Accessibility links

Breaking News

បទវិចារណកថា៖ ល្បែង​នុយក្លេអ៊ែរ​ដ៏​គ្រោះថ្នាក់​របស់​ប្រទេសចិន


រូបឯកសារ៖ រថយន្ដ​យោធា​ចិន​ ដឹក​យន្តហោះ​​​ក្នុង​អំឡុង​ពេល​ព្យុះហយាត្រា​របស់​កងទ័ព ដើម្បី​រំឭក​ខួប​លើក​ទី៧០ នៃ​ការបង្កើត​បក្ស​​កុម្មុយនីស្ត​ចិន ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សាធារណរដ្ឋ​ប្រជាមានិត​ចិន ​បាន​ប្រឡូក​នៅ​ក្នុង​ល្បែង​ដ៏​មាន​គ្រោះថ្នាក់​និង​នាំ​ឲ្យ​មាន​អស្ថិរភាព​មួយ នៅ​ពេល​ដែល​ប្រទេស​នេះ​ បាន​បង្កើន​យ៉ាង​តិច​ពីរ​ដង​នូវ​បរិមាណ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​ក្នុង​ទសវត្សរ៍​នេះ។

នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ អតីត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​សរសេរ​ថា៖ «រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បដិសេធ​មិន​ព្រម​បង្ហាញ​ឲ្យ​ដឹង​អំពី​ចំនួន​អាវុធ​នុយក្លេអ៊ែរ​ដែល​ខ្លួន​មាន ចំនួន​អាវុធ​នុយក្លេអ៊ែរ​ដែល​ខ្លួន​គ្រោង​ផលិត ឬ​ក៏​គម្រោង​ដែល​ខ្លួន​នឹង​ធ្វើ​ជាមួយ​នឹង​អាវុធ​នុយក្លេអ៊ែរ​ទាំង​នោះ។ ប្រទេស​ចិន​ គឺ​ជា​ប្រទេស​ដែល​មាន​តម្លាភាព​តិច​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ»។

ទោះបីជា​គណបក្ស​កុម្មុយនីស្ត​ចិន​មាន​ភាព​សម្ងាត់​ក៏ដោយ ក៏​ពិភពលោក​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ កំពុង​បន្ត​គម្រោង​នុយក្លេអ៊ែរ​សម្ងាត់​ទាំង​ផ្លូវ​គោក ផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ ហើយ​ពិភពលោក​ដឹង​ថា ចិន​កំពុង​បង្កើន​ល្បឿន​ពង្រីក​និង​ធ្វើ​ទំនើបកម្ម​សមត្ថភាព​អាវុធ​ទាំង​នោះ ហើយ​នៅ​ក្នុង​ពេល​ដំណាល​គ្នា​នោះ ចិន​បដិសេធ​មិនព្រម​ឲ្យ​សហរដ្ឋ​អាមេរិក​ចូលរួម​នៅ​ក្នុង​ការ​សន្ទនា​ដ៏​មាន​ប្រយោជន៍​អំពី​ការ​អភិវឌ្ឍ​ទាំង​នោះទេ។

រូបភាព​តាម​ផ្កាយ​រណប​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​ជឿនលឿន​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) នៅ​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​ការ​កសាង​កង​យោធា​លំដាប់​ពិភពលោក​មួយ​នៅ​ត្រឹម​ឆ្នាំ ២០៤៩។

ព្យុះហយាត្រា​របស់​កងទ័ព PLA កាលពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​មីស៊ីល​ប្រភេទ Dongfeng-41 ដែល​អាច​បាញ់​ដល់​មាត់​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក​បាន​ក្នុង​រយៈពេល​តែ៣០នាទី​ប៉ុណ្ណោះ។

លោក Pompeo បាន​និយាយ​ថា៖ «កងទ័ព PLA នឹង​ដាក់​ពង្រាយ​មីស៊ីល​នេះ​ក្នុង​កន្លែង​រក្សា​ទុក​ក្រោម​ដី​និង​លើ​យាន​ចល័ត​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ ហើយ​យើង​រំពឹង​ថា ប្រសិនបើ​ទំនោរ​បច្ចុប្បន្ន​នៅ​បន្ត​បែប​នេះ ប្រទេស​ចិន ​នឹង​អាច​ពង្រីក​បរិមាណ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​យ៉ាង​តិច​បាន​ពីរ​ដង​នៅ​ក្នុង​ទសវត្សរ៍​ខាង​មុខ»។

