Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​លើក​តម្កើង​សន្តិភាព​និង​សន្តិសុខ​តាមរយៈ​ការបំផ្លាញ​អាវុធ​មិនមែន​នុយក្លេអ៊ែរ


រូបឯកសារ៖ ផ្សែង​ហុយ​ទ្រលោម​ឡើង បន្ទាប់ពី​ការបំផ្ទុះ​គ្រាប់មីន និង​គ្រាប់​រំសេវ​ផ្សេង​ទៀត​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។
រូបឯកសារ៖ ផ្សែង​ហុយ​ទ្រលោម​ឡើង បន្ទាប់ពី​ការបំផ្ទុះ​គ្រាប់មីន និង​គ្រាប់​រំសេវ​ផ្សេង​ទៀត​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

តទៅ​នេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ថ្ងៃ​ទី​៤ ខែមេសា កំណត់​ថ្ងៃ​ចេញផ្សាយ​របាយការណ៍​ទី២២​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​មាន​ចំណងជើង​ថា​ «ដើរ​លើផែនដី​ដោយ​សុវត្ថិភាព» ​(To Walk the Earth In Safety) ចេញ​ផ្សាយ​ដោយ​ការិយាល័យ​នៃ​ការ​ដក​អាវុធ​និងការ​បន្ថយអាវុធនៃ​ការិយាល័យកិច្ចការ​នយោបាយ​និង​កិច្ចការ​យោធា។ គោលដៅ​នៃ​សេចក្តី​រាយការណ៍​នេះ គឺ​គូស​បញ្ជាក់​សមិទ្ធិរបស់​អាមេរិក​ក្នុង​ការបំផ្លាញ​អាវុធ​ដែល​មិនមែន​ជា​អាវុធ​នុយក្លេអ៊ែរ។

នេះ​ជា​ការងារ​សំខាន់​មួយ ពីព្រោះ​ទោះ​ជា​នៅ​ពេល​ច្រើន​ទសវត្សរ៍​ក្រោយសង្គ្រាម​មួយបាន​ចប់​ហើយ​ក៏​ដោយ​ ក៏​គ្រឿង​ផ្ទុះ​នៅ​សេសសល់​ពី​សង្គ្រាម​ដាក់​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​នៅ​ពេល​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ។ នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ អាវុធ​តូចៗ អាវុធ​ស្រាលៗ​ និង​គ្រាប់​រំសេវ​ដែល​មិន​បាន​ត្រូវ​ថែរក្សា​ដោយ​ត្រឹមត្រូវ​អាច​ធ្លាក់​ដោយ​ងាយ​ក្នុង​កណ្តាប់ដៃ​ពួក​ជន​មិន​គោរព​ច្បាប់​នាំ​ឱ្យ​មានឧក្រិដ្ឋកម្ម​ដែល​អាច​ធ្វើ​ឱ្យ​តំបន់​ទាំង​មូល​មាន​អស្ថិរភាព ​និង​បង្អាក់​ការ​រើប​ឡើង​វិញ។

លោកស្រី Karen Chandler ជា​ឧបការី​រងស្តីទីសម្រាប់​កម្មវិធី​និង​កិច្ចប្រតិបត្តិការ​នៅការិយាល័យកិច្ចការ​នយោបាយ​និង​កិច្ចការ​យោធា​នៃ​ក្រសួង​ការបរទេស​អាមេរិក។​ លោកស្រីបាន​និយាយថា ជា​ឧទាហរណ៍​ «យើង​បញ្ចៀសមិន​ឱ្យ​មានការ​បំផ្ទុះ​គ្រាប់រំសេវនៅ​ឃ្លាំង​គ្រាប់​ទេ​ ដែលនៅ​ទីនោះវត្ថុអាច​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ ហើយអាចផ្ទុះ​បាន»។

