Accessibility links

Breaking News

បទវិចារណកថា៖ ការទប់ទល់​ប្រឆាំង​នឹង​ព័ត៌មាន​ប្រឌិត​របស់​រុស្ស៊ី


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បង្ហាញ​មុខ​នៅលើ​កញ្ចក់​ទូរទស្សន៍​នៅ​ឯ​ផ្សារហ៊ុន​ក្នុង​ទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ផ្នែក​ខាងក្រោម​នៃ​អេក្រង់​មាន​សំណេរ​ថា «សង្រ្គាម​ឃោសនា​តាម​អ៊ីនធឺណិត និង​តាម​ទូរទស្សន៍»។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បង្ហាញ​មុខ​នៅលើ​កញ្ចក់​ទូរទស្សន៍​នៅ​ឯ​ផ្សារហ៊ុន​ក្នុង​ទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ផ្នែក​ខាងក្រោម​នៃ​អេក្រង់​មាន​សំណេរ​ថា «សង្រ្គាម​ឃោសនា​តាម​អ៊ីនធឺណិត និង​តាម​ទូរទស្សន៍»។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​គឺជា​អាវុធ​ដ៏​សំខាន់​បំផុត​មួយ​របស់​រុស្ស៊ី​ដែល​រុស្ស៊ី​បាន​ប្រើប្រាស់​ញឹកញាប់​បំផុត។ វា​គឺជា​មធ្យោបាយ​ដ៏​ងាយ​ស្រួល​និង​ចំណាយ​តិច​ដើម្បី​ធ្វើ​ឱ្យ​រដ្ឋាភិបាល​នានា​គ្មាន​ស្ថិរភាព​និង​ដើម្បី​បង្កើត​ឱ្យ​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​ក្នុង​ចំណោម​ប្រជាពលរដ្ឋ។

រដ្ឋាភិបាល​រុស្ស៊ី​បាន​បង្កើត​នូវ​ប្រព័ន្ធ​ព័ត៌មាន​ប្រឌិត​និង​ឃោសនា​មួយ ដែល​បង្កើត​និង​ផ្សព្វផ្សាយ​រឿងរ៉ាវ​មិន​ពិត​ដើម្បី​គាំទ្រ​គោលដៅ​របស់​ខ្លួន។ រាល់​ព្រឹត្តិការណ៍​ ឬ​គោល​នយោបាយ​ទាំង​ឡាយ​នៅ​ជុំវិញ​ពិភពលោក​អាច​ត្រូវ​យក​ទៅ​ប្រើ​ជា​អាវុធ​បាន​តាម​រយៈ​ការ​កុហក​និង​ការ​បកស្រាយ​ខុស។

ថ្មីៗ​នេះ យើង​បាន​ឃើញ​ករណី​នេះ​កើតឡើង​ចំពោះ​ប្រទេស​អ៊ុយក្រែន។ ការ​វាយប្រហារ​តាមរយៈ​ព័ត៌មាន​ប្រឌិត​នេះ​បាន​ឈាន​ដល់​ចំណុច​ខ្លាំង​បំផុត​នៅ​ចុង​ឆ្នាំ ២០២១ និង​ដើម​ឆ្នាំ ២០២២ នៅ​ពេល​ដែល​រុស្ស៊ី​ត្រៀម​លក្ខណៈ​ដើម្បី​ឈ្លានពាន​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា៖ «យើង [បាន​ឃើញ] កិច្ច​ប្រឹងប្រែង​ខ្លាំងក្លា​នៅក្នុង​ការ​ផ្សព្វផ្សាយ​ការ​ឃោសនា​ប្រឆាំង​នឹង​អ៊ុយក្រែន អង្គការ​អូតង់ (NATO) និង​សហរដ្ឋ​អាមេរិក»។

លោក Blinken បន្ត​ថា៖ «កិច្ច​ប្រឹងប្រែង​ទាំង​នេះ​មាន​ដូចជា​ប្រតិបត្តិការ​បង្ក​គ្រោះថ្នាក់​តាម​បណ្តាញ​សង្គម​អនឡាញ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ចំណុះ​ឱ្យ​ខ្លួន​ដោយ​បើក​ចំហ​ឬ​ដោយ​លាក់លៀម ការ​បញ្ចូល​ព័ត៌មាន​ប្រឌិត​ទៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​ទូរទស្សន៍​និង​វិទ្យុ ការ​រៀបចំ​សន្និសីទ​នានា​ក្នុង​គោល​បំណង​បំភាន់​អ្នក​ចូល​រួម​ឱ្យ​យល់​ខុស​ថា​ប្រទេស​អ៊ុយក្រែន មិនមែន​ប្រទេស​រុស្ស៊ី​នោះទេ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ភាព​តានតឹង​កើនឡើង​នៅ​ក្នុង​តំបន់ ការ​ប្រើប្រាស់​ប្រតិបត្តិការ​តាម​អនឡាញ​ដើម្បី​ធ្វើ​ឱ្យ​ខូច​មុខមាត់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​អនុវត្ត​ប្រតិបត្តិការ​ «hack and release» ដែល​ជា​ការ​ចូល​លួច​រួច​ទម្លាយ​ព័ត៌មាន​និង​សារ​គមនាគមន៍​សម្ងាត់​នានា»។