បន្ថែម​ពីលើ​ការ​ពង្រីក​កង​កម្លាំង​នុយក្លេអ៊ែរ​បែប​យុទ្ធសាស្ត្រ​របស់​ខ្លួន កងទ័ព PLA បាន​ដាក់​ពង្រាយ​គ្រាប់​ផ្លោង​មីស៊ីល​ជាង១ពាន់​គ្រាប់ ​នៅ​ជិត​មាត់​សមុទ្រ​របស់​ខ្លួន។ អាវុធ​ទាំង​នេះ​ជា​ច្រើន ​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​និង​ក្បាល​គ្រាប់​បែក​ធម្មតា​បាន។

លោក Pompeo បាន​ថ្លែង​ថា អាវុធ​ទាំង​នេះ​ មាន​បំណង​សំដៅ​វាយ​ប្រហារ​លើ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​នៅ​តំបន់​អាស៊ី​បូព៌ា គំរាមកំហែង​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក និង​គាំទ្រ​ដល់​គោល​នយោបាយ​ការបរទេស​បែប​បង្ខិតបង្ខំ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

គោល​ជំហរ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ គឺ​កាន់តែ​គឃ្លើន​ជាង​មុន គំរាមកំហែង​ដល់​ប្រទេស​ជិត​ខាង​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​បណ្ដាល​ឲ្យ​មាន​ចម្ងល់​អំពី​គោល​នយោបាយ​ពោរពេញ​ដោយ​មហិច្ឆតា​របស់​រដ្ឋាភិបាល​នេះ​ ទាក់ទិន​នឹង​«ការ​មិន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​មុន​គេ»។

ផ្ទុយ​ទៅ​វិញ សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ផ្សេង​ទៀត ប្រកាន់​ខ្ជាប់​តម្លាភាព​និង​គោរព​បទដ្ឋាន​អាវុធ​នុយក្លេអ៊ែរ​អន្តរជាតិ ក៏​ដូចជា​ធ្វើការ​ដើម្បី​អភិវឌ្ឍ​និង​ជំរុញ​សំណើ​ត្រួតត្រា​អាវុធ​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​សង្គ្រាម​នុយក្លេអ៊ែរ​កើតឡើង។

លោក Pompeo បាន​និយាយ​ថា៖ «យើង​ចូលរួម​ក្នុង​បណ្តាញ​ទំនាក់ទំនង​គ្រា​មាន​វិបត្តិ​ដ៏​ក្លៀវក្លា ​និង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ជាមួយ​មហា​អំណាច​នុយក្លេអ៊ែរ​ដទៃ​ទៀត ហើយ​យើង​បាន​លើក​ទឹកចិត្ត​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ»។

លោក Pompeo បាន​ជំរុញ​ថ្នាក់​ដឹកនាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឲ្យ​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​រុស្សី នៅ​ក្នុង​ការ​រៀបចំ​កិច្ច​ព្រមព្រៀង​ត្រួតត្រា​អាវុធ​ថ្មី​មួយ ដែល​គ្រប​ដណ្តប់​លើ​អាវុធ​នុយក្លេអ៊ែរ​គ្រប់​ប្រភេទ​ទាំង​អស់។

លោក Pompeo បាន​ជំរុញ​បណ្ដា​ប្រទេស​ជា​មិត្តភ័ក្តិ​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ហ៊ាន​និយាយ​គាំទ្រ​សំណើ​នេះ។ លោក​បាន​និយាយ​ដូច្នេះ​ថា៖ «ប្រទេស​ជា​ច្រើន ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​ដែល​គាំទ្រ​ខ្លាំងក្លា​ដល់​ការ​ត្រួតត្រា​អាវុធ ដែល​ពឹងពាក់​លើ​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ទប់ទល់​នុយក្លេអ៊ែរ​ផង​ដែរ នៅតែ​មិន​ហ៊ាន​និយាយ​ជា​ផ្លូវការ​អំពី​ការ​បង្កើន​កម្លាំង​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង»។

ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រទេស​មហា​អំណាច​នានា ដែល​រួម​មាន​ទាំង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ ត្រូវតែ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​អាវុធ​នុយក្លេអ៊ែរ ដែល​ជា​អាវុធ​ដ៏​មាន​គ្រោះថ្នាក់​បំផុត​នៅ​លើ​ពិភពលោក។ ប្រទេស​ណា​ដែល​បំពេញ​ចិត្ត​រដ្ឋាភិបាល​ណា​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ ឬ​ក៏​ស្រុះស្រួល​តាម​សកម្មភាព​របស់​រដ្ឋាភិបាល​ទាំង​នោះ នឹង​រង​ផល​វិបាក​ដោយ​ជៀស​មិន​រួច៕

XS
SM
MD
LG