Accessibility links

Breaking News

បទវិចារណកថា៖ ជនរងគ្រោះ​នៃ​របប​អ៊ីរ៉ង់


រូបឯកសារ៖ លោក Robert Levinson លោក Siamak Namazi និង​លោក Bagher Namazi។
រូបឯកសារ៖ លោក Robert Levinson លោក Siamak Namazi និង​លោក Bagher Namazi។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ខួប​លើក​ទី៤១​នៃការ​ចូលកាន់កាប់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​តេហេរ៉ង់ (Tehran) នៃ​ប្រទេស​អ៊ីរ៉ង់ នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​ថា របប​អ៊ីរ៉ង់ បន្តចាប់​មនុស្សធ្វើ​ជា​ចំណាប់​ខ្មាំង​ ដើម្បី​បន្តធ្វើ​របៀប​វារៈ​អាក្រក់​របស់​ខ្លួន។ លោក​រដ្ឋមន្ត្រី​ការបរទេស បាន​អំពាវ​នាវដល់​អ៊ីរ៉ង់​ឲ្យ​ដោះលែង​លោក Morad Tahbaz និង​លោក Siamak ហើយ​និង​លោក Baquer Namazi ពលរដ្ឋអាមេរិក​ដែល​បានចាប់​ឃុំខ្លួន​ដោយ​អយុត្តិធម៌ និង​ពន្យល់​ពី​ជោគវាសនា​របស់​លោក Robert Levison ភ្នាក់ងារ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) ដែល​ត្រូវ​បាន​ចាប់​ពង្រត់​កាល​ពី​១៣​ឆ្នាំ​មុន។

ក៏​ប៉ុន្តែ ដូច​ដែល​លោក​រដ្ឋមន្ត្រី​ការបរទេស Pompeo បាន​ប្រកាស​ថា៖ «ជន​ស្លូត​ត្រង់​ទាំង​នោះ មិន​ត្រឹម​តែ​ជា​ជន​រងគ្រោះ​តែ​មួយ​ក្រុមនៃ​ភាព​ព្រៃផ្សៃ​របស់​របប​អ៊ីរ៉ង់​ទេ ក៏ប៉ុន្តែ​ ជន​រងគ្រោះ​ដ៏​ឈឺចាប់​យូរ​បំផុត​នៃ​របប​នោះ​ គឺ​ជា​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ ហើយ​ពួក​គេ​សក្តិសម​ទទួល​បានភាពល្អ​ប្រសើរ​ជាង​នេះ»។

របាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​លោក Javaid Rehman អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ បាន​គាំទ្រ​ការ​វាយ​តម្លៃ​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស Pompeo។

ក្នុង​ការអត្ថាធិប្បាយទៅ​កាន់​គណៈកម្មាធិការ​ទី៣​របស់​សន្និបាត​អង្គការ​សហប្រជាជាតិ ​ស្តីពី​របាយការណ៍​របស់​លោក លោក Rehman បាន​និយាយ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​«មាន​ចរឹត​លក្ខណៈ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​និទណ្ឌភាព​ជា​ប្រព័ន្ធ»។

ដោយ​យោង​ដល់​ការ​ឆ្លើយ​តប​ដ៏​ព្រៃផ្សៃ​របស់​របប​នោះ​ចំពោះការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​ទៅ​ដែល​មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​សម្លាប់​ លោក Rehman បាន​និយាយ​ទៀត​ថា អ៊ីរ៉ង់ «ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេតមួយ​ ដែល​ឯករាជ្យ​ អព្យាក្រឹត ​និង​តម្លាភាព ចំពោះបង្ក្រាប​ដ៏​ឃោឃៅ​ប្រឆាំង​ការ​តវ៉ា​ប្រឆាំង​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ និង​ខែ​មករា ឆ្នាំ​២០២០ ហើយ​នឹង​នាំ​ពួក​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​កាន់​តុលាការ»។

ក៏ប៉ុន្តែ ចំណាត់ការ​របស់​របប​នោះ បង្ហាញ​ថា តម្លាភាព​និង​យុត្តិធម៌​បែប​នោះ​មិនមែន​ជា​ការ​ព្រួយ​កង្វល់​របស់​របប​នេះ នោះ​ទេ។

លោក Rehman និយាយ​ថា៖ «ការ​ប្រើ​ទារុណកម្ម​ និង​ការ​កាត់​ទោស​ដ៏​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​អ្នក​ដែល​បាន​តវ៉ា​ប្រឆាំង ការ​រំខាន​យាយី​ជន​រងគ្រោះ​ដែល​អំពាវនាវ​ឲ្យ​មាន​យុត្តិធម៌ និង​ការ​ខ្វះ​ការទទួលខុសត្រូវពី​អ្នកដែលត្រូវ​ទទួល​ខុសត្រូវ​ទាំង​នោះ»។

អ្នក​រាយការណ៍​ពិសេស​លោក Rehman ក៏​បាន​យោងដល់​ការកាត់​ទោស​ប្រហារ​ជីវិតពួក​បាតុករ ​បន្ទាប់​ពី​ការ​បង្ខំ​ឲ្យ​សារភាព​ និង​ស្ថានភាព​«ដ៏​គួរ​ឲ្យ​បារម្ភ​ខ្លាំង»​ក្នុង​ពន្ធនាគារ​សម្រាប់​អ្នក​ទោស​នយោបាយ​ រួម​មាន​មេធាវី អ្នក​កាសែត អ្នក​អភិរក្ស​បរិស្ថាន ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

លោក​និយាយ​ថា៖ «លំនាំ​ដ៏​ច្បាស់​ក្រឡែត​មួយ កំពុង​លេចចេញ​ឡើង​នៅ​ក្នុង​ការ​ប៉ុនប៉ង​ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​របស់សាធារណជន​ អំពី​ស្ថានភាព​សង្គម សេដ្ឋកិច្ច​ និង​នយោបាយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់»។

ដូច​ដែល​លោក​រដ្ឋមន្ត្រី​ការបរទេស Pompeo បាន​និយាយ​ទៅ​កាន់​មេដឹកនាំ​អ៊ីរ៉ង់​ថា៖ «វិបុលភាព​ពិតប្រាកដ​មួយ​ នឹង​កើត​មាន​ដល់​ប្រទេស​អ៊ីរ៉ង់ តែនៅ​ពេល​ដែល​អ្នក​បញ្ឈប់​ការបំភិតបំភ័យ​ពលរដ្ឋ​ និង​ការ​ដាក់​គុក​ពួកគេ។ សូម​ប្រព្រឹត្ត​ចំពោះពលរដ្ឋ​ដោយ​សេចក្តី​ថ្លៃថ្នូរ ដែល​មនុស្សជាតិ​គ្រប់រូប​ត្រូវតែ​ទទួល​បាន»៕

XS
SM
MD
LG