មធ្យោបាយ​តែ​មួយ​គត់​ដែល​យើង​អាច​ទប់ទល់​នឹង​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត ការ​ឃោសនា និង​ការ​បកស្រាយ​ខុស​ការពិត​នេះ​បាន គឺ​តាមរយៈ​ការ​ប្រាប់​ពី​ការពិត ដោយ​ជំទាស់​ទៅនឹង​ព័ត៌មាន​ប្រឌិត​ទាំងនោះ​មុន​ពេល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ កែប្រែ​ការ​យល់​ខុស​ក្រោយ​ពី​ព័ត៌មាន​ទាំងនោះ​ត្រូវ​បាន​ផ្សព្វផ្សាយ និង​បញ្ចេញ​ឱ្យ​ដឹង​អំពី​ភ្នាក់ងារ​និង​ស្ថាប័ន​ចំណុះ​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ទាំងនេះ ដើម្បី​ធ្វើ​ឱ្យ​គេ​លែង​ជឿ​លើ​ការ​អះអាង​ខុស​ទាំងនេះ។

នេះ​ជា​អ្វី​ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដើម្បី​ទប់ទល់​នឹង​ការ​ឃោសនា​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ថ្លែង​ថា៖ «យើង​បាន​ឃើញ​ការ​បង្កើត​ឆាក​នយោបាយ​មួយ​នៅ​ទីក្រុង​មូស្គូ ដែល​នោះ​គឺ​អំណះអំណាង​ចម្លែក​និង​គ្មាន​មូលដ្ឋាន​ដែល​ថា​ អ៊ុយក្រែន​រៀប​នឹង​ឈ្លានពាន​និង​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី ដែល​ថា​អ៊ុយក្រែន​បាន​ត្រៀម​ប្រើ​អាវុធ​គីមី ដែល​ថា​អ៊ុយក្រែន​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ ដែល​ទាំងនេះ​គឺជា​អំណះអំណាង​ដែល​គ្មាន​ភស្តុតាង។ ដូច្នេះ​ហើយ សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​រឿង​នេះ​ឱ្យ​ពិភពលោក​បាន​ដឹង»។

លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖ «យើង​បាន​ចែក​ផ្សាយ​ភស្តុតាង​ដែល​លែង​ចាត់ទុក​ថា​មាន​ភាព​សម្ងាត់​អំពី​ផែនការ ការ​វាយប្រហារ​តាម​អ៊ីនធឺណិត និង​លេស​មិន​ពិត​របស់​រុស្ស៊ី ដើម្បី​កុំ​ឱ្យ [ពិភពលោក] មាន​ការ​យល់​ច្រឡំ​ឬ​ត្រូវ​បាន​គេ​លាក់បាំង​អំពី​សកម្មភាព​ដែល [ប្រធានាធិបតី​រុស្ស៊ី] លោក [Vladimir] Putin កំពុង​ធ្វើ»។

ការ​លែង​ចាត់ទុក​ថា​ជា​រឿង​សម្ងាត់​និង​ការ​ចែក​ផ្សាយ​ជា​សាធារណៈ​នូវ​ព័ត៌មាន​សម្ងាត់​អំពី​ផែនការ​របស់​រុស្ស៊ី​គឺជា​វិធានការ​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក ដែល​បាន​បង្អាក់​កិច្ច​ប្រឹងប្រែង​របស់​លោក Vladimir Putin នៅ​ក្នុង​ការ​បង្កើត​នូវ​លេស​ដែល​នាំ​ឱ្យ​យល់​ខុស សម្រាប់​សង្គ្រាម​គិត​ទុក​ជា​មុន​ទាំង​ទទឹង​ទិស​និង​គ្មាន​មូលដ្ឋាន​របស់​លោក​ប្រឆាំង​នឹង​អ៊ុយក្រែន។

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​ថា៖ «មាន​រឿង​ពិត និង​មាន​រឿង​កុហក។ រឿង​កុហក​ត្រូវ​គេ​ផ្សព្វផ្សាយ​ដើម្បី​អំណាច​និង​ផល​ចំណេញ។ ហើយ​យើង​រាល់​គ្នា​មាន​ករណីយកិច្ច​និង​ការ​ទទួល​ខុស​ត្រូវ.... នៅ​ក្នុង​ការ​ការពារ​សច្ចភាព​និង​ផ្ចាញ់​រឿង​កុហក​ទាំង​នោះ»៕

XS
SM
MD
LG