ាងសាហាវ​ព្រៃផ្សៃ និង​រយៈពេល​យូរ។ ការធ្វើ​ទារុណ្ឌកម្ម​នោះ មាន​ដូចជា​ការរំលោភ​សេពសន្ថវៈ ការវាយដំ និង​ការខ្វះ​ការថែទាំ​សុខភាព​ជាដើម។ ពន្ធនាគារ Evin នេះ ក៏​ជា​កន្លែង​ដែល​ពួកគេ​ទុក​ជនបរទេស ​ដែល​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​ដោយ​របប​នេះ ដើម្បី​ស្វែង​រក​សម្បទាន​ពី​រដ្ឋាភិបាល​ក្នុង​ប្រទេស​របស់​ជនជា​ចំណាប់ខ្មាំង​ទាំងនោះ​ផងដែរ។

ការកំណត់​ដាក់ទណ្ឌកម្ម​ទៅ​លើ​មន្រ្តី​អ៊ីរ៉ង់​ទាំង ១៤ នាក់ ដោយសារ​ការចូលរួម​របស់​ពួកគេ​នៅក្នុង​ការរំលោភ​សិទ្ធិ​មនុស្ស​នេះ មាន​ន័យ​ថា ពួកគេ​និង​សមាជិក​គ្រួសារ​ផ្ទាល់​របស់​ពួកគេ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក​ឡើយ។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​លោក Pompeo បាន​ថ្លែង​ថា៖ «វិធានការ​ទាំងនេះ គឺជា​ការផ្ញើសារ​គាំទ្រ​ដល់​ជនរងគ្រោះ​ជាច្រើន​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​នៅ​ទូទាំង​ពិភពលោក​ថា សហរដ្ឋ​អាមេរិក នឹង​ទាមទារ​ឲ្យ​អ្នក​ដែល​បាន​សាយភាយ​អំពើ​ភេរវកម្ម​និង​អំពើ​ហិង្សា ទទួល​ខុសត្រូវ​ចំពោះ​ទង្វើរ​របស់​ពួកគេ។ សហរដ្ឋ​អាមេរិក នឹង​បន្ត​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​ឲ្យ​ប្រព្រឹត្ដ​ទៅ​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ និង​ការគោរព»។

សហរដ្ឋ​អាមេរិក ទន្ទឹង​រង់ចាំ​ថ្ងៃ​ដែល​ជនល្មើស​ដែល​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​រាប់ពាន់នាក់​របស់​អ៊ីរ៉ង់ នឹង​ប្រឈមមុខ​នឹង​យុត្តិធម៌​ពិត​ប្រាកដ ហើយ​សង្ឃឹម​ថា វិធានការ​ទាំងនេះ ផ្តល់​នូវ​ភាពធូរស្បើយ និង​ការធានា​ខ្លះៗ ដល់​ក្រុមគ្រួសារ​និង​មិត្តភក្តិ​របស់​អ្នក​ដែល​បាន​រងទុក្ខ​ដោយ​អំពើ​ហិង្សា និង​ការគៀបសង្កត់​របស់​របប​អ៊ីរ៉ង់​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស​អ៊ីរ៉ង់៕

XS
SM
MD
LG