លោកស្រី Chandler បាន​និយាយថា៖ «ស្តី​ពីការ​ដោះ​គ្រាប់មីននិងយោធភណ្ឌផ្ទុះ នេះ​ជា​អាទិភាព​កំពូល​មួយ​ ​ពីព្រោះ​យើង​ជួយ​ស្រោច​ស្រង់​ជីវិត​មនុស្ស​ស្លូតត្រង់។ ចំនួន​ជន​រង​គ្រោះនៅ​ពេល​យើងចាប់ផ្តើម​កម្មវិធី​នេះ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០ មាន​ប្រមាណ​២ម៉ឺននាក់​ក្នុង​មួយ​ឆ្នាំ។ តួលេខ​នេះ​បានចុះថយ​មក​នៅ​ត្រឹម​៥ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ... ហើយ​ជា​ទី​បញ្ចប់​នៅ​ក្នុង​តំបន់ដែលសង្គ្រាម​ទើប​តែ​ចប់ កម្មវិធី​នេះអនុញ្ញាតឱ្យប្រជារាស្ត្រ​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​គេ​វិញ​បាន»។

លោកស្រី Chandler​ បាន​ថ្លែង​ថា៖ «យើង​បាន​បោស​សម្អាត​គ្រាប់​មីនលើ​ផ្ទៃ​ដី​ជាង​២៤៣​លាន​ម៉ែត្រក្រឡា»។ លោកស្រី​បាន​ពោល​ថា ​នៅ​ឆ្នាំ​នេះ កម្មវិធី​ធំ​បំផុត​គឺ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោកស្រី​បាន​ថ្លែង​ថា៖ «យើង​អាចផ្តល់ប្រាក់​ដល់​កិច្ចប្រតិបត្តិការបោស​សម្អាត​មីន​នៅអ៊ុយក្រែន ប្រមាណ​៩០​លាន​ដុល្លារក្នុង​ឆ្នាំ​នេះ...យើង​ក៏​មាន​កម្មវិធី​ផ្តល់​ទឹកប្រាក់​៤៥លានដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​ប្រទេស​ឡាវ​ដែរ។ ហើយ​យើង​បាន​ចំណាយប្រមាណ​៤០​លាន​ដុល្លារនៅក្នុង​ប្រទេស​អ៊ីរ៉ាក់។ ហើយទឹក​ប្រាក់​ច្រើន​បន្ទាប់​មកគឺ​២៤លាន​ដុល្លារ​ដែលយើងចំណាយ​ក្នុង​ប្រទេសកូឡុំប៊ី​...ហើយ​ជា​ទី​បញ្ចប់ នៅ​ក្នុងប្រទេស​វៀតណាម​ យើង​ចំណាយប្រមាណ​២០លាន​ដុល្លារក្នុង​មួយ​ឆ្នាំ​ដែរ»។

លោកស្រី Chandler បាន​ពោល​ថា៖ «យើង​បាន​ពង្រីក​ការងារ​យើង​នៅ​ទូទាំង​ពិភពលោក​ហើយ​បាន​ធ្វើ​កម្មវិធី​នេះ​ក្នុង​តំបន់មាន​បញ្ហាធ្ងន់ធ្ងរ​បំផុត​ដែល​យើង​ត្រូវការ​បោសសម្អាតមីន។ នេះ​ជា​កម្មវិធី​មួយដែល​យើង​យល់​ថា ​ផ្តល់​អត្ថប្រយោជន៍​ជាក់ស្តែង​ដល់​ការ​បញ្ចៀសកុំ​ឱ្យ​កុមារ​និង​មនុស្ស​ស្លូត​ត្រង់​ត្រូវ​ស្លាប់ តែ​ក៏បង្កើន​សុខុមាលភាព​និង​ឱកាស​សេដ្ឋកិច្ច​ដល់​តំបន់​ដែល​យើង...បាន​ធ្វើ​ប្រតិបត្តិការបោស​សម្អាត​មីន។ យើងអាច​ឃើញក្រុម​កសិករវិល​ទៅធ្វើ​កសិកម្ម​លើ​ដីធ្លី​ពួក​គេ​វិញ។ បើ​និយាយ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​យើងបាន​ជួយ​ឱ្យ​សេវា​ទឹក​ភ្លើង ទូរស័ព្ទមាន​ដំណើរការ​ឡើង​វិញ»។

លោកស្រី​ Chandler បានមាន​ប្រសាសន៍​ថា៖ «កម្មវិធី​នេះ​ពិត​ជា​ការ​ការពារប្រជាជន​ស៊ីវិល​ពី​ការ​រងគ្រោះ»៕

XS
SM
MD
LG