Accessibility links

Breaking News

បទវិចារណកថា៖ ការកែ​កំហុស​មួយ​នៅ​អង្គការ​សហ​ប្រជាជាតិ


ការបង្ហាញឈ្មោះ​ប្រទេស​ដែល​ចូលរួម​ក្នុង​ការបោះឆ្នោត​ស្តីពី​ការព្យួរ​សមាជិកភាព​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប. ក្នុង​អំឡុងពេល​សន្និបាត​អ.ស.ប. ស្តីពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​ទីស្នាក់ការ​អ.ស.ប. ក្នុង​ទីក្រុង New York នៅ​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
ការបង្ហាញឈ្មោះ​ប្រទេស​ដែល​ចូលរួម​ក្នុង​ការបោះឆ្នោត​ស្តីពី​ការព្យួរ​សមាជិកភាព​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប. ក្នុង​អំឡុងពេល​សន្និបាត​អ.ស.ប. ស្តីពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​ទីស្នាក់ការ​អ.ស.ប. ក្នុង​ទីក្រុង New York នៅ​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

មហាសន្និបាតអ.ស.ប. បានបោះឆ្នោត​ព្យួរប្រទេស​រុស្ស៊ីពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.។ នេះ​ជា​លើកទី​ពីរ​ដែលរដ្ឋមួយ​ត្រូវ​បានបោះឆ្នោតព្យួរ​សមាជិកភាព​បែប​នេះ ហើយ​ជាលើក​ដំបូង​ដែល​សមាជិក​អចិន្ត្រៃយ៍​មួយនៃ​ក្រុមប្រឹក្សាសន្តិសុខ​ត្រូវបានព្យួរសមាជិកភាព។

សេចក្តី​សម្រេច​ដែលត្រូវបានអនុម័តក្នុង​ការបោះឆ្នោតមានការគាំទ្រ៩៣​សំឡេង​ទល់​នឹង​២៤ និង​សំឡេង​អនុប្បវាទ៥៤​នេះ បាន​សម្តែង«កង្វល់​ខ្លាំងអំពី​វិបត្តិសិទ្ធិមនុស្ស​ក្នុងប្រទេស​អ៊ុយក្រែន ជា​ពិសេសអំពីរបាយការណ៍​ស្តី​ពីការរំលោភ​លើ​សិទ្ធិ​មនុស្សនិងការរំលោភច្បាប់​មនុស្សធម៌​អន្តរជាតិដោយ​សហព័ន្ធ​រុស្ស៊ី ដែល​មានរួម​បញ្ចូល​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​ជា​ប្រព័ន្ធ​។

ការផ្តើមគំនិត​ដើម្បី​ព្យួរសមាជិកភាព​រុស្ស៊ីត្រូវ​បាននាំមុខ​ដោយ​ប្រទេស​អ៊ុយក្រែន​ជាមួយដៃ​គូមក​ពីគ្រប់​តំបន់​ក្នុង​ពិភពលោក ដោយ​មានរួម​បញ្ចូលស.រ.អ. ផង​ នៅ​ក្រោយ​មានរូប​ភាពដ៏​តក់ស្លុតអំពីការ​ធ្វើ​ទារុណកម្មជនស៊ីវិល​ និង​ការ​ប្រហារ​ជីវិតមនុស្ស​នៅ​ក្រុង Bucha និងក្រុង​ឯ​ទៀតនៅ​ជិត​ក្រុង​កៀវក្រោយ​ពី​ការ​ដក​ថយ​នៃ​កងកម្លាំង​រុស្ស៊ីពីតំបន់​នោះ។

