Accessibility links

Breaking News

បទវិចារណកថា៖ ការជឿនលឿន​ និង​ការខកចិត្ត​អំពី​កិច្ចចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់


រូបឯកសារ៖ ទង់ជាតិ​របស់​ប្រទេស​អ៊ីរ៉ង់ គ្រវី​នៅ​ខាង​មុខ​អគារ​មជ្ឈមណ្ឌល​អន្តរជាតិ​ដែល​មាន​ទីស្នាក់ការ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) នៅក្នុង​អគារ​នោះ​ផងដែរ នៅ​ក្នុង​ទីក្រុង​វីយែន កាលពី​ថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ២០២១។
រូបឯកសារ៖ ទង់ជាតិ​របស់​ប្រទេស​អ៊ីរ៉ង់ គ្រវី​នៅ​ខាង​មុខ​អគារ​មជ្ឈមណ្ឌល​អន្តរជាតិ​ដែល​មាន​ទីស្នាក់ការ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) នៅក្នុង​អគារ​នោះ​ផងដែរ នៅ​ក្នុង​ទីក្រុង​វីយែន កាលពី​ថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ២០២១។

ត​ទៅ​នេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​

កិច្ចចរចា​ជុំ​ទី​៧​អំពី​ការ​វិលត្រឡប់​ទៅ​ធ្វើ​តាម​ផែនការ​សកម្មភាព​រួមគ្នា ​និង​ទូលំទូលាយ ​(JCPO)​ ដោយ​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​អ៊ីរ៉ង់​នោះ​ ត្រូវ​បាន​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ក្រោយ​ កាលពី​ថ្ងៃ​ទី​១៧​ខែធ្នូ។​

លោក ​Jake Sullivan ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា​ ទោះជា​នៅ​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​មុន​លើក​ពេល​ការ​ចរចា​គ្នា​នោះ​ «មាន​ការ​ជឿនលឿន​ខ្លះ​នៅ​ឯ​តុ​ចរចា​ក៏​ដោយ»​ ក៏​កិច្ច​ចរចា​នេះ​ «គ្មាន​ដំណើរ​ការ​ល្អ​ ក្នុង​ន័យ​ថា​ ​យើង​មិន​ទាន់​រកឃើញ​មាគ៌ា​ទៅ​កាន់​រក​ផែនការ​សកម្មភាព​រួមគ្នា​ និង​ទូលំទូលាយ ​(JCPO)​ ទេ»។​

នៅ​មុន​កិច្ច​ចរចា​ថ្មីៗ​បំផុត​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​វិច្ឆិកា ​ពេលវេលា​ ៥ខែ​ទំនេរ​ចោល​បណ្តាល​មក​ពី​ការ​បោះឆ្នោត​ប្រធានាធិបតិ​នៅ​អ៊ីរ៉ង់។ នៅ​ពេល​ប្រទេស​អ៊ីរ៉ង់ ​វិល​មក​កាន់​តុចរចា​វិញ ប្រទេស​នេះ ​បាន​ដាក់​សំណើដែល​សើរើ​ត្រឡប់​ក្រោយ​វិញ​នូវ​ការ​សម្រប​សម្រួល​ដែល​អតីត​រដ្ឋបាល​អ៊ីរ៉ង់​បាន​ព្រមព្រៀង​ធ្វើ នាំ​ឱ្យ​ប្រទេស​ចំនួន​បី​នៅ​អឺរ៉ុប​ គឺប្រទេស​បារាំង​ អាល្លឺម៉ង់ ​និង​ចក្រភព​អង់គ្លេស​ ចោទ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ថា​ គ្មាន​ភាព​ប្រាកដ​ប្រជា។​

សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​អឺរ៉ុប​ទាំង​បី​យល់​ស្រប​គ្នា​ថា​ ​មាន​ការ​ជឿនលឿន​ខាង​បច្ចេកទេស​ខ្លះ​ មិន​យូរ​ប៉ុន្មាន​មុន​ការ​លើក​ការ​ប្រជុំ​កាលពី​ពេល​ថ្មីៗ​នេះ។ ​ពួក​មន្ត្រី​សហ​រដ្ឋ​អាមេរិក ​និង​អឺរ៉ុប​និយាយ​ថា​ នៅ​ពេល​នេះ ​យ៉ាង​ហោច​ណាស់ ​មាន​ការ​យល់​ឃើញ​ដូច​គ្នា​អំពី​អត្ថបទ​សំណើ​ដែល​នឹង​ធ្វើ​ជា​មូលដ្ឋាន​មួយ​សម្រាប់កិច្ច​ចរចា​បន្ទាប់ៗ​ទៀត។ ​តែ​លោក ​Sullivan ​បាន​បង្ហាញ​ការ​ស្រងាក​ចិត្ត​ថា ការ​ធ្វើ​ឱ្យ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​«វិល​មក​ក្នុង​ការ​ប្រជុំ​ចរចា​វិញ​ មាន​ការ​ពិបាក​ជាង​មុន​ក្នុង​ឆ្នាំ​២០២១ ​គឺ​ពិបាក​ជាង​អ្វី​ដែល​យើង​ចង់​ឃើញ»។

អ្វី​ដែល​នាំ​ឱ្យ​ភ្ញាក់​ផ្អើល ​ជា​ពិសេស​គឺ​ថា​ ​ចាប់​ពី​ឆ្នាំ​២០១៩​មក ​អ៊ីរ៉ង់​បាន​ពង្រីក​កម្មវិធី​នុយក្លេអ៊ែរ​លើស​ពី​កំហិត​នៃ​កម្មវិធី​សកម្មភាព ​JCPOA។ ​អ៊ីរ៉ង់​បាន​បន្សុទ្ធ​សារធាតុ​ អ៊ុយរ៉ានីញ៉ូម​ដល់​កម្រិត​សុទ្ធ​៦០​ ហើយ​បាន​កំហិត​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ។​

សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​អឺរ៉ុប​ទាំង​បី ​បាន​បង្ហាញ​កង្វល់​យ៉ាង​ខ្លាំង​ថា​ ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ការ​ជឿនលឿន​ខាង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ​អាច​នឹង​ឈាន​ដល់​ចំណុច​ដែល​ តាម​ពាក្យ​សម្តី​របស់​ប្រទេស​អឺរ៉ុប​ទាំង​បី​ថា ​«ធ្វើ​ឱ្យ​ការ​ចរចា​លែង​បាន​ការ»។​

ចំណុច​ល្អ​មួយ​នៅ​ក្នុង​កិច្ច​ចរចា​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​ថា​ ប្រទេស​ទាំង​៦​ គឺ​សមាជិក​អចិន្ត្រៃយ៍​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បូក​នឹង​ប្រទេស​មួយ រួម​មាន​ប្រទេស​ចិន និង​រុស្ស៊ី​ បាន​រួប​រួម​គ្នា​ទទួល​ស្គាល់​ និង​បង្ហាញ​ពី​«ភាព​បន្ទាន់​នៃ​ការ​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​គ្នា​មួយ​...។​ មាន​ការ​យល់​ឃើញ​ស្រប​គ្នា​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​ថា យើង​ត្រូវ​តែ​បញ្ចៀស​កុំ​ឱ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​លោក Sullivan បាន​ប្រកាស​ថា​ ​ការ​ធ្វើ​ឱ្យ​សម្រេច​បំណង​នេះ ​តាម​រយៈ​ការទូត​ជា​វីធី​ល្អ​បំផុត ​ហើយ​ប្រសិន​បើ​យើង​មិន​មាន​លទ្ធផល​ការទូត​ទេ ជម្រើស​ផ្សេង ​នឹង​មាន​បញ្ហា​ច្រើន។ ដូច្នេះ ការណ៍​នេះ​ ផ្តល់​ឱ្យ​អ៊ីរ៉ង់​នូវ​ហេតុ​ផល​ខ្លះ ​ដើម្បី​ព្យាយាម​ជំរុញ​ឱ្យ​មាន​សេចក្តី​សម្រេច​នៅ​ឯតុ​ចរចា»៕

XS
SM
MD
LG