តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កិច្ចចរចានៅក្នុងក្រុងវីយែន ប្រទេសអូទ្រីស អំពីការវិលត្រឡប់ទៅគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ផែនការសកម្មភាពរួមទូលំទូលាយហៅកាត់ថា JCPOA កំពុងតែធ្វើឡើង។ នៅក្រោមរដ្ឋបាលលោក Trump សហរដ្ឋអាមេរិកបានដកខ្លួនចេញពីក្នុងព្រមព្រៀងនេះ កាលពីឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្មជាថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ហើយបន្ថែមទណ្ឌកម្មថ្មីៗទៀតផងដែរ។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់មិនបានធ្វើតាមកិច្ចព្រមព្រៀងនេះទៀតទេ ដោយធ្វើឱ្យកិច្ចព្រមព្រៀង JCPOA នេះមានការប្រែប្រួល។
នៅពេលនេះអ៊ីរ៉ង់និងស.រ.អ. បានសម្តែងគោលបំណងដូចគ្នាក្នុងការគោរពតាមកិច្ចព្រមព្រៀង JCPOA ជាថ្មីវិញ។
ដោយមានសហភាពអឺរ៉ុបជាប្រធាន ការពិភាក្សាបច្ចុប្បន្នអំពីការធ្វើបែបណាឱ្យបានសម្រេចគោលដៅនេះមានរួមបញ្ចូលប្រទេសអ៊ីរ៉ង់ ចក្រភពអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងប្រទេសរុស្ស៊ី ហើយក៏មានការចូលរួមដោយប្រយោល តែមានសារៈសំខាន់ពីស.រ.អ.ផងដែរ។
នៅក្នុងសន្និសីទកាសែតមួយ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសស.រ.អ. បានហៅការពិភាក្សាគ្នានេះថា «ប្រកបដោយរបៀបរបបជាក់លាក់» និង«វិជ្ជមាន»។
លោកបាននិយាយថា៖ «មានការជឿនលឿនខ្លះ តែផ្លូវទៅមុខនៅវែងឆ្ងាយទៀត។ ហើយខ្ញុំយល់ថា វាជាការត្រឹមត្រូវដែលនិយាយថា មានផ្លូវនៅខាងមុខយើងវែងឆ្ងាយទៀត»។
កាលពីពេលថ្មីៗនេះ គណៈកម្មការរួមនៃកិច្ចព្រមព្រៀង JCPOA ដែលមើលការខុសត្រូវលើកិច្ចចរចាគ្នានេះ បានប្រកាសអំពីក្រុមការងាររបស់ពួកអ្នកជំនាញទីបី«ដើម្បីចាប់ផ្តើមពិនិត្យមើលវិធានការជាលំដាប់ៗ» ដែលត្រូវការឱ្យមាន«សម្រាប់ការវិលមកវិញរបស់ស.រ.អ.ក្នុងកិច្ចព្រមព្រៀង JCPOA និងការអនុវត្តឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព»។ ក្រុមការងារពីរទៀតកំពុងដោះស្រាយការលុបចោលការដាក់ទណ្ឌកម្មនិងការវិលត្រឡប់របស់អ៊ីរ៉ង់មកបំពេញតាមការសន្យារបស់ខ្លួនវិញ។
លោក Price បានទទួលស្វាគមន៍សេចក្តីប្រកាសនោះ ដោយលោកបានកត់សម្គាល់ថា លោក Robert Malley ប្រេសិតពិសេសរបស់ស.រ.អ.កំពុងដឹកនាំគណៈប្រតិភូស.រ.អ.«ដើម្បីស្វែងរករបៀបដោះស្រាយជាក់ស្តែងស្តីពីជំហានដែលអ៊ីរ៉ង់និងស.រ.អ.ត្រូវការសម្រាប់វិលត្រឡប់ទៅកាន់ការគោរពកិច្ចព្រមព្រៀងនេះវិញ»។
លោក Price បាននិយាយយ៉ាងច្បាស់ថា ដូចដែលលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិស.រ.អ. បានមានប្រសាសន៍កាលពីពេលថ្មីៗនេះនៅក្នុងសេចក្តីសម្ភាសន៍មួយថា៖ «ស.រ.អ.នឹងមិនលុបចោលការដាក់ទណ្ឌកម្មទេ លុះត្រាតែយើងដឹងច្បាស់ និងមានការទុកចិត្តថា អ៊ីរ៉ង់នឹងធ្វើពេញលេញតាមកាតព្វកិច្ចរបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀងនេះ។ អ៊ីរ៉ង់នឹងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយអ៊ីរ៉ង់នឹងបន្តផ្អាកការផលិតសារធាតុអ៊ុយរ៉ានីញ៉ូម។ អ៊ីរ៉ង់នឹងកាត់បន្ថយកម្រិតនៃការផលិតសារធាតុអ៊ុយរ៉ានីញ៉ូម និងទំហំនៃការសម្រិតសម្រាំងសារធាតុអ៊ុយរ៉ានីញ៉ូមក្នុងប្រទេសខ្លួន»។
លោក Price បានប្រកាសថា៖ «ការគោរពកិច្ចព្រមព្រៀងគឺដើម្បីគោរពតាមកិច្ចព្រមព្រៀង។ នេះជាអ្វីដែលគណៈប្រតិភូក្នុងទីក្រុងវីយែនកំពុងផ្តោតការយកចិត្តទុកដាក់នៅពេលនេះ»៕