ក្រោយ​ពី​ការ​បោះឆ្នោត​ប្រកបដោយជោគជ័យ​នោះមក លោកស្រី​ឯកអគ្គរដ្ឋទូត​ស.រ.អ.ប្រចាំអ.ស.ប. Linda Thomas-Greenfield បានមានប្រសាសន៍ថា៖ «ថ្ងៃ​នេះ​ ​សហគមន៍​អន្តរជាតិ​បានបោះជំហាន​រួម​គ្នា​មួយក្នុងទិសដៅ​ត្រឹមត្រូវ។ យើងបានធ្វើ​ឱ្យ​ប្រាកដ​ថា អ្នក​រំលោភលើ​សិទ្ធិ​មនុស្ស​ជា​និច្ច​ជា​កាល​និង​ឃោរឃៅ​មិន​ត្រូវ​បានអនុញ្ញាត​ឱ្យ​កាន់តំណែងជាមេដឹកនាំ​ខាងសិទ្ធិ​មនុស្សនៅ​អ.ស.ប. ទេ។ ចូរ​យើង​បន្តឱ្យ​រុស្ស៊ីទទួល​ខុស​ត្រូវ​ដល់សង្គ្រាមគ្មានការ​បង្ករឿង ​មិ​ន​យុត្តិធម៌​ និង​គ្មាន​សម្បជញ្ញៈ​នេះ​តទៅទៀត»។

ស.រ.អ. បានវាយ​តម្លៃថា ​ក្រុម​សមាជិក​នៃ​កងកម្លាំង​របស់លោក Vladimir Putin បាន​ប្រព្រឹត្តឧក្រិដ្ឋកម្ម​សង្គ្រាមក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​ស.រ.អ.ធ្វើការជា​មួយ​ពួក​សម្ព័ន្ធ​មិត្តនិងក្រុម​ដៃគូ​ដើម្បី​គាំទ្រ​កិច្ច​ប្រឹង​ប្រែង​របស់គណៈកម្មការស៊ើបអង្កេត​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ដើម្បី​ប្រមូលភ័ស្តុតាងសម្រាប់​ឱ្យ​ក្រុម​អ្នក​ប្រព្រឹត្ត​ល្មើស​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាមមានការ​ទទួល​ខុស​ត្រូវ។

ដោយ​សរសើរ​ការ​បោះឆ្នោត​របស់​មហាសន្និបាត​អ.ស.ប.ដើម្បីព្យួរសមាជិកភាព​រុស្ស៊ី​ក្នុង​ UNHRC រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.លោក Antony Blinken បាន​មានប្រសាសន៍​ថា៖ «ការធ្វើខុសមួយ​ត្រូវ​បានធ្វើឱ្យ​ត្រូវវិញ​ហើយ។ ភាព​ឃោរឃៅដែល​ពិភពលោកបានឃើញហាក់​ដូច​ជា​ភ័ស្តុតាង​ថែម​ទៀត​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ដែល​ជា​ការ​បញ្ជាក់​មួយ​ទៀតថា ​រុស្ស៊ីគ្មានកន្លែង​នៅក្នុងអង្គការមួយ​ដែលបំណងចម្បង​គឺឧបត្ថម​ការ​គោរព​សិទ្ធិ​មនុស្សទេ»។

លោករដ្ឋមន្ត្រី​ Blinken បានប្រកាស​ថា​ ការបោះឆ្នោត​ព្យួរ​សមាជិកភាពរុស្ស៊ី​«ពិភពលោកបញ្ជូន​សញ្ញាច្បាស់លាស់​មួយទៀត​ថារុស្ស៊ី​ត្រូវ​តែ​បញ្ឈប់​សង្គ្រាម​ឈ្លាន​ពាន​របស់​ខ្លួនប្រឆាំង​នឹង​អ៊ុយក្រែន​ជា​បន្ទាន់​និង​គ្មានលក្ខខ័ណ្ឌនិង​គោរព​គោលការណ៍​មានចែង​ក្នុង​ធម្មនុញ្ញ​អ.ស.ប.។ សហគមន៍​អន្តរជាតិនឹង​បន្តឱ្យ​រុស្ស៊ី​ទទួល​ខុស​ត្រូវ...ហើយ​ស.រ.អ.នឹង​បន្ត​ឈរជាមួយ​ប្រជារាស្ត្រ​អ៊ុយក្រែន​នៅពេល​ពួក​គេប្រយុទ្ធដើម្បីអធិបតេយ្យភាព​ លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរីភាព​របស់​ពួក​គេ»៕

XS
SM
MD
LG