តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅមុនការលុកលុយគ្មានការបង្ករឿងរបស់លោក Vladimir Putin ក្នុងប្រទេសអ៊ុយក្រែន មីននិងគ្រឿងផ្ទុះនៅសេសសល់នៃសង្គ្រាមជាបញ្ហាធ្ងន់ធ្ងរមួយនៅទីនោះ។ ចាប់ពីឆ្នាំ ២០១៤ មកនៅពេលរុស្សីបានបញ្ជូនក្រុមទាហានខ្លួនទៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន ខ្សែបន្ទាត់ចម្ងាយប្រមាណ ៤០០ គីឡូម៉ែត្រ ដែលឆ្លងកាត់តំបន់ Donets និង Luhansk និងបែកចែកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនពីកងកម្លាំងអាយ៉ងរបស់រុស្ស៊ីមានកប់មីនជាច្រើន។
បើតាម Reliefweb ថា នៅមុនឆ្នាំ២០២១ជនជាតិអ៊ុយក្រែនប្រមាណពីរលាននាក់ប្រឈមនឹងគ្រោះថ្នាក់ជាច្រើនដោយសារគ្រឿងផ្ទុះទាំងនោះ។ នៅពេលនោះ ប្រទេសអ៊ុយក្រែនឋិតក្នុងលំដាប់ទី៥ក្នុងពិភពលោកនៃជនស៊ីវិលរងគ្រោះដោយសារមីននិងគ្រឿងផ្ទុះនៅសេសសល់ពីសង្គ្រាម ហើយឋិតក្នុងបណ្តាប្រទេសបីនៅលើគេខាងគ្រោះថ្នាក់ផ្ទុះគ្រាប់មីនប្រឆាំងនឹងយានយន្ត។ ក្នុងឆ្នាំ២០២១ តំបន់ Donbas នៃប្រទេសអ៊ុយក្រែនជាតំបន់មួយក្នុងចំណោមតំបន់មានមីនច្រើនជាងគេក្នុងពិភពលោក។
ចាប់ពីឆ្នាំ២០១៤ មក ស.រ.អ. បានធ្វើកិច្ចសហប្រតិបត្តិការជាមួយពួកដៃគូនិងអង្គការក្រៅរដ្ឋាភិបាលក្នុងការសម្អាតមីននិងគ្រឿងផ្ទុះក្នុងសមរភូមិក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែននិងក្នុងការបំផ្លាញអាវុធធម្មតាដែលមានលើសនៅទីនោះ។
លោកស្រី Bonnie Jenkins អនុរដ្ឋមន្ត្រីផ្នែកគ្រប់គ្រងអាវុធនិងសន្តិសុខអន្តរជាតិបាននិយាយថា៖ «ក្រសួងការបរទេស ក្រសួងការពារជាតិ និងទីភ្នាក់ងារស.រ.អ.ខាងការអភិ វឌ្ឍន៍អន្តរជាតិធ្វើការជាមួយរដ្ឋាភិបាលបរទេស ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីកាត់បន្ថយការលើសនៃអាវុធតូចៗ និងឃ្លាំងអាវុធស្រាល អនុវត្តវិធីល្អបំផុតសម្រាប់ទុកដាក់អាវុធធម្មតាឱ្យមានសុវត្ថិភាពនិងធ្វើកម្មវិធីដោះមីន»។
លោកស្រីមានប្រសាសន៍ថា៖ «ចាប់ពីឆ្នាំ២០១៤មក ការឈោងដៃទៅរកសហគមន៍ផ្តល់ប្រាក់ដោយស.រ.អ. តាមរយៈកម្មវិធីអប់រំអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះបានបញ្ចៀសមិនឱ្យមានរបូសរាប់មិនអស់ក្នុងប្រទេសអ៊ុយក្រែន។ នៅមុនការលុកលុយពេញទំហឹងដោយរុស្ស៊ីកាលពីខែកុម្ភៈ កម្មវិធីផ្តល់ប្រាក់ដោយស.រ.អ. បានឈោងដៃទៅរកប្រជា រាស្ត្រនៅតាមខ្សែបន្ទាត់គ្រប់គ្រងដោយបានបើកវគ្គអប់រំអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះចំនួន៦៧០សម្រាប់បញ្ចៀសកុំឱ្យមានរបួសនិងការស្លាប់ក្នុងឆ្នាំ ២០២១»។
លោកស្រីអនុរដ្ឋមន្ត្រីបានមានប្រសាសន៍ថា«ជាអកុសល ការលុកលុយគ្មានការគិតទុកជាមុន គ្មានការបង្ករឿងនិងគ្មានអ្វីបញ្ជាក់ថាត្រឹមត្រូវរបស់ Putin បានបំផ្លាញការជឿនលឿនពីពេលមុនរបស់យើង នៅពេលនាំឱ្យជនស៊ីវិលអ៊ុយក្រែនច្រើនជាងមុនប្រឈមនឹងការគំរាមកំហែងដោយគ្រឿងផ្ទុះនៅសេសសល់ពីសង្គ្រាម»។
លោកស្រីបានថ្លែងថា៖«ការទម្លាក់គ្រាប់បែកនិងការបាញ់ផ្តក់ដោយសហព័ន្ធរុស្ស៊ីទៅលើអគារផ្ទះ apartments ហាងលក់គ្រឿងទេស មន្ទីរពេទ្យ សាលារៀននិងរោងចក្រថាមពលនុយក្លេអ៊ែរធ្វើឱ្យស្ថានភាពនេះរឹតតែអាក្រក់ថែមទៀត»។
លោកស្រីអនុរដ្ឋមន្ត្រី Jenkins បានមានប្រសាសន៍ថា៖ «ការបោសសម្អាតការវាយប្រ ហារគ្មានរើសមុខរបស់រុស្ស៊ីនឹងចំណាយពេលច្រើនឆ្នាំនិងតម្រូវឱ្យមានការឆ្លើយតបអន្តរជាតិមានការសម្របសម្រួលល្អប្រសើរ។ ស.រ.អ. ប្តេជ្ញាគាំទ្រការប្រឹងប្រែងដើម្បីជួយប្រជារាស្ត្រអ៊ុយក្រែនកសាងជីវិតពួកគេជាថ្មីប្រកបដោយសុវត្ថិភាពពីការគំរាមកំហែងនៃគ្រាប់បែករុស្ស៊ី»៕