Accessibility links

Breaking News

បទវិចារណកថា៖ ខួប​មរណភាព និង​គំរូ​របស់​លោក Boris Nemtsov


រូបឯកសារ៖ ស្ត្រី​ម្នាក់ បាន​លួង​លោម​កូនស្រី​របស់​លោក Boris Nemtsov គឺ​នាង Zhanna Nemtsova នៅ​កន្លែង​បញ្ចុះសព​លោក Boris Nemtsov បន្ទាប់ពី​ពិធី​បញ្ចុះ​សព​នៅ​ទីបញ្ចុះសព Troekurovskoye ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥។
រូបឯកសារ៖ ស្ត្រី​ម្នាក់ បាន​លួង​លោម​កូនស្រី​របស់​លោក Boris Nemtsov គឺ​នាង Zhanna Nemtsova នៅ​កន្លែង​បញ្ចុះសព​លោក Boris Nemtsov បន្ទាប់ពី​ពិធី​បញ្ចុះ​សព​នៅ​ទីបញ្ចុះសព Troekurovskoye ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អស់​រយៈពេល ៧ ឆ្នាំ​មក​ហើយ​ដែល​លោក Boris Nemtsov បាន​បូជា​ជីវិត​សម្រាប់​ការ​បម្រើ​ប្រទេស​ជាតិ​របស់​លោក។

កាលពី​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០១៥ លោក Nemtsov ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​រុស្ស៊ី​និង​ជា​អ្នក​រិះគន់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ត្រូវ​បាន​គេ​បាញ់​ជាច្រើន​គ្រាប់​ពី​ក្រោយ​ខ្នង នៅពេល​ដែល​លោក​ដើរ​កម្សាន្ត​នៅលើ​ស្ពាន Bolshoy Moskvoretsky ជាមួយ​មិត្ត​ស្រី​ជនជាតិ​អ៊ុយក្រែន​របស់​លោក។

ការ​ស៊ើបអង្កេត​លើ​អំពើ​ឃាតកម្ម​នេះ​ បាន​ឈាន​ទៅ​ដល់​ការ​ផ្តន្ទាទោស​បុរស​ជាតិសាសន៍ Chechen ៥ នាក់ ដែល​បាន​ស៊ី​ឈ្នួល​ធ្វើ​ឃាត ប៉ុន្តែ​មិន​បាន​រកឃើញ​អត្តសញ្ញាណ​របស់​អ្នក​ដែល​បញ្ជា​ឱ្យ​ធ្វើ​ឃាត​នោះទេ ដែល​គេ​នៅតែ​មិន​ដឹង​រហូត​មក​ដល់​ពេល​សព្វថ្ងៃ​នេះ។

អង្គការ​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​អឺរ៉ុប (OSCE) និង​អង្គការ​ក្រុមប្រឹក្សា​អឺរ៉ុប (Council of Europe) បាន​ស្នើ​ឱ្យ​អាជ្ញាធរ​រុស្ស៊ី​ធ្វើការ​ស៊ើបអង្កេត​ថ្មី​ប្រកប​ដោយ​តម្លាភាព ប៉ុន្តែ​អាជ្ញាធរ​រុស្ស៊ី​ បាន​ច្រានចោល​សំណើ​នោះ។

លោក Nemtsov គឺជា​អ្នក​កំណែ​ទម្រង់​ និង​ជា​សកម្មជន​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដែល​បម្រើ​ប្រទេស​រុស្ស៊ី​ក្នុង​តួនាទី​ជាច្រើន​ដូចជា​នៅក្នុង​រដ្ឋាភិបាល​ជាតិ នៅ​ក្នុង​សភា នៅ​ក្នុង​នាម​ជា​អភិបាល​នៃ​តំបន់ Nizhny Novgorod Oblast និង​នៅ​ក្នុង​នាម​ជា​មេដឹកនាំ​នយោបាយ​ជាដើម។ លោក​មាន​គោល​បំណង​ជួយ​ប្រជាពលរដ្ឋ​រុស្ស៊ី​ឱ្យ​មាន​សំឡេង​ប្រសើរ​ជាង​មុន​នៅក្នុង​ការ​ដឹកនាំ​ប្រទេស​របស់​ពួកគេ។

លោក ​គឺជា​អ្នក​រិះគន់​មិន​សំចៃ​មាត់​លើ​ការ​ប៉ុនប៉ង​របស់​រុស្ស៊ី​នៅក្នុង​ការ​កាន់កាប់​តំបន់ Crimea របស់​ប្រទេស​អ៊ុយក្រែន​កាលពី​ឆ្នាំ ២០១៤។

ជាង​នេះ​ទៀត លោក​ គឺជា​អ្នក​គាំទ្រ​នាំមុខ​ម្នាក់​លើ​ការ​តវ៉ា​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ដែល​ការ​តវ៉ា​នោះ​ ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅក្នុង​រដ្ឋធានី​មូស្គូ​នៅ​ថ្ងៃ​ទី ១ ខែ​មីនា​ឆ្នាំ ២០១៥ គឺ​ក្នុង​ពេល​ពីរ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក ​ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​អំពី​ខួប​នៃ​ការ​ស្លាប់​របស់​លោក អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​កត់​សម្គាល់​ថា៖ «ក្នុង​ចំណោម​គម្រោង​ចុងក្រោយ​របស់​លោក Nemtsov មុនពេល​លោក​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅក្នុង​ឆ្នាំ ២០១៥ របាយការណ៍​មួយ [របស់​លោក] បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​ធ្វើ​អន្តរាគមន៍​របស់​យោធា​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន ដែល​នេះ​ជា​អ្វី​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ច្រានចោល»។

លោក Price បាន​ប្រកាស​ថា កេរដំណែល​និង​ដួង​ព្រលឹង​របស់​លោក Nemtsov គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់ «នៅក្នុង​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​រុស្ស៊ី​ដ៏​អង់អាច​ក្លាហាន ដែល​បាន​ថ្កោលទោស​ជា​សាធារណៈ​លើ​ការ​ឈ្លានពាន​ជា​បន្ត​របស់​រដ្ឋាភិបាល​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ញ្ញត្តិ​ថ្កោលទោស​ការ​ឈ្លានពាន​នេះ​ដែល​ចុះ​ហត្ថលេខា​ដោយ​អ្នក​សារព័ត៌មាន​និង​អភិបាល​ក្រុង​រាប់​រយ​នាក់ និង​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​សង្គ្រាម​នេះ​រាប់​ពាន់​នាក់​ដែល​អាជ្ញាធរ​រុស្ស៊ី​បាន​ឃុំ​ខ្លួន​នៅក្នុង​រយៈពេល​កន្លងមក​ផងដែរ»។

លោក Price បាន​បន្ថែម​ថា ស្រប​ពេល​ដែល​រដ្ឋាភិបាល​រុស្ស៊ី​ប៉ុនប៉ង​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​និង​បង្ក្រាប​លើ​អ្នក​ប្រឆាំង «យើង​មាន​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ពលរដ្ឋ​នៅក្នុង​ប្រទេស​រុស្ស៊ី ដែល​ដើរ​តាម​គំរូ​របស់​លោក Boris Nemtsov និង​ហ៊ាន​និយាយ​ដោយ​ក្លាហាន​សម្រាប់​អ្វី​ដែល​ត្រឹមត្រូវ»៕

XS
SM
MD
LG